អន្តរជាតិ

អត្ថាធិប្បាយ ៖ តើហេតុអ្វីបានជាពលរដ្ឋរុស្ស៊ីផ្តល់ការគាំទ្រដល់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការធ្វើសង្រ្គាមនៅអ៊ុយក្រែន?

ដោយ៖ អាឡិចសាន់ឌឺ ហ៊ីល

លោក ពូទីន មានការជឿជាក់ថាខ្លួននឹងឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដែលជាអាណត្តិប្រធានាធិបតីរុស្ស៊ីទីប្រាំរបស់គាត់។ លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា លោកមានមហិច្ឆតាឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤ខាងមុខនេះ សម្រាប់អាណត្តិប្រធានាធិបតីរុស្ស៊ីទីប្រាំ។

រឿង​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​តិច​តួចដោយហេតុថាលោកពូទីនបានដឹកនាំប្រទេសរុស្ស៊ីអស់រយៈពេល ២៤ ឆ្នាំរួចមកហើយបើតាមការស្ទង់មតិបានបង្ហាញថាសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែនបានជំរុញឲ្យពលរដ្ឋរុស្សីបន្តការគាំទ្រដល់រូបគាត់។

អ្នកបោះឆ្នោតរុស្ស៊ីនៅមជ្ឈមណ្ឌល Levada បានធ្វើការស្ទង់មតិកាលពីខែកញ្ញាអំពីនិន្នាការរបស់ពលរដ្ឋរុស្ស៊ីចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នៅក្នុងពេលដែលត្រូវបានសួរថាតើពួកគេគាំទ្រសង្រ្គាមស្ស៊ីនៅអ៊ុយក្រែនដែរឬទេ ៧៣ ភាគរយនៃអ្នកឆ្លើយតបបាននិយាយថា “គាំទ្រ” ។ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដែលជាខែនៃការលុកលុយរបស់រុស្ស៊ីចូលទៅក្នុងទឹកដីអ៊ុយក្រែន៦៨ ភាគរយបានគាំទ្រ។

អ្នក​ខ្លះ​ប្រហែល​ជា​មាន​ការ​សង្ស័យ​ចំពោះ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​រុស្ស៊ី ប៉ុន្តែមានរឿងដែល​គួរ​កត់​សម្គាល់​ថា តួលេខ​ទាំង​នេះ​គឺបានមក​ពី​អង្គការ​មួយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​ចាត់​ទុក​ថា​ជា “ភ្នាក់ងាររបស់​បរទេស”។ គឺមិនសំខាន់ទេថាអ្នកណាជាអ្នកបោះឆ្នោតបើតាមទិន្នន័យបង្ហាញថាប្រជាជនរុស្ស៊ីភាគច្រើនគាំទ្រសង្គ្រាមប្រឆាំងអ៊ុយក្រែន។

បើតាមការស្ទង់មតិថ្មីៗបន្ថែមទៀតដោយមូលនិធិទស្សនៈសាធារណៈរបស់រុស្ស៊ីបានបង្ហាញថាប្រហែល ៧៨ ភាគរយនៃប្រជាជនរុស្ស៊ីបានគាំទ្រលើការដឹកនាំរបស់លោកពូទីន។

តែក៏មានសញ្ញាបង្ហាញពីការធ្លាក់ចុះនៃការគាំទ្រចំពោះការបន្តធ្វើសង្រ្គាមរបស់លោកពូទិននៅអ៊ុយក្រែន នៅចុងឆ្នាំ ២០២២។ នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ រដ្ឋាភិបាលរុស្ស៊ីបានចាប់ផ្តើមបញ្ជូនទ័ពបម្រុងដ៏សំខាន់ដើម្បីវាយលុកយកជ័យជំនះនៅលើសមរភូមិអ៊ុយក្រែនទីមួយគឺហ។ហ៊ុមព័ទ្ធទីក្រុង Kyiv និងបន្ទាប់មកវាយយកក្រុង Kharkhiv ។ កត្តានេះហើយបាននាំឲ្យយុវជនរុស្សីជាច្រើនរត់ចេញពីប្រទេស ដើម្បីគេចពីកំណែនកងទ័ព។

