អន្តរជាតិ

ចិនបង្ហាញយន្តហោះផលិតក្នុងស្រុករបស់ខ្លួនប្រភេទ C919 នៅទីក្រុងហុងកុង

ប្រែសម្រួល៖សហការី

យន្តហោះផលិតក្នុងស្រុកសម្រាប់ដឹកអ្នកដំណើរដ៏ទំនើបនិងថ្មីសន្លាងរបស់ចិនត្រូវបានដាក់តាំងបង្ហាញជាលើកដំបូងនៅខាងក្រៅទឹកដីរបស់ចិនដីគោកនៅថ្ងៃពុធ ទី១៣ ធ្នូ នេះ ក្រុមបណ្តាញផ្សព្វផ្សាយអន្តរជាតិនៅក្នុងទីក្រុងហុងកុងបានចូលទស្សនាជាលើកដំបូង។

យន្តហោះប្រភេទ C919 បានធ្វើការហោះហើរសម្រាប់សេវាកម្មពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួននៅក្នុងខែឧសភា ដែលចិនមានមហិច្ឆតាអស់ជាច្រើនទសវត្សរ៍ក្នុងការប្រកួតប្រជែងលើផ្នែអាកាសស៊ីវិលជាមួយនឹងសមភាគីលោកខាងលិច ដែលនឹងកាត់បន្ថយការពឹងផ្អែករបស់ចិនលើផ្នែកបច្ចេកវិទ្យាបរទេស។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិនមានការំពឹងថា យន្តហោះដែលមានរាងតូចល្មមរចនាឡើងដោយក្រុមហ៊ុនរដ្ឋចិន Commercial Aircraft Corp of China (COMAC) នឹងប្រកួតប្រជែងជាមួយនឹងម៉ូដែលបរទេសដូចជា Boeing 737 MAX និង Airbus A320 ជាដើម។

យន្តហោះផលិតក្នុងស្រុកនេះ កំពុងដាក់តាំងបង្ហាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិហុងកុងយន្តហោះ C919 នឹងហោះហើរពីលើកំពង់ផែ Victoria របស់ទីក្រុងហុងកុងនៅថ្ងៃសៅរ៍ខាងមុខ។

លោក John Lee មេដឹកនាំហុងកុង កាលពីថ្ងៃពុធបានសាទរចំពោះការអភិវឌ្ឍន៍យន្តហោះ C919 និង ARJ21 ដែលជាម៉ូដែលតូចជាងមុនផលិតដោយ COMAC ថាជា “ព្រឹត្តិការណ៍ដ៏សំខាន់” នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់ចិន។

លោក Lee បាននិយាយនៅក្នុងពិធីស្វាគមន៍ក្នុងអាកាសយានដ្ឋានថា “ការអភិវឌ្ឍប្រកបដោយជោគជ័យរបស់ប្រទេសចិននូវយន្តហោះដឹកអ្នកដំណើរដ៏ធំមួយនិងឈានមុខគេនៅក្នុងតំបន់ឧស្សាហកម្មដឹកជញ្ជូនតាមអាកាស” ។

លោកបានបន្ថែមថា C919 បានទទួលការបញ្ជាទិញជាង ១,០០០គ្រឿងរួចហើយ ។

ប្រទេសចិនបានបណ្តាក់ទុនយ៉ាងច្រើនលើយន្តហោះផលិតក្នុងស្រុក ខណៈដែលចិនកំពុងខិតខំបង្កើនសមត្ថភាពឲ្យពេញលេញដោយខ្លួនឯងនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ក៏ប៉ុន្តែមានផ្នែកជាច្រើនរបស់ C919 មានប្រភពមកពីបរទេស។

យន្តហោះនេះបានទទួលវិញ្ញាបនបត្រជាផ្លូវការក្នុងការហោះហើរកាលពីឆ្នាំមុន បន្ទាប់ពីការអភិវឌ្ឍអស់ រយៈពេលជាងមួយទសវត្សរ៍ ប៉ុន្តែមិនទាន់ទទួលបានអ្នកទិញលំដាប់អន្តរជាតិណាមួយនៅឡើយទេ។

អ្នកយកព័ត៌មាន និងភ្ញៀវត្រូវបានអញ្ជើញឲ្យធ្វើដំណើរតាមយន្តហោះកាលពីថ្ងៃពុធ ដោយទុករយៈពេលពីរថ្ងៃបន្តទៀតសម្រាប់ការមកទស្សនាពីតំណាងសហគមន៍មូលដ្ឋាន។

រដ្ឋាភិបាលបានបន្ថែមថា C919 ដែលបានចុះចតនៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃអង្គារនឹងហោះហើរជុំវិញកោះហុងកុងពីរដងនៅព្រឹកថ្ងៃសៅរ៍ប្រសិនបើអាកាសធាតុមានអំណោយផល៕

ប្រភព៖ AFP/gs