សន្ដិសុខសង្គម

តៃកុងរថយន្តឡង់គ្រីស័រកំពុងគេចខ្លួនក្រោយបុកអ្នកជិះម៉ូតូស្លាប់

ដោយ:សុខុម
ភ្នំពេញ៖ ករណីរថយន្តស៊េរីទំនើប ម៉ាកឡង់គ្រីស័រ បើកលឿនបុកម៉ូតូប៉ើងជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់បុរសម្នាក់កាលពីយប់ថ្ងៃទី១៥ធ្នូមកដល់ព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣អ្នកបើកបរបង្កមិនទាន់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នៅឡើយទេ។
ហេតុការណ៍រថយន្តបុកអ្នកជិះម៉ូតូស្លាប់ខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៥ធ្នូចំណុចមុខបុរីពិភពថ្មីគម្រោងទី១ លើផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលរាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថាសពជនរងគ្រោះជិះម៉ូតូឈ្មោះ មាស គង់ ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅខេត្តស្វាយរៀង។
មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1AU-0075 តាមបណ្តោយផ្លូវបេតុងពីកើតមកលិច។មកដល់ចំណុចកើតហេតុ ជិះឆ្លងផ្លូវ ស្របពេលនោះមានរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅពាក់ផ្លាកលេខ កម្ពុជា R.S.1206 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយជនបរទេស៣នាក់ទៀត ក្នុងល្បឿនលឿនបើកតាមបណ្តោយផ្លូវជាតិលេខ៣ពីជើងមកត្បូងក្នុងល្បឿនលឿនជ្រុលបុកម៉ូតូចំពាក់កណ្តាលពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូបោកក្បាល នៅនឹងផ្លូវស្លាប់ភ្លាមៗ។ រថយន្តបង្កបានបន្តល្បឿន បើករត់គេចខ្លួនបាត់ស្រមោល ទាំងដែលដាច់ផ្លាកលេខជាប់ជាមួយម៉ូតូ៕