ព័ត៌មានជាតិ

មន្រ្តីច្រកទ្វារអន្តរជាតិប៉ោយប៉ែតពន្យល់ពីរឿងដែលពលរដ្ឋខ្មែរឆ្លងដែនកកស្ទះ

ដោយ : បន្ទាយ / បន្ទាយមានជ័យ

បន្ទាប់ពីមានការកកស្ទះរយៈពេលខ្លី កាលពីថ្ងៃទី១៣ខែធ្នូ នៅបញ្ជរប្រថាប់ត្រាសៀវភៅប័ណ្ណព្រំដែន(BorderPass) បែបបទចេញពីប្រទេសនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះមក មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៤ខែធ្នូ បានចេញមុខទទួលខុសត្រូវ ហើយសូមអធ្យាស្រ័យនិងពន្យល់អំពីមូលហេតុ ។

លោកវរសេនីយ៍ជួន សារី នាយរងប៉ុស្ត៍និងមន្ត្រីផ្សេងទៀតនៃនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់សារព័ត៌មាននៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣ថា : សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដុ្ឋខ្មែរទាំងឡាយដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទាំងអស់ដែលប្រើប័ណ្ណព្រំដែន(BorderPass) ជាពិសេសម្ចាស់ គណនីឈ្មោះ “រ៉េត  រ៉ន  ស្រលាញ់សន្តិភាព “ដែលបានបង្ហោះរូបភាពប្រជាពលរដ្ឋឈរតម្រង់ជួររង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែន ជ្រាបថា  ៖ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០២៣  នៅបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនចេញពីប្រទេសមានការកកស្ទះរយៈពេលប្រហែលជា៣០ទៅ៤០នាទី មូលហេតុបណ្ដាលមកពី ៖

១ -ប្រជាពលរដ្ឋនិងអាជីវករខ្មែរ ចេញទៅប្រកបរបរអាជីវកម្ម រួមទាំងពលករ  កម្មករ  និងសិស្សានុសិស្សជាដើមមានបរិមាណច្រើនលើសលប់ ។

២ -បច្ចុប្បន្នប័ណ្ណព្រំដែនមានបិទ QR CODE សម្រាប់គ្រប់គ្រងទិន្នន័យអ្នកដំណើរចេញ-ចូល ដែលត្រូវស្កែន។

ក្នុងនោះមានពេលខ្លះ អ៊ីនធឺណេត(Internet ) មានការរអាក់រអួល ខ្សោយធ្វើឱ្យមានការយឺតយ៉ាវក្នុងការស្កែនប័ណ្ណព្រំដែនចូលក្នុងប្រព័ន្ធ ។

៣- ចាប់ពីវេលាម៉ោង១៨:០០នាទីដល់ម៉ោង ២១:០០នាទីយប់ ប្រជាពលរដ្ឋខ្មែរ -ថៃធ្វើដំណើរចេញពីប្រទេសថៃចូលមកកម្ពុជាមានចំនួនច្រើន ។

ម៉្យាងវិញទៀតអនុវត្តតាមជំនាញអន្តោប្រវេសន៍តម្រូវឱ្យមន្ត្រីប្រថាប់ត្រាលេខកូដសម្គាល់លើ ប័ណ្ណព្រំដែនបន្ថែមទៀត ទើបបណ្ដាលឱ្យមានការកកស្ទះម្ដងម្កាលបែបនេះ ។

មន្ត្រីនគរបាលបានបន្តថា : ករណីនេះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរាយការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពិភាក្សារកដំណោះស្រាយជាមួយភាគីថៃ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការកកស្ទះជូនប្រជាពលរដ្ឋចេញ-ចូលបានឆាប់រហ័សជាងមុនតាមតែអាចធ្វើទៅបាន៕