សន្ដិសុខសង្គម

បន្ទប់ជួលចំនួន៣និងទ្រព្យសម្បត្តិទាំងប៉ុន្មានបានរងការខូចខាតដោយសារទុស្សខ្សែភ្លើងបង្កជាអគ្គីភ័យ

ដោយ៖ កំចាយ

កំពត÷ ដោយសារទុស្សេខ្សែភ្លើងបង្កជាអគ្គីភ័យបានបណ្តាលឲ្យបន្ទប់ជួលចំនួន៣ និងទ្រព្យសម្បត្តិទាំងប៉ុន្មានបានរងការខូចខាតគ្មានសល់។ ករណីនេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

លោក កុល ណារុំ អធិការរងនគរបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា កាលវេលាម៉ោង៦ និង៥០នាទីល្ងាចថ្ងៃទី១៤ ខែធ្នូ មានករណីអគ្គីភ័យបានកើតឡើងលើផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរបង្កការភ្ញាក់ផ្អើលទាំងព្រលប់។ ដោយសារផ្ទះបានបិទទ្វារជិតដោយមិនមានអ្នកណានៅផងនោះ កម្លាំងសមត្ថកិច្ចជួបភាពលំបាកក្នុងការសម្រុកចូលពន្លត់ទើបអំណាចភ្លើងបានឆាបឆេះខូចខាតអស់បន្ទប់ចំនួន៣ ក្នុងចំណោមបន្ទប់ជួលជាច្រើនរបស់ឈ្មោះ អ៊ុយ ណាម ភេទស្រី អាយុ ៧៤ឆ្នាំ។

លោកអធិការរងបានបញ្ជាក់ថា ក្រោយកិច្ចអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តចំនួន៣គ្រឿង និងកងរាជអាវុធហត្ថខេត្ត១គ្រឿង ឃើញថាទ្រព្យសម្បត្តិដែលមាននៅក្នុងបន្ទប់ទាំង៣គឺខូចខាតអស់ទាំងស្រុង។ ប៉ុន្តែ ទំហំនៃការបាត់បង់មានតម្លៃប៉ុន្មាន សមត្ថកិច្ចមិនទាន់បានដឹងច្បាស់លាស់នៅឡើយ។ ករណីនេះគឺបានផ្តើមឡើងដោយសារទុស្សេចរន្តអគ្គិសនី ពោលគឺមិនបានបង្កឡើងពីជនណាម្នាក់ទេ៕