អន្តរជាតិ

មេដឹកនាំចិនទៅទស្សនកិច្ចនៅវៀតណាមក្នុងគោលបំណងបន្សាបឥទ្ធិពលអាមេរិក

ប្រែសម្រួល៖សហការី

នៅថ្ងៃអង្គារ ១២ ធ្នូ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកដើម្បីប្រឆាំងនឹងឥទ្ធិពលអាមេរិកដែលកំពុងកើនឡើងជាមួយប្រទេសវៀតណាម។

លោក Xi នឹងជួបជាមួយលោក Nguyen Phu Trong ដែលជាមេដឹកនាំបក្សកុម្មុយនិស្តកំពុងកាន់អំណាច បន្ទាប់ពីបានធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូតជាមួយក្រុងវ៉ាស៊ីនតោន នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចកាលពីខែកញ្ញាកន្លងទៅ។

ដំណើរទស្សនកិច្ចរបស់លោក Biden គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកជុំវិញពិភពលោក ដើម្បីទប់ស្កាត់អំណាចនិងឥទ្ធពលរបស់ចិនដែលកំពុងកើនឡើង និងដើម្បីធានាការផ្គត់ផ្គង់សម្ភារសំខាន់ៗដែលត្រូវការសម្រាប់ការផលិតបច្ចេកវិទ្យាថ្មីទំនើបៗ។

វៀតណាម​បានប្រកាន់គោលជំហរជា​យូរ​ហើយដោយប្រើប្រាស់​​វិធីសាស្ត្រនយោបាយ “ការទូត​ឫស្សី” ដើម្បី​​រក្សា​នូវ​លក្ខខណ្ឌទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសមហាអំណាច​ទាំងពីរ។

សហរដ្ឋអាមេរិកបានរួមចំណែកក្នុងការចែករំលែកនូវកង្វល់ដែលកាន់តែកើនឡើងដោយសារការអះអាងរបស់ចិនក្នុងការវាតទីលើសមុទ្រចិនខាងត្បូងដែលបង្កឲ្យមានជាជម្លោះប៉ុន្តែវៀតណាមនៅតែរក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយប្រទេសចិនដដែល ខណៈដែលប្រទេសទាំងពីរនេះកំពុងកាន់អំណាចដោយបក្សកុម្មុយនិស្តដូចគ្នា។

វៀតណាម និងចិនបានឈរនៅលើគោលការណ៏ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ក្រុងហាណូយ និងក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យមានការប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងកម្រិតដូចគ្នាកាលពីខែកញ្ញា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងថា ដំណើរទស្សនកិច្ចនេះនឹងមានការពិភាក្សាអំពី “ការជម្រុញទំនាក់ទំនងរវាងចិននិងវៀតណាមឲ្យកាន់តែស៊ីជម្រៅថែមទៀត”។

លោក Xi ជំរុញវៀតណាមឲ្យចូលរួមជាមួយ “សហគមន៍នៃជោគវាសនារួមគ្នា” របស់គាត់ ដែលជាការកំណត់យ៉ាងច្បាស់លាស់មួយសំដៅទៅលើចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតលើបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងនយោបាយ។

លោក Wang បាននិយាយថា របៀបវារៈសម្រាប់ដំណើទស្សនកិច្ច​ររបស់លោក Xi រួមមាន “នយោបាយ សន្តិសុខ កិច្ចសហប្រតិបត្តិការជាក់ស្តែង ការបង្កើតវេទិការសាធារណៈ បញ្ហាពហុភាគី និងបញ្ហាដែនសមុទ្រជាដើម”។

លោក Xi នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងប្រធានាធិបតី Vo Van Thuong នៅថ្ងៃពុធនេះដែលនឹងការដាក់កម្រងផ្កានៅលើមឈូសរបស់មេដឹកនាំបដិវត្តហូជីមិញ។

ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នេះ​កើតឡើង​នៅចំពេលដែលមានសភាព​តានតឹង​​កំពុង​កើនឡើង​រវាង​ចិន​និង​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់គ្នា​រវាង​នាវា​របស់​ប្រទេស​ទាំងពីនៅ​លើតំបន់​ថ្មប៉ប្រះទឹក​។

ប្រទេសហ្វីលីពីនបានអះអាងថា ខ្លួនបានកោះហៅអ្នកការទូតរបស់ចិនកាលពីថ្ងៃចន្ទ ហើយបានព្រមានពីលទ្ធភាពបណ្តេញទូតចិនចេញពីប្រទេស។

វៀតណាម រួម​ជាមួយ​ម៉ាឡេស៊ី ប្រ៊ុយណេ និង​តៃវ៉ាន់ ក៏​មាន​ការ​ទាមទារតំបន់​ត្រួតស៊ីគ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានពង្រីកការកាន់កាប់ដែនទឹកនៅសមុទ្រចិនខាងត្បូង ដោយបង្កើតកោះយោធា ដែលមានផ្លូវយន្តហោះ កំពង់ផែ និងប្រព័ន្ធរ៉ាដាយោធាដើម។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Biden ទៅកាន់វៀតណាម​អាមេរិក​បាន​រួមគ្នាធ្វើការព្រមាន​​ប្រឆាំង​នឹងការ​គំរាមកំហែងដោយ​ប្រើ​កម្លាំងបាយរបស់ចិន នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

វៀតណាមគឺជារដ្ឋសមាជិកអាស៊ានមួយក្នុងចំណោមសមាជិកអាស៊ានមួយចំនួនដែលមានការខកចិត្តចំពោះការបង្កើតផែនទីផ្លូវការថ្មីមួយរបស់ចិនដែលបានចេញផ្សាយកាលពីខែកញ្ញាបានបង្ហាញពីការកំណត់ដែលអធិបតេយ្យភាពរបស់ចិនលើដែនសមុទ្រដែលសម្បូរដោយធនធានធម្មជាតិស្ទើរតែទាំងស្រុង។

អ្នកវិភាគនិយាយថាក៏ដូចគ្នានឹងដំណើររបស់លោក Biden ក្នុងខែកញ្ញាផងដែរសម្រាប់ លោក Xi វិញអាចនឹងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើរ៉ែដ៏កម្រសម្រាប់ប្រើក្នុងការផលិតឧបករណ៍បច្ចេកវិទ្យាកម្រឹតខ្ពស់ ដូចជាស្មាតហ្វូន និងអាគុយរថយន្តអគ្គិសនី។

ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់វៀតណាមបានរាយការណ៍កាលពីខែមុនថា China Rare Earth Group កំពុងស្វែងរកឱកាសដើម្បីធ្វើការជាមួយក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់វៀតណាម Vinacomin ។

ចំណែកសហរដ្ឋអាមេរិក និងវៀតណាមកាលពីខែកញ្ញាក៏បានព្រមព្រៀងគ្នាសហការគ្នាដើម្បីជួយទីក្រុងហាណូយក្នុងការបង្កើនបរិមាណអភិវឌ្ឍន៍ធនធានរ៉ែកម្ររបស់ខ្លួន៕

ប្រភព៖ AFP