សន្ដិសុខសង្គម

រថយន្តទំនើប១គ្រឿងត្រូវភ្លើងឆាបឆេះ អស់ទាំងស្រុងពេលកំពុងបើកបរ

ដោយ៖វិចិត្រ
ភ្នំពេញ៖រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ពេលកំពុងបើកបរលើផ្លូវល្បឿនលឿន។ហេតុការណ៍នេះបានកើតឡើង ចន្លោះគីឡូម៉ែត្រលេខ១៥ពីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃ១៣ ខែធ្នូឆ្នាំ២០២៣។

អ្នកដំណើរបានឱ្យដឹងថា មុនកើតហេតុរថយន្តហាយឡែនឌ័រមួយគ្រឿង កំពុងបើកបរលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ១៥ពីភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ករណីនេះគេសង្ស័យឆ្លងប្រព័ន្ធភ្លើង ទើបបង្កហេតុការណ៍នេះឡើង។ពេលកំពុងឆេះសមត្ថកិច្ច និងក្រុមការងារផ្លូវល្បឿនលឿនបានព្យាយាម យកបំពង់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់។

ប៉ុន្តែដោយសារភ្លើងឆេះខ្លាំងពេក បណ្តាលឱ្យរថយន្តខាងលើខូចខាតទាំងស្រុង។ក្នុងហេតុការណ៍នេះទោះជារថយន្ត បានខូចខាតអស់ទាំងសម្ភារក្តី តែមនុស្សមិនមានរងគ្រោះថ្នាក់ទេ។ក្រោយពីមានគ្រោះអកុសលខាងលើ ម្ចាស់រថយន្តបានធ្វើដំណើរតាម រថយន្តផ្សេងទៅគោលដៅ។ចំណែករថយន្តរងការខូចខាតត្រូវក្រុមការងារ ក្រុមហ៊ុនផ្លូវល្បឿនលឿនយករថយន្តស្ទូច ចេញពីផ្លូវដើម្បីសម្រួលចរាចរណ៍៕