ក្រោយមកកងកម្លាំងរុស្ស៊ីថមថយកម្លាំងប្រយុទ្ធហើយក៏បានដកថយពីទីតាំងឈរជើងដ៏រឹងមាំរបស់ពួកគេនៅច្រាំងខាងលិចនៃទន្លេ Dnipro នៅ Kherson ។ ភាពមិនអំណោយផលក្នុងការធ្វើសង្គ្រាមក្នុងទឹកដីអ៊ុយក្រែនបានបង្កឲ្យពលរដ្ឋរុស្សីមិនពេញចិត្តជាមួយនឹងស្ថានភាពនេះ។នៅក្នុងខណ:ពេលដែលខ្ញុំបានទៅទស្សនាក្រុងម៉ូស្គូ និង Murmansk កាលពីខែតុលា ឆ្នាំ ២០២២ ប្រជាជនរុស្ស៊ីបានបង្ហាញពីទស្សន:មួយចំនួនទាក់ទងនឹងការបោះឆ្នោតដោយលើកឡើងពីបញ្ហាសង្គ្រាមរបស់រុស្សីបដែលកំពុងធ្លាក់ក្នុងស្ថានមួយមិនច្បាស់លាស់។

រដ្ឋាភិបាលរុស្ស៊ីមិនលើកលែងចំពោះអ្នកចេញមុខប្រឆាំងជាសាធារណៈលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ឬនិយាយាប៉ះពាល់ដល់នយោបាយធ្វើសង្រ្គាមរបស់លោកពូទីន។ កត្តាទាំងនេះគឺជាហេតុផលរួមនាំឲ្យមានផលប៉ះពាល់មួយចំនួនលើប្រជាប្រិយភាពរបស់លោកពូទិនសម្រាប់ការបោះឆ្នោត។ ការបរាជ័យ​របស់កងទ័ព​អ៊ុយក្រែន​​ក្នុងការ​វាយលុក​នៅ​រដូវក្តៅ​​បានជម្រុញឲ្យមាន​​ទំនុកចិត្តតិចតួចឡើងវិញពីពលរដ្ឋរុស្សី។ រឿងដ៏រសើបជាងនេះទៅទៀតនោះគឺរដ្ឋាភិបាលរុស្ស៊ីនៅតែរក្សាការសម្ងាត់នូវចំនួនទាហានរុស្ស៊ីដែលត្រូវបានសម្លាប់នៅអ៊ុយក្រែន។

ខ្ញុំបានរកឃើញបញ្ហាមួយចំនួននៅក្នុងអំឡុងពេលដែលស្នាក់នៅក្នុងទីក្រុងមូស្គូ និង Ryazan ក្នុងខែវិច្ឆិការដោយមើលឃើញថាមានពលរដ្ឋរុស្ស៊ីវ័យចំណាស់ជាច្រើន ជាពិសេសមកពីមជ្ឈដ្ឋានខុសៗគ្នាបានបង្ហាញពីការគាំទ្រដល់គោលនយោបាយធ្វើសង្រ្គាមរដ្ឋាភិបាលរុស្ស៊ី។

  • អធិប្បាយអំពីការគាំទ្រនយាបាយធ្វើសង្គ្រាមរបស់រុស្សី

ដោយសារតែមានការរួបរួមគ្នាគាំទ្រគោលនយោបាយរដ្ឋាភិបាលរុស្ស៊ីក្នុងការឆ្លើយតបនឹងសង្គ្រាមភូមិសាស្ត្រនយោបាយរបស់លោកខាងលិចដែលជាកត្តាចម្បងជំរុញឲ្យមានសង្រ្គាមផ្ទុះឡើង។

ពលរដ្ឋរុស្ស៊ីភាគច្រើនប្រាកដជាទទួលយកការបកស្រាយរបស់រដ្ឋាភិបាលលើដើមចមនៃសង្គ្រាមនេះ។ ហេតុផលទាំងនោះមិនដូចទស្សន:របស់ពួកគេដែលបានធ្វើការឆ្លុះបញ្ចាំងលើបញ្ហាពាក់ព័ន្ធនឹងសង្រ្គាមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នោះទេ។

បកមកនិយាយចាប៉ពីខែកុម្ភៈឆ្នាំ ២០២២ គឺរុស្ស៊ីបានចាប់ផ្តើមធ្វើសង្រ្គាមនៅលើទឹកដីអ៊ុយក្រែនដោយយកលេសថារុស្ស៊ីការពារសិទ្ធិជនជាតិភាគតិចរុស្ស៊ីដែលបំបែកខ្លួននៅតំបន់ Donbas និងប្រឆាំងការឈ្លានពានរបស់ណាតូចូលទៅក្នុងទឹកដីអតីតអវកាសសូវៀត។ “de-Nazification” នៃភាគខាងកើតអ៊ុយក្រែនក៏ត្រូវបានរងការវាយប្រហារផងដែរ។

