សន្ដិសុខសង្គម

រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹង ធ្វើឱ្យជនបរទេសម្នាក់ស្លាប់ និង៤នាក់រងរបួសធ្ងន់

ដោយ៖វិចិត្រ
កំពង់ស្ពឺ៖រថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឱ្យជនបរទេសម្នាក់ស្លាប់ភ្លាម និងបរទស៤នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ៤៤ ក្នុងភូមិតាម៉ុល សង្កាត់/ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៣ខែធ្នូ។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងទៀតថា មុនកើតហេតុរថយន្តម៉ាកព្រូសផ្លាកលេខភ្នំពេញ2BV-6358 បើកពីកើតទៅលិច។រថយន្តនេះបើកបរដោយបុរសជនបរទេសឈ្មោះ Lu Wei ping អាយុ៣៥ឆ្នាំ ដោយមានអ្នករួមដំណើរប្រុសស្រី ជាជនបរទេស៤នាក់។ជនរងគ្រោះទាំង៥នាក់ធ្វើការនៅរោងចក្រដំណាប់ស្វាយ ក្នុងភូមិអូរគគីរ ឃុំក្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រថយន្តជនបរទេសបើកមកដល់កន្លែងខាងលើ បានបុកជាមួយរថយន្តម៉ាក ហ្វដរ៉េនជើរ មកពីមុខមានផ្លាកលេខកម្ពុជា YSV-1808 បើកបរដោយឈ្មោះ យ៉ែម សុវណ្ណ អាយុ៣៦ឆ្នាំនៅភូមិសំណង់ សង្កាត់រកាធំ ខេត្តកំពង់ស្ពឺ។អ្នករួមដំណើរឈ្មោះ កុយ អាយុ៤០ឆ្នាំនៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន។ក្រោយកើតហេតុខាងរថយន្តហ្វតបានគេចខ្លួនបាត់។

បន្ទាប់ពីនោះសមត្ថកិច្ចបានហៅរថយន្តពេទ្យ ដឹកជនបរទេសដែលរងរបួសធ្ងន់ទៅមន្ទីរភ្នំពេញដើម្បីសង្គ្រោះបន្ទាន់។ចំណែករថយន្តទាំង២គ្រឿង ត្រូវនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺយកទៅទុកដើម្បីបន្តនីតិវិធី៕