អន្តរជាតិ

មេដឹកនាំកុម្មុយនិស្តចិន-វៀតណាម ចាប់ដៃគ្នាពង្រឹងកិច្ចសហប្រតបត្តិការដើម្បីអនាគតរួមគ្នា

ប្រែសម្រូល៖សហការី

អស់រយ:ពេលបីខែបន្ទាប់ពីទីក្រុងហាណូយបានពង្រឹងទំនាក់ទំនងជាផ្លូវការរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី ១២ ធ្នូ ចិន និង វៀតណាម ដែលធ្លាប់តែមានជម្លោះដ៏ចម្រូងចម្រាស់ជាមួយគ្នាជុំវិញបញ្ហាសមុទ្រចិនខាងត្បូងបានព្រមព្រៀងគ្នាលើកកម្ពស់ទំនាក់ទំនងនិងពង្រឹងកិច្ចសហប្រតបត្តិការដើម្បីឈានទៅកសាងសហគមន៍រួមគ្នាមួយសម្រាប់ “អនាគតរួមគ្នា” ។

នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ទីក្រុងហាណូយក្នុងរយៈពេលប្រាំមួយឆ្នាំ ប្រទេសទាំងពីរបានប្រកាសកិច្ចព្រមព្រៀងជាផ្លូវការចំនួន ៣៧ គម្រោងដែលក្នុងនោះមានដូចជាទំនាក់ទំនងការទូត ផ្លូវដែក និងទូរគមនាគមន៍ជាដើម។

ខណៈដែលចិន និងសហរដ្ឋអាមេរិកកំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលក្នុងប្រទេសយុទ្ធសាស្ត្រមួយនេះ កិច្ចព្រមព្រៀងត្រូវបានគេកត់សម្គាល់លើសមិទ្ធផល “ការទូតដើមឫស្សី” របស់វៀតណាម ទោះបីជាអ្នកវិភាគនិងអ្នកការទូតបាននិយាយថាគ្រាន់តែជាការកែលម្អទំនាក់ទំនងហាក់ដូចជានិមិត្តរូបជាជាងការពិតក៏ដោយ។

យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានបង្ហាញដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ វៀតណាមបានយល់ព្រម “គាំទ្រគំនិតផ្តួចផ្តើមក្នុងការកសាងសហគមន៍សម្រាប់អនាគតរួមគ្នារបស់មនុស្សជាតិ” ចំណែកប្រភពនានាបានវាយតំលៃថាគឺប្រទេសចិនជាអ្នកបាននិងកំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងមួយនេះឡើង។ សេចក្តីថ្លែងការណ៍រួមត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាជាផ្លូវការនៅថ្ងៃពុធនេះ។

ក្រុមមន្ត្រីនិងអ្នកការទូតបាននិយាយថា អ្នកការទូតរបស់ប្រទេសនានាបានពិភាក្សាអំពីពាក្យដែលថា “អនាគតរួមគ្នា” អស់ជាច្រើនខែ បន្ទាប់ពីទីក្រុងហាណូយមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់ពាក្យនេះ។

បើតាមពាក្យចិនមានបញ្ជាក់ន័យដ៏ស៊ីជម្រៅថា “វាសនារួម” ប៉ុន្តែបើតាមការបកប្រែជាភាសាអង់គ្លេស និងវៀតណាមវីញនោះបញ្ជាក់ថា “អនាគតរួម” ដែលអាចត្រូវបានគេយល់ឃើញថាមាន័យស្រាលជាង។

អ្នកការទូតម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងវៀត ណាម បាននិយាយដោយបកស្រាយពាក្យនេះថា “សេចក្តីប្រកាសតែមួយ តែមានការបកប្រែដែលមានន័យខុសគ្នាច្រើន” ។

អ្នកឯកទេសខាងបញ្ហាយុទ្ធសាស្ត្រ និងនយោបាយវៀតណាមនៅវិទ្យាស្ថាន Iseas-Yusof Ishak របស់ប្រទេសសិង្ហបុរី លោក Le Hong Hiep បាននិយាយថា ក្នុងទំនាក់ទំនងការទូត ការធ្វើឲ្យប្រសើរឡើងនោះគឺជានិមិត្តរូបហើយ។

លោកបាននិយាយថា “ការមិនទុកចិត្តរបស់វៀតណាមចំពោះចិនគឺជ្រាលជ្រៅណាស់ ហើយតាមទស្សនៈរបស់ប្រជាជនវៀតណាម វាមិនមាន “វាសនាណាដែលអាចចែករំលែកគ្នាបាននោះទេ” ក៏ដូចជារវាងប្រទេសទាំងពីរនេះផងដែ ដរាបណាចិននៅតែបន្តការទាមទារគ្រប់គ្រងភាគច្រើនលើដែនសមុទ្រចិនខាងត្បូងនោះ។

បើទោះបីជាមានទំនាក់ទំនងសេដ្ឋកិច្ចក៏ដោយ ក៏ប្រទេសជិតខាងគ្នានេះនៅតែមានជម្លោះជុំវិញព្រំដែនសមុទ្រចិនខាងត្បូងដែលកើតឡើងរាប់សិបឆ្នាំមកហើយ។

ទោះជាយ៉ាងណាក៏ដោយក៏ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួនពីរសម្រាប់ការល្បាតរួមគ្នានៅលើឈូងសមុទ្រតុងកឹងក្នុងដែនសមុទ្រចិនខាងត្បូង និងដើម្បីបង្កើតបណ្តាញទូរសព្ទបន្ទាន់សម្រាប់ដោះស្រាយឧប្បត្តិហេតុជលផល នេះបើយោងតាមកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដទៃទៀត។

