អន្តរជាតិ

អត្ថាធិប្បាយ ៖ នយោបាយការទូតដើមឫស្សី គឺជាគន្លឺះដ៏សំខាន់ក្នុងការទាក់ទាញអាមេរិកនិងចិនឲ្យប្រជែងគ្នាយកវៀតណាម

ប្រែសម្រួល៖ សហការី

ឆ្នាំនេះនៅក្នុងក្រសែភ្នែករបស់ដៃគូប្រជែងភូមិសាស្ត្រនយោបាយអាមេរិកនិងចិនវៀតណាមបានក្លាយជាប្រទេសដែលមានសារ:ប្រយោជន៏ផ្នែកភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ពួកគេ។ កាលពីខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Joe Biden បានទៅទស្សនាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយបានចុះហត្ថលេខាលើគម្រោងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបានធ្វើឲ្យទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយវៀតណាមឡើងស្មើនឹងក្រុងប៉េកាំង។

នៅសប្តាហ៍នេះ មេដឹកនាំចិន Xi Jinping ក៏បានទៅតាមក្រោយ ដោយប្រទេសទាំងពីរនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គម្រោងចំនួន ៣៧ រួមទាំងការផ្តល់មូលនិធិសម្រាប់គម្រោងផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន និងការល្បាតដែនសមុទ្ររួមគ្នានិង​យល់​ព្រម​លើ​ផែនការ​បី​ឆ្នាំ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម។

ទាំងសហរដ្ឋអាមេរិក និងចិន មានបំណងចង់អូសទាញទីក្រុងហាណូយឲ្យឈរនៅខាងគេ ក៏ប៉ុន្តែប្រទេសកុម្មុយនិស្តមួយនេះបានប្រកាន់ខ្ជាប់នូវជំហរដ៏យូរអង្វែងរបស់ខ្លួនគឺការមិនចូលបក្សសម្ព័ន្ធ និងប្រកាន់ជំហរកណ្តាលដើម្បីផលប្រយោជន៍ល្អបំផុត។ យុទ្ធសាស្ត្រ​នយោបាយការ​បរទេស​ពហុ​ប៉ូល​នេះ​នឹង​ធានា​ឲ្យប្រទេស​នេះ​អនុវត្ត​មុខងារ​​ដោះស្រាយ​ជាមួយ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរបានយ៉ាងរលូន។ ហើយអាចប្រើប្រាស់ឥទ្ធិពលដែលខ្លួនមានជាមួយមហាអំណាចទាំងពីរ ដើម្បីនាំពួកគេឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយគ្នា និងធ្វើការលើបញ្ហាដែលមានសារៈសំខាន់ជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតនាពេលអនាគត និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាដើម។

វាជាការសមហេតុផលសម្រាប់សហរដ្ឋអាមេរិក និងចិនក្នុងការឲ្យតម្លៃវៀតណាម ដែលជាប្រទេសមួយដែលមានសេដ្ឋកិច្ចសកម្មបំផុតនៅក្នុងតំបន់។ នៅឆ្នាំនេះរំពឹងថានឹងមានការប្រកាសកំណើនប្រហែល ៥ ភាគរយ ដែលល្អច្រើនជាងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។ ការវិនិយោគផ្ទាល់ពីបរទេសរហូតមកទល់និងខែតុលាបានកើនឡើង ១៤.៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មជ្ឈមណ្ឌលលតកម្មទទួលបានអត្ថប្រយោជន៍ពីការរួមបញ្ចូលជាមួយសេដ្ឋកិច្ចរបស់ប្រទេសចិន ប៉ុន្តែក៏ទាក់ទាញការវិនិយោគពីក្រុមហ៊ុនដូចជា Intel និងអ្នកផ្គត់ផ្គង់ដល់ Apple និង Nvidia ផងដែរ។ ក្នុងដំណើរទស្សនកិច្ចរបស់លោក Biden ក៏បានលើកកម្ពស់ទំនាក់ទំនងរបស់អាមេរិកជាមួយទីក្រុងហាណូយដល់កម្រិតការទូតខ្ពស់បំផុត ដោយពិពណ៌នាអំពីការជំរុញនេះថាជា “ការចាប់ផ្តើមនៃយុគសម័យនៃកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យមួយមិនធ្លាប់មានពីមុនមក”។ លោក Xi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងរួមគ្នា “សហគមន៍សម្រាប់ជោគវាសនារួមគ្នា” ។

