ព័ត៌មានជាតិ

សិស្សនិទ្ទេសA គ្រួសារក្រីក្រ,ពិការភាពខ្លះនៅបន្ទាយមានជ័យទទួលបានអាហារូបករណ៍និងការឧបត្ថម្ភពីថ្នាក់ដឹកនាំ

ដោយ ៖បន្ទាយ / បន្ទាយមានជ័យ

សិស្សជាប់បាក់ឌុបនិទ្ទេសA តែគ្រួសារមានជីវភាពក្រីក្រនិងសិស្សពិការភាពមួយចំនួនមានឱកាសទទួលបានអាហារូបករណ៍និងការឧបត្ថម្ភពីមន្ត្រីថ្នាក់ដឹកនាំ ។

មន្ត្រីអប់រំបានអោយដឹងនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣ ថា : សិស្សឈ្មោះ ភាព សុកាន់យ៉ា សិស្សក្រីក្រ រៀននៅវិទ្យាល័យមង្គលបូរី ប្រលងបាននិទ្ទេស A ។នាងរស់នៅជាមួយឪពុកម្តាយមានជីវភាពក្រីក្រនៅភូមិនាងកេត ឃុំឫស្សី ក្រោក ស្រុកមង្គលបូរី ។

លោកហ៊ូ ប៊ុនហេង ទីប្រឹក្សានិងជាក្រុមការងារអាហារូបករណ៍បានអោយដឹងថា : ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បានផ្ដល់ព័ត៌មានមកក្រុមការងារអាហារូបករណ៍ ត្រូវបានលោកកែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ បានផ្ដល់ជូននូវអាហារូបករណ៍ ១០០% រៀននៅសាកលវិទ្យាល័យជាតិមានជ័យជាអាទិភាព ។

សូមជូនពរក្មួយបានជោគជ័យក្នុងការសិក្សា ដើម្បីផ្លាស់ប្ដូរមុខមាត់គ្រួសារពីភាពក្រីក្រឈានទៅកាន់ជីវភាពមធ្យមនិងស្មើមុខស្មើមាត់គេក្នុងសង្គម ។

ចំណែកលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រីបានទំនាក់ទំនងនិងជួយសម្រួលជាមួយលោកបណ្ឌិតសុខ ឃន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិបាត់ដំបងដើម្បីទទួលបានអាហារូបករណ៍១០០%និងកន្លែងស្នាក់នៅសម្រាប់ការសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រដល់ក្មួយស្រី នី និត អាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១២ វិទ្យាល័យកូប ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បាននិទ្ទេសA  សម័យប្រឡងថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២៣ កន្លងមក។

ក្មួយស្រីនី និត មានឪពុកឈ្មោះនី នឿន ជាកម្មករសំណង់និងម្តាយឈ្មោះវេង សាអែម ជាកសិករ រស់នៅភូមិទំនប់ដាច់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ដែលស្ថានភាពជីវភាពខ្វះខាត ។

ការជួយឧបត្ថម្ភ របស់លោកអភិបាលខេត្តក៏ដូចលោកសាកលវិទ្យាធិការជាតិបាត់ដំបង ជាការ”លើកទឹកចិត្ត”ដល់ការខិតខំយកចិត្តទុកដាក់ស្តាប់ដំបូន្មានឪពុកម្តាយ ចាស់ទុំ គណៈគ្រប់គ្រងសាលា អាជ្ញាធរមានសមត្ថកិច្ចនិងប្រឹងប្រែងរៀនសូត្រពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ  ។

និង”ផ្តល់កម្លាំងចិត្ត”អោយក្មួយស្រីរឹងរឹតតែខិតខំរៀនសូត្របានពូកែ លទ្ធផលល្អប្រសើរថែមទៀត ដោយមិនត្រូវតូចចិត្តនឹងស្ថានភាពជីវភាពគ្រួសារ។ពោលគឺភាពក្រីក្រ ការខ្វះខាតលំបាកមិនមែនជាឧបសគ្គដល់ការរៀនសូត្រអោយពូកែឆ្នើមនោះទេ ។លោកអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាសម្រាប់សោហ៊ុយ ធ្វើដំណើរផងដែរ ។

ករណីមួយទៀត ក្មួយស្រីលី ស្រីពិន សិស្សមានពិការភាព បានការស្នាក់នៅមណ្ឌលអង្គការកុមារមេគង្គកម្ពុជានិងបានចូលរៀនសូត្រនៅវិទ្យាល័យអូរអំបិលនាងជាសិស្សមានពិការភាពរស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ

ពោលគឺក្រោមការយកចិត្តទុកដាក់ របស់ លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ឃូ ពៅ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះបច្ចប្បន្នទទួលបានការស្នាក់នៅមណ្ឌលអង្គការកុមាមេគង្គកម្ពុជា(Enfand du Mékong , Cambodge ) ដែលមានការិយាល័យកណ្តាលនៅខេត្តបន្ទាយមានជ័យ និងបានចូលរៀនសូត្រនៅវិទ្យាល័យអូរអំបិល ជាបគ្នានោះ ។

ក្មួយស្រីឈ្មោះលី ស្រីពិន ជាសិស្សត្រូវឡើងថ្នាក់ទី៧ថ្មី នៃអនុវិទ្យាល័យភ្នំលៀបរស់ននៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។

អ្នកស្រីគង់ ម៉ាលី ស្មៀនឃុំភ្នំលៀបបានអោយដឹងថា : គួរសោកស្តាយ ក្មួយស្រីលី ស្រីពិន ភេទស្រី កើតថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១០ ជាសិស្ស ឡើងថ្នាក់ទី ៧ថ្មី នៃអនុវិទ្យាល័យភ្នំលៀប នោះ ពុំមានប័ណ្ណក្រីក្រ ឬប័ណ្ណបញ្ជាក់ជនមានពិការភាព ឡើយ ។នាងមានឪពុកឈ្មោះ លឹម ឡី មុខរបរ ធ្វើស្រែ និងម្តាយឈ្មោះ រិន ស្រីមុំ មុខរបរ មេផ្ទះ ៕