សេដ្ឋកិច្ច

ឥណ្ឌូនេស៊ីនឹងធ្វើសវនកម្មលើ TikTok, Tokopedia ក្នុងភាពជាដៃគូពាណិជ្ជកម្មអនឡាញ

ប្រែសម្រួល៖សហការី

ក្រុម​បច្ចេកវិទ្យា TikTok របស់​ចិន និង GoTo របស់​ឥណ្ឌូនេស៊ី នឹង​ប្រតិបត្តិការក្នុងភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​អនឡាញដែលនឹង​សាកល្បងក្នុង​រយៈពេល​ជាច្រើន​ខែ ខណៈ​ដែល​និយតករបាន​វាយ​តម្លៃ​លើសក្តានុពល​​ពាណិជ្ជករខ្នាតតូច​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍មួយនេះ។

TikTok បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានយល់ព្រមចំណាយប្រាក់ចំនួន ៨៤០ លានដុល្លារដើម្បីទិញភាគហ៊ុនច្រើនក្នុងអង្គភាពពាណិជ្ជកម្មអនឡាញរបស់ GoTo Tokopedia បន្ទាប់ពីឥណ្ឌូនេស៊ីបានហាមឃាត់ការទិញទំនិញអនឡាញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីខែកញ្ញា ដោយលើកឡើងពីកិច្ចការពារអាជីវកម្មខ្នាតតូច និងរក្សាទិន្នន័យរបស់អ្នកប្រើប្រាស់។

ក្រុមហ៊ុនទាំងពីរបាននិយាយថាភាពជាដៃគូរបស់ពួកគេនឹងចាប់ផ្តើមនៅថ្ងៃអង្គារជាមួយនឹងរយៈពេលសាកល្បងដែលធ្វើឡើងដោយមានការពិគ្រោះយោបល់យ៉ាងដិតដល់ជាមួយនឹងការត្រួតពិនិត្យដោយនិយតករពាក់ព័ន្ធ។

លោក Zulkifli Hasan រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ីបានថ្លែងនៅក្នុងពិធីតាំងលក់ទំនិញអនឡាញថ្នាក់ជាតិដែលមានឈ្មោះថា Beli ថា “យើងនឹងផ្តល់រយៈពេលពី ៣ ទៅ ៤ ខែដើម្បីធ្វើការសាកល្បង ពីព្រោះបច្ចេកវិទ្យាមិនមែនជារឿងងាយស្រួលនោះទេ។ នេះជាគំនិតផ្តួចផ្តើមក្នុងស្រុកដែលត្រូវការប្រឹងប្រែងធ្វើឲ្យបានល្អឥតខ្ចោះ” ។

គាត់បានបន្តថា “គោលបំណងសំខាន់ នៃការសាកល្បងនេះ គឺដើម្បីជួយអ្នកលក់អនឡាញឲ្យពួកគេ អាចដំណើរការអាជីវកម្មឡើងវិញបន្ទាប់ពីមានការផ្អាកនៅលើបណ្តាញ TikTok” ។

Zulkifli បាននិយាយថា ក្រសួងនឹងធ្វើសវនកម្ម និងវាយតម្លៃលើភាពជាដៃគូនៅក្រោយពេលសាកល្បង ដោយមានបន្ថែមបទប្បញ្ញត្តិក្នុងគោលបំណងការពារអាជីវកម្មខ្នាតតូចដែលផ្តល់ការងារជាង ៩០ ភាគរយនៃកម្លាំងពលកម្មក្នុងប្រទេស។

TikTok បាននឹងកំពុងសម្លឹងរកមើលការផ្លាស់ផ្តូរកម្រឹតមូលដ្ឋានសម្រាប់អ្នកប្រើប្រាស់ជាង ១២៥ លាននាក់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីទៅជាប្រភពសំខាន់ក្នុងការរកប្រាក់ចំណូលតាមរយ:     e-commerce ខណៈដែលតម្លៃទំនិញសរុបរបស់ e-commerce ក្នុងប្រទេសនេះត្រូវបានគេព្យាករថានឹងកើនឡើងលើសទ្វេដងរហូតដល់ទៅ ១៦០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ។

ក្រុមអ្នកវិភាគបាននិយាយថា កិច្ចព្រមព្រៀងជាមួយ Tokopedia ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ីដែលមានអ្នកប្រើប្រាស់ជាង ៦៧ លាននាក់ នឹងជួយ TikTok ឲ្យក្លាយជាគូប្រជែងដ៏ខ្លាំងជាងគេជាមួយនឹងគូប្រជែងដែលបានបង្កើតឡើងដូចជា Shopee ដែលគ្រប់គ្រងដោយ Sea ដែលមានទីស្នាក់ការធំនៅសិង្ហបុរី និង Lazada ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយក្សរបស់ចិន Alibaba ។

អ្នកវិភាគ Jefferies បាននិយាយថា កម្មវិធីសាកល្បងនេះត្រូវបានគេរំពឹងថានឹងដកស្រង់បទពិសោធពីអ្នកប្រើប្រាស់ដូចជាមួយ TikTok Shop កាលពីមុនដោយកត់សម្គាល់ថាមានល្បឿនកំណើនយ៉ាងលឿននៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ពួកគេបាននិយាយថាតម្លៃប្រតិបត្តិការអនឡាញសរុបរបស់ TikTok Shop បានកើនឡើងបីដងដល់ទៅ ៦ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ នៅមុនពេលមានការហាមឃាត់ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយអស់រយ:ពេលជាង ១០ ឆ្នាំសម្រាប់ Tokopedia ដើម្បីឈានដល់កម្រឹតមួយនេះ។

ប្រភព៖ Reuters