  • ភាតរភាព និង ភាពជាបងប្អូនភូមិផងរបងតែមួយ

ចិន​កំពុងសំឡឹង​មើល​ទំនាក់ទំនង​ដែលកាន់តែ​ប្រុងប្រយ័ត្ន​របស់​ប្រទេស​ជិតខាង​កុម្មុយនិស្ត​មួយនេះជាមួយ​នឹងក្រុង​វ៉ាស៊ីនតោន​។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Biden ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានធ្វើដំណើរទៅកាន់ក្រុងប៉េកាំងក្នុងខែតុលា ដើម្បីជួបជាមួយលោក Xi។ មេដឹកនាំចិនបានប្រាប់គាត់ថា ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងមិត្តភាពដ៏ស៊ីជម្រៅដែលហៅថា ” ភាតរភាព និងភាពជាបងប្អូនក្នុងភូមិផងរបងតែមួយ” ហើយថា ពួកគេគួរតែចាត់ទុកទំនាក់ទំនងទ្វេភាគីជាអាទិភាពក្នុងគោលនយោបាយការបរទេសរៀងៗខ្លួន ដែលមានចែងក្នុងឯកសារយោងដ៏បិទបាំងមួយនេះជាការក្រើនរំលឹកអំពីការរក្សាទំនាក់ទំនងរវាងចិននិងវៀតណាមមិនថាអាមេរិកចូលមកគោះបំបែកបំបាក់ខ្លាំងប៉ុណ្ណានោះទេ។

លោក Nguyen Quoc Cuong អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកបានប្រាប់ពីទីក្រុងហាណូយថា ទីក្រុងប៉េកាំងមានទំនាក់ទំនងសេដ្ឋកិច្ចយូរអង្វែងជាមួយទីក្រុងហាណូយ ប៉ុន្តែអាចធ្វើបន្ថែមទៀតដើម្បីនាំយកក្រុមហ៊ុនចិនល្បីៗមកបណ្តាក់ទុន។

លោក​បាន​បន្ត​ថា​៖ “ប្រទេស​ចិន​កំពុង​តែ​ដើរ​ថយ​ក្រោយនៅក្នុង​បញ្ហា​នេះមិនដូចប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​អាមេរិក​ ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ គឺខ្ញុំចង់ឃើញឈ្មោះធំៗដូចជា Apple ឬ Intel ជំនាន់ចិននៅក្នុងចន្លោះបច្ចេកវិទ្យាខ្ពស់ ហើយសេដ្ឋកិច្ចឌីជីថលវិនិយោគកាន់តែច្រើននៅក្នុងប្រទេសខ្ញុំ។

ប៉ុន្តែខណៈពេលដែលមានការប្រើប្រាស់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដើម្បីទទួលបានឥទ្ធិពលនយោបាយអាចជាអ្វីដែលមហាអំណាចកំពុងព្យាយាមប្រជែងគ្នាចង់បាន វាមិនទំនងជាយុទ្ធសាស្រ្តដែលមានភាពស្មោះត្រង់នោះទេ។ វៀតណាមនឹងបន្តដឹកនាំគោលនយោបាយការបរទេសដែលមិនអនុញ្ញាតឲ្យមានការបំបែកបំបាក់លើទំនាក់ទំនងជាមួយប្រទេសដែលតែងតែមានជម្លោះរវាងគ្នាទៅវិញទៅមកនោះឡើយ។

វាមិនគ្រាន់តែលើការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះទេ លោក Lye Liang Fook អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS-Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានប្រាប់យ៉ាងដូច្នេះ។

លោក​បាន​បន្ត​ថា​៖ “ ​មាន​ទំនាក់​ទំនង​ដែល​បាន​ធ្វើ​ឲ្យ​ប្រសើរ​​ជាមួយ​ប្រទេស​ជប៉ុន​ផង​ដែរ​។ ដំណើរទស្សនកិច្ចរបស់លោក Xi នេះគឺជាការចង្អុលបង្ហាញមួយផ្សេងទៀតដើម្បីធានានូវតុល្យភាពរបស់វៀតណាមពីរបៀបរក្សាលំនឹងទំនាក់ទំនងប្រកបដោយសុខមាលភាពជាមួយមហាអំណាចធំៗទាំងពីរ”។

  • បញ្ជៀសជម្លោះនិងលើកកម្ពស់សន្តិភាព

លំនឹងទំនាក់ទំនងប្រកបដោយសុខមាលភាពនេះគឺជាអ្វីដែលហៅថានយោបាយ “ការទូតឬស្សី” របស់វៀតណាម ឬបទពិសោធក្នុងការធ្វើឲ្យមានតុល្យភាពផលប្រយោជន៍ភូមិសាស្ត្រនយោបាយក្នងដំណាក់កាលប្រកួតប្រជែងអស់រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។

គោលការណ៍ដែលយកនិមិត្តររូបដើមឬស្សីដ៏រឹងមាំសម្រាប់ប្រើប្រាស់បានយូរអង្វែង ប៉ុន្តែនៅអាចបត់បែនបាន និងអាចសម្របខ្លួនបាន។ ថ្វីត្បិតតែនយោបាយនេះត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយ ប៉ុន្តែពាក្យនេះត្រូវបានបង្កើតជាផ្លូវការជាលើកដំបូងដោយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅក្នុងឆ្នាំ ២០១៦ ហើយក៏ចាប់តាំងពីពេលនោះមក គឺជានិមិត្តរូបសម្រាប់ប្រើជាសញ្ញាសម្គាល់នូវបៀបដែលប្រទេសក្រីក្រមួយនេះធ្លាប់មានទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់ខ្លួនដ៏យូរអង្វែងមកហើយ។