ការការពារសិទ្ធិជនជាតិភាគតិចរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការគាំទ្រក្នុងកម្រិតមួយដោយសារតែប្រជាជនរុស្ស៊ីមានការជឿជាក់លើដើមចមនៃសង្រ្គាមនេះ។ ក៏ប៉ុន្តែបើទោះជាមានការពង្រីកខ្លួនរបស់អង្គការណាតូដែលជាការគំរាមកំហែងមកលើរុស្សីក៏ដោយក៏មិនអាចយកធ្វើជាអំណះអំណាងសម្រាប់ជាដើមចមក្នុងការធ្វើសង្គ្រាមនៅក្នុងពេលនោះទេ។ លើសពីនេះទៀតនោះរុស្សីបានបំផុសគំនិតថ្មីៗដោយចោទលោកខាងលិចថាកំពុងលាក់ពុតដើម្បិកំចាត់រុស្សីនិងឈានទៅ “លុបបំបាត់” ឥទ្ធិពលអំណាចនយោបាយ និងសេដ្ឋកិច្ចរបស់រុស្ស៊ីនៅក្នុងតំបន់អ៊ីរ៉ុបទាំងមូល។

ទឹកលុយបានដើរតួយ៉ាងសំខាន់ដើម្បីរក្សាលំនឹងនៃការគាំទ្ររបស់កងទ័ពរុស្សី រដ្ឋាភិបាល​រុស្ស៊ី​បាន​ដំឡើង​ប្រាក់​ឈ្នួល​ដល់កងទ័ព​ដើម្បីលើកទឹកចិត្តនិងដើម្បី​រក្សា​ភាពស្មោះត្រង់។ គិតត្រឹមខែកញ្ញាកន្លងទៅ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែដែលត្រូវបានផ្តល់ជូនដល់អ្នកដែលចុះឈ្មោះគឺមានចំនួនបីដងនៃមធ្យមភាគរបស់ថវិការជាតិ។ កាល​ពី​ខែ​មិថុនា រដ្ឋាភិបាល​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដំឡើង​ប្រាក់​ខែដល់​កងទ័ពចំនួន១០,៥ ភាគរយបន្ថែមទៀត។

  • ការលាក់ពុតរបស់លោកខាងលិចគ្រាន់តែជាល្បែងក្នុងដៃរុស្ស៊ី

តាមរយៈ​សកម្មភាព​របស់​មហាអំណាច​លោកខាងលិច​បាន​បង្ក​ឲ្យមានភាពងាយស្រួល​ដល់​រដ្ឋាភិបាល​រុស្ស៊ី​ក្នុងការ​លាតត្រដាងពី​ការលាក់ពុត​របស់​លោកខាងលិច។ ការគាំទ្ររបស់លោកខាងលិចដោយមិនងាករេចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាជាសញ្ញាបញ្ជាក់ថា សហរដ្ឋអាមេរិកមានស្តង់ដាពីរដូចជាច្បាប់មួយសម្រាប់មិត្តរបស់ខ្លួន និងច្បាប់មួយទៀតសម្រាប់សត្រូវរបស់ខ្លួន។

អ៊ីស្រាអែល​ដែល​គាំទ្រ​ដោយ​អាមេរិក​បាន​និង​កំពុង​សម្លាប់​ជន​ស៊ីវិល​ក្នុង​អត្រា​លើស​ពី​អ្វី​ដែល​កម្លាំង​រុស្ស៊ី​បាន​ធ្វើ​នៅ​អ៊ុយក្រែន។ ហើយខណៈពេលដែលមន្ត្រីលោកខាងលិច បានថ្កោលទោសភ្លាមៗចំពោះការវាយប្រហាររបស់រុស្ស៊ីលើជនស៊ីវិលនៅ​អ៊ុយក្រែន ចំណែកការថ្កោលទោសចំពោះសកម្មភាពរបស់អ៊ីស្រាអែលត្រូវបានបំបិទចោលទៅវិញ។

