សន្ដិសុខសង្គម

រថយន្តទំនើបម៉ាកJeepបុកអ្នកជិះម៉ូតូឆ្លងផ្លូវស្លាប់ហើយគេចខ្លួនបាត់

ដោយ:សុខុម
ភ្នំពេញ៖ បុរសអ្នកបើកបរម៉ូតូម្នាក់ទទួលរងគ្រោះថ្នាក់បាត់បង់ជីវិតដោយសារតែរថយន្តទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនបុកផ្លោងជាច្រើនម៉ែត្របោកក្បាលផ្ទុបនឹងបង្គោលស្លាកសញ្ញា កាលពីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣លើផ្លូវ៣១៧កែងផ្លូវ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ សៀងគីមហុង អាយុ២៩ឆ្នាំ រស់នៅផ្ទះលេខ១១អឺ០ ផ្លូវលេខ២៧ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។


សាក្សីជាសន្តិសុខម្នាក់ក្បែរកន្លែងកើតហេតុបានឲ្យដឹងថាបុរសជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ-1DF-5396 ធ្វើដំណើរមកដល់ផ្លូវ៥៦៦តែម្នាក់ឯង ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ឆ្លងផ្លូវបែកជាបួន ពេលគាត់កំពុងឆ្លងដល់ពាក់កណ្តាលផ្លូវមានរថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿនជ្រុលបុកម៉ូតូហើយម្ចាស់ម៉ូតូបោកក្បាលស្លាប់។ម៉ូតូជនរងគ្រោះកៀបជាប់នៅក្រោមរថយន្ត អូសទៅមុខជាច្រើនម៉ែត្រ ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួច ។ភ្លាមៗមានរថយន្តមួយគ្រឿងទៀត មកដឹកយកអ្នកបើករថយន្តបង្កគេចខ្លួនបាត់ទាំងយប់៕