គោល​បំណង​សំខាន់​គឺ​ដើម្បី​បញ្ចៀស​ជម្លោះ និង​លើក​កម្ពស់​សន្តិភាព។ ទីក្រុងហាណូយបានបង្រួបបង្រួមបណ្តាញទំនាក់ទំនងដ៏រឹងមាំ និងយុទ្ធសាស្ត្រជាមួយមហាអំណាចទាំងតូច និងធំ ដែលអនុញ្ញាតឲ្យវៀតណាមមានតុល្យភាពមិនត្រឹមតែផលប្រយោជន៍របស់អាមេរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាក់ឬសដូចរុស្ស៊ីដូចដែលចិនធ្លាប់បានជួយក្នុងសម័យកសាងឡើងវិញនៅក្រោយសង្គ្រាមផងដែរ។

ពាណិជ្ជកម្មគឺជាផ្នែកមួយសំខាន់សម្រាប់ទំនាក់ទំនងក្នុងរយ:ពេល បីទស្សវត្សរ៍មុន ដែលប្រទេសនេះនៅឯកោនៅឡើយក៏ចាប់ផ្តើមលេចមុខមាត់ចេញមកបណ្តើរៗក្រោយការបំផ្លិចបំផ្លាញដោយសង្រ្គាមវៀតណាម។ ប្រទេសនេះមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសប្រហែលជាង ៣០ តែប៉ុណ្ណោះ។ តែសព្វថ្ងៃនេះ តួលេខនោះបានកើនឡើងជាង ១៥០ ប្រទេសហើយនិងរួមបញ្ចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនផងដែ។

ទីក្រុងហាណូយនិងបន្តប្រើប្រាស់ទាំងការទូតពាណិជ្ជកម្ម និងការទូតឫស្សី បើទោះបីជាភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញដោយសារតែប្រទេសមហាអំណាចប្រកួតប្រជែងដណ្តើមឥទ្ធិពល និងការវិនិយោគ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ជា​លើក​ទី​ពីរ​របស់​លោក​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៧ ក្នុងពេលដែល​លោក​ទៅ​កាន់ទីក្រុង Danang សម្រាប់​ចុះកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក។ ខ្ញុំបានសង្កេតឃើញសុន្ទរកថាដ៏ស្ងប់ស្ងាត់របស់មេដឹកនាំចិន ដែលបង្ហាញពីចក្ខុវិស័យសម្រាប់ស្តារសេដ្ឋកិច្ច និងយោធាឡើងវិញ។ ចំណែកលោក​ប្រធានាធិបតី​អាមេរិក Donald Trump ​ការ​ថ្លែង​របស់​លោក Trump ​មិនមានអ្វីក្រៅពី​លើកកម្ពស់​ជាតិនិយមដែលហៅថា​ “America First”។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទាំងពីរ បើទោះបីជាមានការផ្លាស់ប្ដូរការដឹកនាំនៅក្នុងទីក្រុងវ៉ាស៊ីនតោនក៏ដោយ ក៏នៅតែមានសភាពស្រួចស្រាល់ជាងសព្វថ្ងៃនេះទៅទៀត។

កត្តាទាំងនេះគឺជាមូលហេតុដែលយុទ្ធសាស្ត្ររបស់វៀតណាមត្រូវថែរក្សាផលប្រយោជន៍ផ្ទាល់ខ្លួនជាដំបូងដើម្បីរក្សាឥទ្ធិពលក៏ដូចជាភាពជោគជ័យខាងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ វៀតណាមក៏ជា​ភាគី​ពាក់ព័ន្ធដ៏​សំខាន់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ខណៈពេលដែលទីក្រុងប៉េកាំងបានលើកឡើងជាប្រវត្តិសាស្ត្រចំពោះគំនិតនៃការជ្រៀតជ្រែកណាមួយនៅក្នុងដែនទឹកដែលមានការប្រកួតប្រជែងខ្លួននិយាយថាចិនបានយកមកកាន់កាប់ភាគច្រើនសម្រាប់ជាកម្មសិទ្ធិតែចិនក៏មិនបានប្រើកម្លាំងបាយក្នុងការឆ្លើយតបចំពោះការជំទាស់របស់ទីក្រុងហាណូយដូចដែលខ្លួនបានធ្វើជាមួយហ្វីលីពីននោះទេដោយសារតែយុទ្ធសាស្ត្រការបរទេសឯករាជ្យរបស់វៀតណាម។

ជម្រើសយកសហប្រតិបត្តិការប្រសើរជាជាងបង្កជម្លោះគឺជាផ្នែកមួយដ៏សំខាន់ដែលវៀតណាមបានចូលរួមដើម្បីប្រកួតប្រជែងររកផលប្រយោជន៍ហើយមិនត្រឹមតែធានាដល់ការរស់រានប៉ុណ្ណោះទេ ប៉ុន្តែជួយឲ្យមានការរីកចម្រើនផងដែរ។ ប្រទេស​ផ្សេង​ទៀត​គួតែឆ្លាត​រៀន​តាម​គំរូ​ដឹកនាំនយោបាយការទូតដើមឬស្សីរបស់ទីក្រុង​ហាណូយ៕

ប្រភព៖ Bloomberg/aj