ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ការផ្ទេរមុខងារក្នុងវិស័យអប់រំមកថ្នាក់ក្រោមជាតិគឺជាការបង្ខិតសេវាមកកៀកប្រជាពលរដ្ឋ

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាមកឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាពោល គឺដើម្បីសម្រេចចិត្ត និងការទទួលខុសត្រូវក្នុងការផ្តល់សេវាទាំងនោះមកកៀកជិតប្រជាពលរដ្ឋ។


នៅមតិស្វាគមន៍វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធី នៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៣ ធ្នូនេះលោកអភិបាលខេត្តបានថ្លែងថា៖ ដើម្បីសម្រេចបានតាមចក្ខុវិស័យ និងគោលនយយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា កុមារក្នុងវ័យសិក្សាទាំងអស់ត្រូវបានផ្ដល់ឱកាសឱ្យចូលរៀនប្រកបដោយគុណភាព យ៉ាងហោចណាស់ត្រឹមកម្រិតមូលដ្ឋាន និងទទួលបានការអប់រំ។


លោកបានថ្លែងបន្តថា៖ ពាក់ព័ន្ធនឹងកិច្ចការនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមគាំទ្រ និងបំពេញតួនាទីចាំបាច់របស់រដ្ឋបាលខេត្តក្នុងការសម្របសម្រួល ជាមួយអ្នកពាក់ព័ន្ធនានាក្នុង ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រង និងចាត់ចែងអនុវត្តមុខងារអប់រំ យុវជន និង កីឡាដែលបានប្រគល់ និងប្រតិភូកម្ម ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យ និង បរិយាបន្ន។


សូមរំលឹកថា នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយក្នុងកិច្ចការកំណែទម្រង់តាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលស្របទៅនឹងឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាល កម្ពុជាលើការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។ ក្នុងក្របខ័ណ្ឌនៃការលើក កម្ពស់អភិបាលកិច្ច ការធ្វើវិមជ្ឈការ ដែលផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិទទួលខុសត្រូវ គឺដើម្បីធ្វើការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យ កាន់តែល្អប្រសើរឡើង។

ប្រការនេះបានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជា ពលរដ្ឋមានលទ្ធភាព មានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហា ប្រឈមជាក់ស្ដែងនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម៕