ព័ត៌មានជាតិ

និស្សិតជាង៧.០០០នាក់បានបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវ:នៅវិទ្យាល័យពហុបច្ចេកទេសភូមិភាគតេជោសែនកំពត

ដោយ៖ កំចាយ

កំពត÷ គណៈគ្រប់គ្រងបានបញ្ជាក់ថារយៈពេល១៤ឆ្នាំកន្លងមក សិស្ស និងនិស្សិតជាង៧.០០០នាក់បានបញ្ចប់ការសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត។ ក្នុងនោះសិស្សអាហាររូបករណ៍មានប្រមាណជាង៤.០០០នាក់។ គណៈគ្រប់គ្រងអំពាវជាពិសេសដល់សិស្សក្នុងគ្រួសារក្រីក្រប្រញាប់ដាក់ពាក្យចូលរៀនខណ:ថ្ងៃសិក្សាដំបូងនឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខ។

លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតបានបញ្ជាក់ថា រយៈពេល១៤ឆ្នាំកន្លងមកនេះ សិស្ស និងនិស្សិតជាង៧.១៣៨នាក់បានបញ្ចប់ការសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត។ ក្នុងនោះសិស្សអាហាររូបករណ៍មានប្រមាណជាង៤.០១១នាក់។ លោកនាយកវិទ្យាស្ថានបានបន្តថា ដើម្បីជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សដែលមានជីវភាពខ្វះខាតឱ្យបានបន្តការសិក្សាកម្រិតជំនាញបច្ចេកទេស និងវិជ្ជាជីវៈ វិទ្យាស្ថានបានចុះផ្សព្វផ្សាយ និងបណ្តុះបណ្តាលការប្រើប្រាស់កម្មវិធីចុះឈ្មោះនៅតាមឃុំសង្កាត់៨លើករួចមកហើយ។ គិតត្រឹមថ្ងៃទី១១ ខែធ្នូ វិទ្យាស្ថានបានទទួលពាក្យចំនួន៣៨១នាក់ ដោយសិស្សមកដាក់ពាក្យផ្ទាល់៣៩នាក់ និងដាក់ពាក្យតាមអនឡាញចំនួន៣៤២នាក់។ ក្នុងចំណោមនោះ វិទ្យាស្ថានបានបញ្ជូនទៅក្រសួងការងារជាជំហានដំបូងចំនួន២៣៨នាក់ ហើយត្រូវបានអនុម័តឱ្យចូលរូលរៀនទាំងអស់។ ការទទួលពាក្យសុំចូលរៀននៅតែបន្ត ស្របពេលដែលឆ្នាំសិក្សា២០២៣- ២០២៤ សម្រាប់ថ្ងៃដំបូងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ។ ដូច្នេះ សូមសិស្សានុសិស្សរួសរាន់ក្នុងការដាក់ពាក្យសុំចូលរៀននៅវិទ្យាស្ថាននេះ។

និស្សិតយកជំនាញគណនេយ្យ និងអគ្គិសនីបានរៀបរាប់ថា ការផ្តល់អាហាររូបករណ៍ដល់សិស្សមកពីគ្រួសារខ្វះខាតផ្នែកជីវភាពពិតជាមានសារៈសំខាន់ដើម្បីទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ចូលបម្រើការងារ ឬបើកអាជីវកម្មផ្ទាល់ខ្លួនទៅថ្ងៃមុខ។ តំណាងឱ្យនិស្សិតទាំងអស់ ពួកខ្លួនសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ជាអាទិភាពចុះពោះគ្រួសារក្រីក្រឱ្យទទួលបានឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិតប្រាកដ៕