  • គម្រោងផ្លូវដែក ផ្លូវសូត្រឌីជីថល

ក្រៅពីការយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនង ដែលក្រុងប៉េកាំងអាចពិចារណាបានថានៅក្នុង    កម្រឹតមួយអាចលើសពីវៀតណាមជាមួយនឹងសហរដ្ឋអាមេរិកគឺបានមកតាមរយ:កិច្ចព្រមព្រៀងសហប្រតិបត្តិការលើគម្រោងចំនួន ៣៦ នេះបើយោងតាមឯកសារដកស្រង់ដោយ Reuters និងសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងការទូត។

បើយោងតាមមន្ត្រីវៀតណាមម្នាក់បាននិយាយថា ៣៦គម្រោងនោះគឺនៅតិចតួចទេបើតាមការស្នើឡើងដំបូងគឺ ៤៥ គម្រោងដែលត្រូវបានដាក់ជាលើកដំបូងដូចជាកិច្ចព្រមព្រៀងស្តីពីរ៉ែសំខាន់ៗ និងកម្រដែលលោក Xi បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតដែលបានចេញផ្សាយកាលពីថ្ងៃអង្គារនៅក្នុងកាសែតរដ្ឋវៀតណាមមួយត្រូវបានខកខាន។

កិច្ច​ព្រម​ព្រៀង​រួម​មាន​អនុស្សរណៈ​​យោគយល់គ្នា​ចំនួន​ពីរផ្តោត​លើ​ការ​អភិវឌ្ឍ​ផ្លូវ​ដែក​ឆ្លង​កាត់​ព្រំដែន រួម​ទាំង​​ជំនួយ​អភិវឌ្ឍន៍។

មន្ត្រីកំពូលនៃប្រទេសទាំងពីរបានជំរុញឱ្យមានការជំរុញការតភ្ជាប់ផ្លូវដែករវាងទីក្រុង Kunming ភាគខាងត្បូងប្រទេសចិន និងកំពង់ផែ Haiphong ភាគខាងជើងប្រទេសវៀតណាម ដែលឆ្លងកាត់តំបន់នានៗក្នុងប្រទេសវៀតណាមដែលសម្បូរទៅដោយសត្វកម្រ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បាននិយាយកាលពីដើមសប្តាហ៍នេះថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយដើម្បីអភិវឌ្ឍការតភ្ជាប់ផ្លូវដែក ទោះបីជាទំហំ និងលក្ខខណ្ឌនៃប្រាក់កម្ចីនៅមិនទាន់បានបញ្ជាក់ឲ្យបានច្បាស់លាស់ក៏ដោយ។

ការជំរុញទំនាក់ទំនងលើវិស័យដឹកជញ្ជូននឹងអនុញ្ញាតឲ្យវៀតណាមនាំចេញកាន់តែច្រើនទៅកាន់ប្រទេសចិន ជាពិសេសផលិតផលកសិកម្ម ខណៈដែលទីក្រុងប៉េកាំងចង់ធ្វើសមាហរណកម្មភាគខាងជើងរបស់ប្រទេសជាមួយនឹងបណ្តាញខ្សែចង្វាក់ផ្គត់ផ្គង់ភាគខាងត្បូងរបស់ខ្លួន ដែលក្រុមហ៊ុនចិនកំពុងផ្លាស់ប្តូរទម្រង់ប្រតិបត្តិការមួយចំនួន។

បណ្តាញផ្លូវដែកដ៏រឹងមាំនឹងបង្កើនល្បឿននាំចូលគ្រឿងបន្លាស់ពីប្រទេសចិនសម្រាប់ដំឡើងនៅវៀតណាមឲ្យមានប្រសិទ្ធភាពដែលជាការពង្រីកគម្រោងទាំងនេះស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) សូត្ររបស់ចិនប្រកបដោយប្រសិទ្ធភាពបំផុត។

រហូតមកដល់ពេលនេះ រថភ្លើងក្រោមដីក្រុងហាណូយ គឺជាគម្រោងតែមួយគត់របស់វៀតណាមដែលបានទទួលប្រាក់កម្ចី BRI តែនៅមិនទាន់បានចាត់បញ្ចូលថាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនោះទេ ដោយសារតែមេដឹកនាំវៀតណាមតែងតែមាននិន្នាការប្រឆាំងចិន។

ប្រទេសទាំងពីរបានព្រមព្រៀងរួមគ្នាដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើម “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ដែលជាពាក្យវៀតណាមសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដោយប្រទេសចិន។

ដំណើរទស្សនកិច្ចរបស់លោក Xi ក៏ត្រូវបានគេរំពឹងថានឹងជំរុញផែនការដែលគេហៅថា Digital Silk Road ផ្លូវសូត្រឌីជីថល ហើយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថល។

ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានផ្សព្វផ្សាយជាសាធារណ:នោះទេ ប៉ុន្តែមន្ត្រីបាននិយាយថា កិច្ចសហប្រតិបត្តិការទូរគមនាគមន៍កើនឡើងអាចរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធឌីជីថលដូចជាបណ្តាញ 5G និងខ្សែកាបអុបទិកក្រោមបាតសមុទ្រផងដែរ៕

ប្រភព៖ Reuters