អន្តរជាតិ

យក្សចិនចោទប្រកាន់តៃវ៉ាន់ថាបានបង្កើតរបាំងពាណិជ្ជកម្មអសមធម៌នៅមុនការបោះឆ្នោត

ប្រែសម្រួល៖ សហការី

នៅថ្ងៃសុក្រ ទី១៥ ធ្នូ នេះចិនបានអះអាងថាយោងតាមការស៊ើបអង្កេតរបស់ខ្លួនចិនបានរកឃើញថា តៃវ៉ាន់កំពុងបង្កើតរបាំងពាណិជ្ជកម្មអសមធម៌។ ក៏ប៉ុន្តែការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាលតៃប៉ិហៅថាជាការប៉ុនប៉ងជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតនៅខែក្រោយ។

ចិនដីគោគបាននិយាយកាលពីខែតុលាថា រដ្ឋាភិបាលខ្លួនកំពុងបន្តស៊ើបអង្កេតរហូតដល់ថ្ងៃទី ១២ មករា ២០២៤ ឲ្យរួចរាល់នៅមុនថ្ងៃបោះឆ្នោតប្រធានាធិបតី និងសភារបស់តៃវ៉ាន់។

តៃវ៉ាន់​តែងតែ​ចោទ​ក្រុង​ប៉េកាំង​ថា​ប៉ុនប៉ងប្រើឥទ្ធិពលរបស់ខ្លួនដើម្បីដាក់​សម្ពាធ​ទាំងខាង​យោធា និង ​សេដ្ឋកិច្ចក្នុងចេតនាដាក់កោះតៃវ៉ាន់ឲ្យស្ថិតនៅក្រោមដែនអធិបតេយ្យភាពរបស់ខ្លួន។

ក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ខ្លួនបានរកឃើញថា តៃវ៉ាន់បានដាក់របាំងពាណិជ្ជកម្មដោយផ្ទុយពិច្បាប់អង្គការពាណិជ្ជកម្មពិភពលោកដោយគូសបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលចិនបានចុះហត្ថលេខាកាលពីឆ្នាំ ២០១០ ជាមួយតៃវ៉ាន់បានជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនចិន។

ក្រសួង​បាន​ប្រកាស​ពី​វិធានការឆ្លើយ​តបក៏ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថាតើការស៊ើបអង្កេតនេះត្រូវបានបញ្ចប់រួចរាល់ហើយឬនៅ។

ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ភស្តុតាងដែលទទួលបានពីការស៊ើបអង្កេតគឺច្បាស់លាស់ណាស់។

ចិនបាននិយាយថា “យើងគាំទ្រការតាមដានស្រាវជ្រាវរបស់អាជ្ញាធរពាក់ព័ន្ធយើងនិងចាត់វិធានការឲ្យស្របគ្នាដោយអនុលោមតាមបទប្បញ្ញត្តិដោយផ្អែកលើការរកឃើញភស្តុតាងចុងក្រោយក្នុងការស៊ើបអង្កេតលើរបាំងពាណិជ្ជកម្មរបស់តៃវ៉ាន់”។

រដ្ឋាភិបាលតៃវ៉ាន់បានថ្លែងកាលពីថ្ងៃសុក្រថា តៃវ៉ាន់មានឆន្ទៈក្នុងការសន្ទនាជាមួយចិនដើម្បីរកដំណោះស្រាយលើការចោទប្រកាន់លើបញ្ហារបាំងពាណិជ្ជកម្មប្រឆាំងនឹងកោះតៃវ៉ាន់។

លោក James Hsiao អ្នកនាំពាក្យការិយាល័យពាណិជ្ជកម្មតៃវ៉ាន់បាននិយាយថា “ប្រសិនបើប្រទេសចិនប្រកាន់ជំហរស្មោះត្រង់ទៅវិញទៅមកនោះយើងអាចនិយាយគ្នាបាននៅគ្រប់ពេលវេលា។ ភាគីទាំងពីរជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ហើយសម្រាប់ជម្លោះពាណិជ្ជកម្មគឺត្រូវបានដោះស្រាយដោយអនុលោមតាមយន្តការរបស់ WTO” ។

យោងតាមការស្ទង់មតិ បានឲ្យដឹងថា លោក Lai Ching-te មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច គឺជាអ្នកនាំមុខគេក្នុងការជ្រើសតាំងជាប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់។ ចិន​ស្អប់​គាត់ខ្លាំងណាស់ហើយបានចាត់ទុកគាត់​ថា​ជា​ជន​ផ្តាច់ខ្លួន ហេតុនេះហើយចិន​បាន​បដិសេធ​សំណើ​ចរចា​របស់តៃវ៉ាន់ម្តង​ហើយ​ម្តងទៀត​៕

ប្រភព៖ Reuters/at