សន្ដិសុខសង្គម

សមត្ថកិច្ចកងរាជអាវុធហត្ថចាប់ជនសង្ស័យម្នាក់ក្នុងរឿងទិញលក់ដីនៅស្រុកស្ទឹងហាវ

ដោយ៖ ស.សម្បត្តិ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១១ ធ្នូ ឆ្នាំ២០២៣ បានចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីការបស់តុលាការខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីទិញលក់ដីដែលមានតម្លៃដល់ទៅរាប់ម៉ឺនដុល្លារកាលពីឆ្នាំ២០១៩។

ប្រភពព័ត៌មានដែល Cambodia Flash News ទទួលបានពីខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការនោះ ឈ្មោះ គឺមហ៊ាន ច័ន្ទសុភក្រា្ត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចអាវុធហត្ថ បានចាប់ខ្លួនជនសង្ស័យនៅពេលកំពុងធ្វើដំណើរតាមរយន្តទំនើបមួយគ្រឿងនៅស្រុកកំពង់សិលា កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ ក្រោយមកសមត្ថកិ្ចបានរៀបចំបញ្ជូនទៅតុលាការខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៣ធ្នូ ឆ្នាំ២០២៣។

តាមពាក្យបណ្តឹងរបស់ឈ្មោះ ង៉ែត វណ្ឌី ភេទប្រុស អាយុ៣៣ឆ្នាំ និងភរិយា នៅភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅខែមេសាឆ្នាំ២០១៩ ឈ្មោះ គឹមហ៊ាន ច័ន្ទសុភក្ត្រានិងប្រពន្ធបានត្រូវរ៉ូវគ្នាលក់ដីឲ្យខ្លួនមួយកន្លែងមានទំហំ៥,៥ហិកតា នៅភូមិរិទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានតម្លៃសរុប ៦០៥០០ដុល្លារ។

ជាមួយនោះអ្នកទិញបានទូទាត់លុយជាបន្តបន្ទាប់បានជាង៤ម៉ឺនដុល្លារហើយ តែនៅសល់ជាង១ម៉ឺនដុល្លារទៀត។ កាលណោះ ឈ្មោះ គឺមហ៊ាន ច័ន្ទសុភក្រា្ត និងប្រពន្ធបានសន្យាថា នឹងរៀបចំលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីទាំងនោះឲ្យអ្នកទិញបានត្រឹមត្រូវតាមផ្លូវច្បាប់។

ប៉ុន្តែក្រោយមកឈ្មោះង៉ែត វណ្ឌី ថាឈ្មោះច័ន្ទសុភក្រ្តា និងប្រពន្ធ បានព្យាយាមគេចវេះមិនធ្វើលិខិតផ្ទេរកម្មសិទ្ធិដីធ្លីទៅតាមការសន្យានោះទេ។ ក្រោយមកពេលអ្នកទិញចុះស៊ើបសួរច្បាស់លាស់ដល់ទីតាំងដី ទើបបានដឹងថា ដីដែលលក់នោះគឺជាដីមានកម្មសិទ្ធិរបស់អ្នកដទែហើយថែមទាំងជាប់ក្នុងសំណុំរឿងនៅឯតុលាការទៀតផង។លោក វណ្ឌីបានបន្ថែមថា ដល់ដឹងការពិតគាត់ក៏បានផ្អឹបលុយនៅសល់ជាង១ម៉ឺនដុល្លារទៀតនោះមិនឲ្យទៅឈ្មោះ គឺមហ៊ាន ច័ន្ទសុភក្រា្តទៀតទេ។

ក្រោយមកទៀត ឈ្មោះ ង៉ែត វណ្ឌី និងប្រពន្ធក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការសំណុំរឿងនេះទៅតាមផ្លូវច្បាប់និងបានទាមទារសំណងជំងឺចិត្ត១ម៉ឺនដុល្លារ ពីឈ្មោះគឺមហ៊ាន ច័ន្ទសុភក្រា្តនិងប្រពន្ធ។

បន្ទាប់មកសាលាដំបូងខេត្តព្រះសីហនុក៏បានចេញដីលេខៈ ០១៩ ដ.ប.ន/ជ/២៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយលោក លី លឹមម៉េង ចៅក្រមស៊ើសួរសាលាដំបូងខេត្តព្រះសីហនុ បានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ គឹមហ៊ាន ច័ន្ទសុភក្ត្រា និងប្រពន្ធ។ ហើយជាក់ស្តែងដោយអនុវត្តតាមអំណាចដីកាតុលាការនោះ នៅរសៀសថ្ងៃទី១១ ធ្នូ ២០២៣ កម្លាំងអាវុធហត្ថក៏បានចាប់ខ្លួនឈ្មោះច័ន្ទសុភក្រ្តា ហើយនៅថ្ងៃទី១៣ ខែធ្នូ ២០២៣ សមត្ថកិច្ចកងរាជអាវុធហត្តបានអះអាងថា បានបញ្ជូនជនសង្ស័យខាងលើទៅតុលាការខេត្តព្រះសីហនុ។

ប៉ុន្តែប្រភពព័ត៌មាពីមន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ហើបឲ្យដឹងថា  ជនសង្ស័យឈ្មោះគឹមហ៊ាន ច័ន្ទសុភក្ត្រា ត្រូវបានតុលាការដោះលែងរូបគាត់ឲ្យនៅក្រៅឃុំហើយកាលពីយប់ថ្ងៃទី១៣ ធ្នូឆ្នាំ២០២៣ ដោយបានតម្កល់ប្រាក់ធានាចំនួន៤ម៉ឺនដុល្លារ។ ការសម្រេចឲ្យនៅក្រៅឃុំនេះគឺធ្វើឡើងក្រោយពីកម្លាំងអាវុធហត្ថបានបញ្ជូនទៅដល់តុលាការ។

ពាក់ព័ន្ធទៅនឹងការចាប់ខ្លួននិងការដោះលែង ឈ្មោះគឹមហ៊ាន ច័ន្ទសុភក្ត្រា រឿងលក់ដីតែគ្មានដីជាក់ស្តែងឲ្យគេនេះអ្នកយកព័ត៌មាន Cambodia Flash News គឺនៅមិនទាន់ទទួលបាននូវការបញ្ជាក់ឆ្លើយតបជាផ្លូវការណាមួយពីភាគីលោកគឹមហ៊ាន ច័ន្ទសុភក្ត្រា និង បន្រពន្ធ នៅឡើយទេគិតមកដល់ត្រឹមព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣នេះ៕