ព័ត៌មានជាតិ

កែលម្អនិងអភិវឌ្ឍទីតាំងចំនួន៤ក្នុងក្រុងកំពតបន្ថែមទៀតដើម្បីទាក់ទាញទេសចរឲ្យកាន់តែមានសន្ទុះកើនឡើង

ដោយ៖ កំចាយ

កំពត÷ ក្នុងបំណងបង្កើនសន្ទុះភ្ញៀវបន្ថែមទៀត រដ្ឋបាលខេត្តកំពតមានគម្រោងកែលម្អ និងអភិវឌ្ឍទីតាំងកម្សាន្តចំនួន៤កន្លែងឲ្យកាន់តែស្រស់បំព្រងទោះបីខេត្តនេះសម្បូរតំបន់ទេសចរណ៍គ្រប់ប្រភេទទៅហើយក្តី។ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារ:សំខាន់ៗមួយចំនួន។

ថ្លែងក្នុងកិច្ចប្រជុំខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្រោយពីស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩បានស្ងប់ស្ងាត់ទៅវិញ ខេត្តកំពតចាប់ផ្តើមមានភ្ញៀវចូលមកកម្សាន្តបន្តបន្ទាប់យ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ជាមួយនោះ សេវាកម្មទេសចរណ៍ក៏បានកើតឡើងបន្ថែម ដូចជា ការពង្រីកតំបន់លម្ហែកម្សាន្ត កន្លែងផ្តល់សេវាជូនភ្ញៀវពោរពេញដោយភាពទាក់ទាញដែលជាផ្នែកសំខាន់ធ្វើឱ្យទេសចរចូលមកសម្រាកលម្ហែកាន់តែច្រើន។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងការរីកចម្រើនផ្នែកវិស័យទេសចរណ៍នេះ រដ្ឋបាលខេត្តកំពតគ្រោងនឹងកែលម្អ ព្រមទាំងអភិវឌ្ឍលើទីតាំងសំខាន់ៗចំនួន៤ក្នុងក្រុងកំពតដើម្បឱ្យមានលំហូរទេសចរនាឆ្នាំ២០២៤ខាងមុខឡើងថែមទៀត។ ទីតាំងទី១: កន្លែងលម្ហែថ្មីស្ថិតនៅខាងមុខខ្លោងទ្វារផ្លូវចូលសាលសន្និសីទខេត្តគឺត្រូវតុបតែងលម្អ និងសាងសង់រូបសំណាកសត្វសេះសមុទ្រ ពករមទាំងបំពាក់ដោយភ្លើងពណ៌អមជាមួយការបាញ់ទឹក។ ទីតាំងទី២: ចន្លោះពីស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយដល់ស្ពានរថភ្លើង ត្រូវអភិវឌ្ឍទៅជាសួនកម្សាន្តមួយនៅចំកណ្តាលក្រុងកំពត។ ទីតាំងទី៣: រដ្ឋបាលខេត្តនឹងរៀបចំផែទូកទេសចរណ៍ឱ្យបានស្អាត និងមានភាពទាក់ទាញ។ ទីតាំងទី៤: សួរច្បារឆ្នេរព្រែកចាប់ពីរង្វង់មូលរូបសំណាកត្រីផ្សោតដល់រូបសំណាកព្រះបាទអង្គដួងដោយកែលម្អក្រាលការ៉ូប្រភេទថ្មម៉ាប។

ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា ក្រៅពីនេះ រដ្ឋបាលខេត្តនឹងរៀបចំឆ្នេរខ្សាច់កម្សាន្តកោះស្មៅឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត។ ចំណែកឃ្លងព្រែកផែទេសចរណ៍អន្តរជាតិក៏ត្រូវស្តារឱ្យបានធំទូលាយ។ លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ជាមួយនេះ រដ្ឋបាលខេត្តមានគម្រោងបង្កើតឆ្នេរសមុទ្រថ្មីមួយបន្ថែមទៀត។ រាល់ការអភិវឌ្ឍគឺធ្វើឡើងក្នុងបំណងទាញយកផលប្រយោជន៍ពីសក្តានុពលដែលខេត្តមាន ហើយផ្តល់ជូននូវប្រាក់ចំណូលសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ៕