សន្ដិសុខសង្គម

អង្គការសហប្រជាជាតិថាមីយ៉ាន់ម៉ាជាប្រភពផលិតអាភៀនដ៏ធំបំផុតនៅលើពិភពលោក

ប្រែសម្រួល៖សហការី

កាលពីថ្ងៃអង្គារ ទី១២ ធ្នូ អង្គការសហប្រជាជាតិបានចេញរបាយការណ៍មួយថាមីយ៉ាន់ម៉ាបានក្លាយជាប្រទេសដែលផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែមានអស្ថិរភាពនៅក្នុងស្រុកនិងថយចុះនៃការដាំដុះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ប្រទេសអាហ្វហ្គានីស្ថានបានថយចុះជាង ៩៥ ភាគរយក្នុងការដាំដុះអាភៀននៅក្នុងស្រុក បន្ទាប់ពីពួកតាលីបង់ធ្វើការហាមឃាត់ផលិតគ្រឿងញៀននៅក្នុងឆ្នាំ ២០២២ ឃើញថាការផ្គត់ផ្គង់នៅទូទាំងពិភពលោកបានប្តូរទិសទៅប្រទេសមីយ៉ាន់ម៉ាដែលជាកន្លែងអស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ចបង្កឡើងដោយរដ្ឋប្រហារឆ្នាំ ២០២១ បានជំរុញឲ្យមនុស្សជាច្រើនធ្វើកការដាំដុះអាភៀន។ នេះ​បើ​តាម​របាយការណ៍​​គ្រឿងញៀន និង​ឧក្រិដ្ឋកម្មរបស់អង្កការ UNODC។

កសិករមីយ៉ាន់ម៉ាឥឡូវនេះរកប្រាក់ចំណូលបានប្រហែល ៧៥ ភាគរយពីការដាំដុះអាភៀនក្នុងខណៈដែលតម្លៃជាមធ្យមបានកើនឡើងដល់ ៣៥៥ ដុល្លារក្នុងមួយគីឡូក្រាម ហើយផ្ទៃដីដាំដុះបានកើនឡើង ១៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ទំហំដីចាប់ពី ៤០,១០០ ហិកតាដល់ ៤៧,០០០ ហិកតា ដែលជំរុញឲ្យមានការកើនឡើងថែមទៀត។ អង្កការ UNODC បាននិយាយថា គឺជាទិន្នផលប្រកបដោយសក្តានុពលក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០១ ។

លោក Jeremy Douglas អ្នកតំណាងប្រចាំតំបន់របស់អង្កការ UNODC បាននិយាយថា “ការរំខានផ្នែកសេដ្ឋកិច្ច សន្តិសុខ និងអភិបាលកិច្ចបន្ទាប់ពីការកាន់កាប់ដោយរបបយោធានៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ និងបន្តជំរុញកសិករនៅតាមតំបន់ដាច់ស្រយាលឆ្ពោះទៅរកការដាំអាភៀនដើម្បីចិញ្ចឹមជីវិត” ។

របាយការណ៍របស់ UNODC បាននិយាយថា តំបន់ដាំដុះអាភៀនបានពង្រីកខ្លួនភាគច្រើននៅក្នុងតំបន់ព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ានៃភាគខាងជើងរដ្ឋ Shan បន្ទាប់មកដោយរដ្ឋ Chin និង Kachin ខណៈដែលទិន្នផលកើនឡើងពី ១៦ ភាគរយដល់ទទួលផលបាន ២២.៩ គីឡូក្រាមក្នុងមួយហិកតា ដោយសារតែការអនុវត្តកសិកម្មកាន់តែទំនើប។

លោក Douglas បាននិយាយថា ការកើនឡើងនៃការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចប្រដាប់អាវុធទំនងជានឹងពន្លឿនការពង្រីកការដាំដុះអាភៀន។

របប​យោធា​មីយ៉ាន់ម៉ា​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់ Reuters សុំ​ការ​ពន្យល់នោះ​ទេ។

ការពង្រីកការដាំដុះអាភៀនត្រូវបានបញ្ចូលក្នុងទម្រង់សេដ្ឋកិច្ចខុសច្បាប់ដែលកំពុងរីកចម្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរួមមានកម្រិតខ្ពស់នៃការផលិត និងការជួញដូរគ្រឿងញៀនសំយោគ ព្រមទាំងសហគ្រាសឧក្រិដ្ឋជនផ្សេងទៀតតាំងពីការលាងលុយកខ្វក់ រហូតដល់មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតដែលដំណើរការដោយឧក្រិដ្ឋកម្មរៀបចំ៕

ប្រភព៖ Reuters