សន្ដិសុខសង្គម

មានអ្នកថ្លើមធំហ៊ានចូលទៅកាប់ឈើក្នុងព្រៃអភិរក្សភ្នំចាបភ្លើង,ចៅហ្វាយស្រុកថាអត់ដឹង

ដោយ៖សុខុម

ស្ទឹងត្រែង៖ឈើជាច្រើនដើមរួមទាំងព្រៃអភិរក្សភ្នំចាបភ្លើងហៅភ្នំល្អាងនាគខៀវនៅភូមិស្រឡៅ ឃុំ អន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់  ខេត្តស្ទឹងត្រែងត្រូវក្រុមជនខិលខូចចូលកាប់រំលំយកទៅលក់និងកាប់រុករានយកដីកាលពីពេលថ្មីៗកន្លងទៅនេះ។

ព្រះតេជគុណ ពុទ្ធយ៉ាំ ចៅអធិការវត្តថាឡាបរិវ៉ាត់មានថេរដីកាថា៖ជនខិលខូចលួចកាប់ព្រៃរានយកដី និងកាប់ឈើនៅពេលយប់។ ព្រះសង្ឃនិងប្រជាពលរដ្ឋមិនអាចការពារទប់ស្កាត់បានទេ។

ព្រះតេជគុណមាន ថេរដីការបន្តថា៖ដោយសារតែស្ថានប័នពាក់ពន្ធ័មិនចាត់វិធានការតឹងរ៉ឹងនោះទើបធ្វើឱ្យជនល្មើសចូលកាប់ឈើរានយកដីធ្វើជាកម្មសិទ្ធិដោយមិនខ្លាចញញើតសមត្ថកិច្ចណាឡើយ។

ព្រះតេជគុណមានថេរដីកា ស្នើឱ្យ ស្ថាប័នមានសមត្ថកិច្ច ជួយមានវិធានការផង ព្រោះ បទល្មើសខុសច្បាប់នេះ អាជ្ញាធរភូមិ ឃុំ  មិនមានសមត្ថភាពបង្ក្រាបទេ។

លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ករណីកាប់ឈើរុករានព្រៃយកដីនេះលោកមិនទាន់ទទួលបានរបាយការណ៍ជាលាយលក្ខណ៍អក្សរពីព្រះសង្សនិងអាជ្ញាធរមូលដ្ឋានទេ។

លោកអះអាងថានឹងរៀបចំកម្លាំងចម្រុះថ្នាក់ស្រុក ឱ្យទៅពិនិត្យមើលជាក់ស្តែង ដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្តបន្ថែម  ជួយអន្តរាគមន៍បង្ក្រាបឱ្យមានប្រសិទ្ធភាព៕