ព័ត៌មានជាតិ

មន្រ្តីៈច្រកព្រំដែនប៉ោយប៉ែតគឺចៀសមិនរួចពីការកកស្ទះដ្បិតយើងប្រើប័ណ្ណព្រំដែនស្កែន (QR CODE )

ដោយ : បន្ទាយ / ព្រំដែនកម្ពុជា ថៃ

មន្ត្រីបានអះអាងថា ចង់ឬមិនចង់ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកនាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជានិងស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ប្រទេសថៃចៀសមិនរួចពីកកស្ទះជារឿយៗ (មិនមែនត្រឹមម្តងម្កាលនោះទេ ) ដ្បិតជនកម្ពុជាដែលប្រើប្រាសប័ណ្ណព្រំដែន(Border Pass) ហើយតម្រូវស្កេន(QR CODE )ឆ្លងដែនក្នុង១ថ្ងៃៗមានចំនួនយ៉ាងតិចក៏ប្រមាណ២ម៉ឺននាក់ដែរ ។

ឥឡូវនេះ  មានចលនាសំណូមពរសុំអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ថៃ អនុញ្ញាតអោយប្រើកាតនិងបែបបទផ្សេងៗសម្រាប់ជនកម្ពុជា(ពលរដ្ឋ និងពលករ) ប្រើប្រាសក្នុងការឆ្លងដែន ។

ប្រតិកម្មបែបនេះកាលពីថ្ងៃទី១៥-១៦ខែធ្នូឆ្នាំ២០២៣ កើតឡើងបន្ទាប់ពីមានឧបទ្ទវហេតុកកស្ទះមនុស្ស នៅបញ្ជរស្កែនឃ្យូអ កូដ(ស្កេន(QR CODE )នៃអគារត្រួតពិនិត្យច្រកទ្ចារព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងភូមិប៉ោយប៉ែតសង្កាត់អូរជ្រៅនិងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពថ្ងៃទី១៣និង១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣ថា៖ មានប្រជាពលរដ្ឋនិងពលករកម្ពុជាដែលចេញនិងចូលប្រទេសកម្ពុជា ថៃមិនតិចជិតឬជាង២ម៉ឺននាក់ក្នុង១ថ្ងៃៗដែលចេញទៅប្រទេសថៃនៅតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ពោលគឺមានពលរដ្ឋនិងពលករកម្ពុជាប្រមាណជិតឬជាង១ម៉ឺននាក់ ចេញពីប្រទេសកម្ពុជាទៅថៃនិងត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញប្រមាណជិតឬជាង១ម៉ឺននាក់ក្នុង១ថ្ងៃៗ រាល់ថ្ងៃ ។

លោកបានបន្តថា :បច្ច័យមិនល្អតែងកើតឡើងដដែលៗ ដូចជាកាលពីរយៈពេល២ថ្ងៃមុននេះ  គឺមានការកកស្ទះជនកម្ពុជាដែលចេញ.ចូលច្រកទ្វារព្រំដែនអន្តរជាតិនេះ។

ក្នុងនោះមូលហេតុជាក់លាក់ មិនអាចចៀសបានដូចជា: ទី១-មកពីប្រព័ន្ធបច្ចេកវិទ្យាឧបករណ៍ឌីជីថលនិងអ៊ិនធឺណិតមានការរអាក់រអួលនៅពេលមន្ត្រីជំនាញនគរបាលអន្តោប្រវេសន៍តម្រូវឲ្យស្កែនលើប័ណ្ណព្រំដែនកម្ពុជា-ថៃ(QR Code) បន្ថែមពីលើការបោះត្រាចេញនិងចូល។

ទី២-ប្រជាពលរដ្ឋនិងអាជីវករខ្មែរលក់ដូរនៅផ្សាររោងក្លឿ ឃុំខ្លងលឹកស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវប្រទេសថៃ និងកម្មករ  រួមទាំងសិស្សានុសិស្សខ្មែរឆ្លងដែនប្រចាំថ្ងៃ ដ្បិតអាជ្ញាធរមានសមត្ថកិច្ចថៃលែងអនុញ្ញាតអោយដេកឬស្នាក់នោលើទឹកដីថៃដូចមុនឡើយ ។

