ព័ត៌មានជាតិ

មណ្ឌលសំចតស្តារនីតិសម្បទាតម្លៃជាង២លានដុល្លារនៅប៉ោយប៉ែតនឹងត្រូវសម្ពោធនៅថ្ងៃទី១៨ខែធ្នូ

ដោយ ៖បន្ទាយ / បន្ទាយមានជ័យ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញសម្ពោធផ្លូវការដាក់អោយប្រើប្រាស់នូវមណ្ឌលសំចតនៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលថៃនាថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ ខាងមុខនេះ ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំមួយស្តីពីការត្រៀមរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការមណ្ឌលសំចតនៅក្រុងប៉ោយប៉ែតនោះក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក៏អញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច យុវនីតិសម្បទារកម្ពុជា រដ្ឋមន្ត្រីក្រសួងការងារនិងសុខុមាលភាពសង្គមថៃ ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងថៃ(TICA) ឯកអគ្គរាជទូតថៃ អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រី អ្នកពាក់ព័ន្ធផងដែរ ។

លោកស្រី ឈា ម៉ានិត ប្រធានមណ្ឌលសំចតខេត្តបន្ទាយមានជ័យមានការិយាល័យនៅក្រុងប៉ោយប៉ែតបានឱ្យដឹងកន្លងមកថា : គម្រោងសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរ មនុស្សនិងជនងាយរងគ្រោះដទៃទៀត មានទីតាំងស្ថិតក្នុងភូមិប្រជាធម្មកើតសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គម្រោងនេះ.មុននឹងចាប់ផ្តើមការសាងសង់ភាគីទាំងពីរគឺរាជរដ្ឋាភិបាល កម្ពុជា និង ថៃ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ក្នុងទឹកប្រាក់ជាង ២,៣លានដុល្លារអាម៉េរិក ។

គម្រោងសាងសង់១ឆ្នាំ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ដែលមានទំហំផ្ទៃដីសរុប ៩ .៧៦៨ ម៉ែត្រការ៉េ (បណ្តោយ ១០១,៣៩ម ទទឹង ៩៦,៣៤ម)។

ការទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដទៃទៀតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ការទទួលពលករ ពលការិនីកម្ពុជាបញ្ជូនមកពីប្រទេសថៃក្នុង១ថ្ងៃ ជាមធ្យម ៥០នាក់។

ក្នុងនោះ មជ្ឈមណ្ឌល ក៏មានជំនាញវិជ្ជាជីវៈចំនួន ៥ជំនាញ រួមមាន ៖ ជំនាញកាត់ដេរ ជំនាញសាឡន ជំនាញធ្វើម្ហូប/បង្អែម ជំនាញអគ្គិសនី និងទឹក ជំនាញម៉ាស៊ីនត្រជាក់ ។

សូមរំលឹកថា មជ្ឈមណ្ឌលសំចតនិងទទួលជនរងគ្រោះ ដោយសារការជួញដូរដែលមានតម្លៃជាង២.៣លានដុល្លារអាមេរិក ដែលជាជំនួយ របស់រាជរដ្ឋាភិបាលថៃត្រូវធ្វើពិធីទទួលនិងប្រគល់ផ្លូវការរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣ ។

លោកសេ្រដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃដែលជាប់ឆ្នោតថ្មីកាលពីខែកក្កដា បានទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងគឺមកកាន់កម្ពុជានិងជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដូចវេលាខាងលើ ហើយបានធ្វើជាអធិបតីភាពពិធីទទួលនិងប្រគល់ផ្លូវការនូវមណ្ឌលខាងលើ ៕