អន្តរជាតិ

សភាអាមេរិកអនុម័តច្បាប់ថវិកាការពារជាតិចំនួន ៨៨៦ ពាន់លានដុល្លារ

ប្រែសម្រួល៖សហការី

វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ធ្នូ សភាអាមេរិកបានអនុម័តថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់គួរឲ្យភ្ញាក់ផ្អើលរហូតដល់ ៨៨៦ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៤ដោយរួមបញ្ចូលទាំងការចំណាយលើគម្រោងពង្រីកប្រព័ន្ធឃ្លាំមើលអេឡិចត្រូនិកដ៏ស្មុកស្មាញខាងក្រៅប្រទេសសម្រាប់បំរើសេវាស៊ើបការណ៍សម្ងាត់របស់អាមេរិក។

ច្បាប់ថវិកាសម្រាប់ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានអនុម័តនៅក្នុងសភាតំណាងរាស្រ្តបន្ទាប់ពីការបោះឆ្នោតនៅព្រឹទ្ធសភាកាលពីថ្ងៃពុធបានផ្តល់ប្រាក់រាប់ពាន់លានដុល្លារដើម្បី “ពង្រឹងរបាំងការពាររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” សម្រាប់ទប់ទល់នឹងការកើនឡើងនូវឥទ្ធិពលចិននៅក្នុងតំបន់។

ច្បាប់ថវិកានេះក៏បានពង្រីកនូវកម្មវិធីជំនួយយោធាដល់អ៊ុយក្រែន ដែលអនុញ្ញាតឲ្យមានការបញ្ចេញសាច់ប្រាក់ជាបណ្តើរៗចំនួន ៣០០ លានដុល្លារសម្រាប់ទីក្រុង Kyiv ផងដែរ។

ទឹកប្រាក់នោះមានចំនួនតិចជាង ៦១ ពាន់លានដុល្លារអាមេរិកដែលជាថវិកាស្នើឡើងដាច់ដោយឡែកដោយប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែនទៅកាន់សភាកាលពីចុងឆ្នាំនេះ ដែលជាកញ្ចប់ដ៏ធំសម្បើមសម្រាប់អ៊ុយក្រែនដែលនៅជាប់គាំងនិងរង់ចាំពិភាក្សានៅពេលក្រោយទៀត។

ច្បាប់ថវិកានេះត្រូវបានពន្យារពេលជាច្រើនខែផងដែររួមទាំងច្បាប់គ្រប់គ្រងការឃ្លាំមើលប្រព័ន្ធអេឡិចត្រូនិកនៅខាងក្រៅប្រទេស។

កម្មវិធីនេះអនុញ្ញាតឲ្យផ្តល់សេវាកម្មផ្នែកសន្តិសុខស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកក្រោមកម្មវិធីឃ្លាំមើលតាមប្រព័ន្ធអេឡិចត្រូនិក រួមទាំងតាមរយៈការលួចបន្លំអ៊ីម៉ែលរបស់ជនដែលមិនមែនសញ្ជាតិអាមេរិកនៅបរទេស ដោយមិនចាំបាច់ស្វែងរកដីការបស់តុលាការដើម្បីចាប់ខ្លួននោះទេ។

នាយក FBI លោក Christopher Wray នៅសប្តាហ៍នេះ បានជំរុញឲ្យសភាអាមេរិកបន្តសុពលភាពច្បាប់នេះ ដោយលើកហេតុផលថា ការអនុញ្ញាតឲ្យលុបចោលស្មើនឹង “ការរំសាយអាវុធជាឯកតោភាគី” ។

ច្បាប់ថវិកា​ថ្មី​នេះ​ក៏មាន​ផ្តល់​ការ​ដំឡើង​ប្រាក់​ខែ​ប្រាំ​ភាគរយ​ដល់​បុគ្គលិក​យោធា​ផង​ដែរ។

ច្បាប់ថវិកា​ថ្មីនេះមិនរួមបញ្ចូលវិធានការបន្ថែមដែលដាក់ចេញដោយគណបក្សសាធារណរដ្ឋដើម្បីរឹតបន្តឹងការរំលូតកូនសម្រាប់បុគ្គលិកយោធា និងហាមឃាត់មន្ទីរបញ្ចកោណពីការបង្ហោះទង់ LGBT នៅលើមូលដ្ឋានរបស់ខ្លួន។

ច្បាប់ថវិកា​ថ្មីដែលមានច្រើនជាង ៣,០០០ ទំព័រឥឡូវនេះនឹងបញ្ជូនទៅកាន់តុប្រធានាធិបតីលោក Joe Biden សម្រាប់ការអនុម័តនិងចុះហត្ថលេខាជាកិច្ចបញ្ចប់៕

ប្រភព៖ AFP/fs