ហេតុនេះការចរាចររបស់សិស្សជាកូនចៅរបស់អាជីវករខ្មែរដែលប្រកបរបរនៅផ្សាររោងក្លឿនិងផ្សារឥណ្ឌូចិន របស់ថៃព្រមទាំងពលរដ្ឋនិងពលករខ្មែរ មានចំនួនច្រើន ។

ហេតុនេះ ពួកគេចាំបាច់ត្រូវតែចេញនិងចូលតាមវេលាដូចតទៅ.: នៅពេលព្រឹកពីម៉ោង៨ដល់ម៉ោង១០ព្រឹកនិងនៅពេលរសៀលពីម៉ោង៦ដល់ម៉ោង៨យប់។

ចំណែកលោកវរសេនីយ៍ជួន សារី  នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអោយដឹងថា៖មន្ត្រីនគរបាលជំនាញនៅច្រកទ្វារបានខិតខំប្រឹងប្រែងសម្របសម្រួលនិងដោះស្រាយក្រោយមានការកកស្ទះប្រជាពលរដ្ឋកម្ពុជាចេញនិងចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ក្នុងនោះមន្ត្រី បានប្រើទូរសព្ទនិងចំណាយផ្ទាល់ខ្លួនដើម្បីជួយស្កែនQR Code នេះ ផង ។

ឲ្យបន្ថែមលើមូលហេតុ២ចំណុចដូចលោកប្រធានទីស្នាក់ការច្រកទ្វារអះអាងខាងលើ លោកបានបន្ថែមថា :ទី៣-ការកកស្ទះបែបនេះមិនកើតឡើងរាល់ថ្ងៃនោះទេ។វាកើតឡើងម្តងម្កាល ឬជួនកាលជារឿយៗ ។

គឺវាមាននៅពេលមានមនុស្សប្រើប័ណ្ណព្រំដែនដែលច្រើនលើសលុប.គឺពេលព្រឹកសម្រុកចេញ។

ទី៤- មានប័ណ្ណព្រំដែនខ្លះ ម្ចាស់មិនបានថែរក្សានិងប៉ះពាល់QR CODE  ដូចជារលុប , ដាច់រលាត់,ប្រឡាក់ដែលនាំអោយស្កែនមិនចង់ចេញ(មិនស្គាល់ : Do Not Suport ) ។

និងទី៤- ខូចប្រព័ន្ធ (Error System ) ជាដើម ។

ទាក់ទិនករណីនេះ  ពលករនិងពលរដ្ឋមួយចំនួនដែលជួបការលំបាកនឹងការយឺតយ៉ាវនិងកកស្ទះលើការស្កែនQR Code លើប័ណ្ណព្រំដែន(Border Pass) នេះ នៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ នេះ បានសំណូមពរទៅសម្តេចធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល, ទៅលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រសួង ពាក់ព័ន្ធថា ពួកគេសំណូមពរងាកមកចង់ប្រើកាត(រឹង) ,ប្រើលិខិតអនុញ្ញាតឆ្លងដែន(តម្លៃ១០បាត)និងបែបបទផ្សេងទៀតដែលងាយស្រួលត្រួតពិនិត្យ ហើយប្រើពេលវេលាឆាប់រហ័សជាងនេះក្នុងការបំពេញបែបបទឆ្លងដែន។

ព្រោះថា បរិមាណអ្នកឆ្លងដែនក្រៅពីអ្នកប្រើលិខិតឆ្កងដែន(Passport) ក៏បានកើនចំនួនច្រើនឡើងៗ ។

ក្នុងនោះ ប័ណ្ណព្រំដែន(Border Pass) ក៏សូមអោយសមត្ថកិច្ចនគរបាលអន្តោប្រវេស៍កម្ពុជានិងថៃ គ្រាន់តែប្រថាប់ត្រា(បោះត្រា)លើសន្លឹកសៀវភៅនេះដូចមុនវិញ ទើបបានលឿនជាងពេលបច្ចុប្បន្ន ៕