ជាងនេះទៅទៀតលោកខាងលិចបានដាក់សេដ្ឋកិច្ចរុស្ស៊ីឲ្យនៅឯកោដូច្នេះហើយធ្វើឲ្យការបកស្រាយរបស់រដ្ឋាភិបាលរុស្ស៊ីដែលចោទថាលោកខាងលិចចង់លុបបំបាត់ប្រទេសរុស្ស៊ីចេញពីពិភពលោកនោះគឺវាកាន់តែងាយស្រួលក្នុងការបញ្ចុះបញ្ចូលពលរដ្ឋជាសាធារណៈឲ្យមានការគាំទ្រដល់នយោបាយរបស់រដ្ឋាភិបាលរុស្ស៊ី។

ក្នុងពេលជាមួយគ្នានេះលោកខាងលិចក៏បានធ្វើឲ្យលេចចេញជាកំហុសមួយចំនួនដែលធ្វើឲ្យកាន់តែងាយស្រួលសម្រាប់រដ្ឋាភិបាលរុស្ស៊ីបង្ហាញពលរដ្ឋខ្លួនថាកំពុងប្រយុទ្ធប្រឆាំងនឹងពួកហ្វាស៊ីសនិយមនៅអ៊ុយក្រែន។ ជម្លោះ Yaroslav Hunka ថ្មីៗនេះ នៅក្នុងសភាកាណាដា គឺជាអំណោយផលសម្រាប់រដ្ឋាភិបាលរុស្ស៊ីឃោសនាប្រឆាំងនឹងលោកខាលិច។

  • ចំណងសេដ្ឋកិច្ចថ្មី

ការដាក់ទណ្ឌកម្មរបស់លោកខាងលិចដែលមិនធ្លាប់មានពីមុនមកក្នុងគោលបំណងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីនៅឯកោពីពិភពលោកហើយចុះខ្សោយដែលជាគន្លឺះធ្វើឲ្យរុស្សីមិនទទួលបានជោគជ័យក្នុងការធ្វើសង្រ្គាមនៅអ៊ុយក្រែន។

ផ្ទុយទៅវិញ វាបានប្រែក្លាយទៅជាការបង្កឲ្យមានភាពច្របូកច្របល់នៅក្នុងប្រទេសលោកខាងលិចហាក់ដូចជាជួយជំរុញឲ្យរុស្ស៊ីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយចិន និងដៃគូអន្តរជាតិផ្សេងទៀត។

លោកពូទីនបានលើកសរសើរនូវអ្វីដែលលោកហៅថាសមត្ថភាពរបស់រុស្ស៊ីក្នុងការ “ផ្តល់ធនធានធម្មជាតិយ៉ាងពេញលេញដល់ពិភពលោក”។ ខណៈដែលអតិផរណាមានកម្រិតខ្ពស់ ហាងលក់ដូររបស់រុស្ស៊ីនៅតែពេញដដែល ហើយភាពអត់ការងារធ្វើនៅតែមានកម្រិតទាបដូចធម្មតា។ ថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីសម្រាប់ឆ្នាំ ២០២៤ ប៉ុន្តែការព្យាករនោះនៅតែមានអំណោយផលបើធៀបទៅនឹងប្រទេសដូចជាកាណាដា បារាំង អ៊ីតាលី និងចក្រភពអង់គ្លេសជាដើម។

តើគួរ​ឲ្យ​សរសើរដែ​រឬ​ទេ​ចំពោះសមត្ថភាព​របស់​រុស្ស៊ី​ក្នុង​ការ​ទប់ទល់​នឹង​ទណ្ឌកម្ម​និង​ការ​ប្រយុទ្ធ​ប្រឆាំង​របស់លោកខាងលិចនិង​ណាតូ​ដើម្បីជួយដល់​អ៊ុយក្រែនបានប្រែក្លាយទៅជា​ការ​រួម​ចំណែក​ជួយឲ្យមាន​ការ​កើន​ឡើង​នូវ​ការ​គាំទ្រដល់​រដ្ឋាភិបាល​រុស្សី​ជាសាធារណៈ​ចំពោះការធ្វើ​សង្រ្គាម​និង​សម្រាប់​លោក​ពូទីនបន្តកាន់អំណាចជាបន្តទៅទៀត។

សូមបញ្ជាក់ថា៖ អាឡិចសាន់ឌឺ ហ៊ីល គឺជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រយោធានៅសាកលវិទ្យាល័យកាល់ហ្គារី។ ការអត្ថាធិប្បាយនេះត្រូវបានចេញផ្សាយជាលើកដំបូងនៅលើ The Conversation ។

ប្រភព៖ Others/el