អន្តរជាតិ

កូរ៉េខាងត្បូងប្រឆាំងនឹងការរំលោភរបស់រុស្ស៊ីនិងចិនលើដែនអាកាសរបស់ខ្លួន

ប្រែសម្រួល៖ សហការី

សេអ៊ូល៖ នៅថ្ងៃសុក្រ ទី១៥ ធ្នូនេះ ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង បានធ្វើការចោទប្រកាន់ថាប្រទេសចិន និងរុស្ស៊ីបានរំលោភលើ​ដែនអាកាសរបស់ខ្លួន។ ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងបានសម្តែងការសោកស្តាយនិងបានធ្វើការតវ៉ាជុំវិញការឈ្លានពានតំបន់ការពារដែនអាកាសរបស់ខ្លួន ដោយកងយន្តហោះយោធារបស់ប្រទេសចិន និងរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសេចក្តីប្រកាសអំពីការរំលោភលើតំបន់ការពារដែនអាកាសរបស់ខ្លួន ដោយកងយន្តហោះយោធារបស់ប្រទេសចិន និងរុស្ស៊ីនេះត្រូវបានបញ្ជូនដោយប្រធានការិយាល័យគោលនយោបាយអន្តរជាតិរបស់ក្រសួងការពារជាតិទៅកាន់មន្ត្រីសេនានុព័ន្ធយោធាប្រចាំស្ថានទូតចិន និងរុស្ស៊ីក្នុងទីក្រុងសេអ៊ូល។

ក្រសួង​ការពារជាតិបាន​និយាយ​ថា៖ ” ​ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េ​មាន​ការ​សោកស្ដាយ​ចំពោះ​ប្រទេស​ទាំង​ពីរ​ដែលបានបញ្ជាកងយន្តហោះយោធាធ្វើ​ការ​ហោះហើរនៅ​ជិត​ដែន​អាកាស​របស់​យើងដែលជាតំបន់​រសើប​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន​”​។

កូរ៉េខាងត្បូង និងជប៉ុន បានបញ្ចេញយន្តហោះចម្បាំងបណ្តេញយន្តហោះយោធាចិន ២គ្រឿង និងរុស្ស៊ី ៤គ្រឿងដែលបានហោះពីលើដែនសមុទ្ររបស់ប្រទេសទាំងពីរ ហើយហួសចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។

តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស គឺជាតំបន់មួយដែលប្រទេសនានាអាចទាមទារឯកតោភាគីសម្រាប់កំណត់ផ្លូវហោះហើររបស់យន្តហោះបរទេសនិងសម្រាប់ចាត់វិធានការចាំបាច់ណាមួយជាពិសេសដើម្បីកំណត់អត្តសញ្ញាណខ្លួនឯង នេះបើយោងតាមច្បាប់អង្គការអាកាសចរណ៍ស៊ីវិលអន្តរ
ជាតិ។

ទីក្រុងមូស្គូបដិសេធមិនទទួលស្គាល់តំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូងនោះទេ។ ចំណែកទីក្រុងប៉េកាំងបាននិយាយថា តំបន់នេះមិនមែនជាដែនអាកាសលើទឹកដីកូរ៉េនោះទេ ហើយប្រទេសទាំងអស់គួរតែបើកលំហសេរីភាពនៃការហោះហើរ៕

ប្រភព៖ Reuters/ec