សន្ដិសុខសង្គម

តុលាការកំពុងសាកសួរ ជនសង្ស័យសម្លាប់សង្សារ រួចយកសពទៅព្យួរក

ដោត៖វិចិត្រ
ភ្នំពេញ៖ក្រោយពីសមត្ថកិច្ចបញ្ជូនជនសង្ស័យ ដល់សាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៣ខែធ្នូនេះ តុលាការបានបើកការស៊ើបសួរលើជនសង្ស័យ ពាក់ក់ព័ន្ធករណីសម្លាប់នាងសង្សារ រួចយកសពនាងទៅព្យួរក កាលពីប៉ុន្មានថ្ងៃមុននៅខណ្ឌពោធិ៍សែនជ័យ។

គួររំលឹកថា មានករណីឃាតកម្មបង្កការភ្ញាក់ភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែធ្នូកន្លងទៅនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ស្ត្រីដែលស្លាប់ឈ្មោះ ស៊ីម រ៉ាឌី អាយុ១៩ឆ្នាំជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយសង្សារ ភូមិ-សង្កាត់ខាងលើ។ទីកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ចំណែកជនដៃដល់ឈ្មោះភុំ ផា អាយុ២០ឆ្នាំនៅបន្ទប់ជួលជាមួយគ្នា។ កន្លែងកំណើត ភូមិគគីរកណ្តាល ឃុំលំលង ស្រុកអន្លុងវែង ខេត្តបន្ទាយមានជ័យ។

តាមការបំភ្លឺពីស្ត្រីឈ្មោះលំ តាំងយី អាយុ៤៣ឆ្នាំ ត្រូវជាម្តាយអ្នកស្លាប់បានឱ្យដឹងថា កូនស្រីចេញពីធ្វើការមិនឃើញចូលមកបន្ទប់ជួលរបស់គាត់ដូចសព្វដងទេ។ ពេលនោះគាត់បានទូរសព្ទ២ដង តែគ្មានអ្នកលើក។នៅថ្ងៃទី៧ ខែធ្នូគាត់មកមើលនៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង២ ដែលកន្លែងសង្សារកូនស្រីគាត់ឈ្មោះផា បានជួលស្នាក់នៅ តែឃើញចាក់សោទ្វារខាងក្រៅ។ពេលនោះក៏មានក្លិនស្អុយ គាត់ក៏អើតមើលឃើញកូនស្រីគាត់ចងកជាប់ធ្នឹមទ្វារបន្ទប់ទឹក ដោយមិនឃើញប្រុសសង្សារនោះទេ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
រហូតថ្ងៃទី៨ ខែធ្នូ ជនដៃដល់បានចូលទៅសារភាពនៅនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប។បន្ទាប់មកនគរបាលស្រុកក្រឡាញ់បានទំនាក់ទំនងមកនគរបាលរាជធានីភ្នំពេញជាម្ចាស់ករណីមកទទួលយកដើម្បីបន្តនីតិវិធី។ក្នុងករណីនេះជនដៃដល់បានសារភាពថា មូលហេតុរូបគេសម្លាប់នាងជាសង្សារ ដោយសារការប្រចណ្ឌ៕