កីឡា

ប្រធានក្លិបបាល់ទាត់តួកគីត្រូវបានឃាត់ខ្លួនបន្ទាប់ពីដាល់អាជ្ញាកណ្តាលក្នុងទីលានប្រកួត

ប្រែសម្រួល៖ បញ្ញា

តុលាការតួកគីកាលពីថ្ងៃអង្គារបានចេញដីកាចាប់ខ្លួនប្រធានក្លិប Ankaragucu លោក Faruk Koca ពីបទដាល់អាជ្ញាកណ្តាលនៅមុនចុងបញ្ចប់នៃការប្រកួត Super Lig ហើយក៏បានឃាត់ខ្លួនជនសង្ស័យពីរនាក់ផ្សេងទៀតពីបទប្រើហិង្សា។

សហព័ន្ធបាល់ទាត់តូកគី (TFF) បានថ្លែងថា ខ្លួនបានផ្អាកការប្រកួតលីកទាំងអស់ បន្ទាប់ពីឧប្បត្តិហេតុ ដ៏សែនអាម៉ាសនេះបានកើតឡើងនៅពេលដែល Koca បានដាល់អាជ្ញាកណ្តាល Halil Umut Meler ដែលទទួលបន្ទុកការប្រកួតក្នុងប្រទេសរបស់ Ankaragucu ទល់នឹង Rizespor កាលពីថ្ងៃចន្ទកន្លងទៅ។

លោក Yilmaz Tunc រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននិយាយថា Koca និងអ្នកពាក់ព័ន្ធក្នុងការប្រើអំពើរហិង្សាពីរនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទបង្ករបួសស្នាមដល់មន្ត្រីសាធារណៈបន្ទាប់ពីព្រះរាជអាជ្ញាទទួលបានការសារភាពរពីពួកគេ។

Tunc បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថា “ការស៊ើបអង្កេតក្នុងឧប្បត្តិហេតុនេះកំពុងតែបន្តយ៉ាងយកចិត្តទុកដាក់បំផុត” ។ តុលាការបានចេញដីកាសម្រេច​ដាក់​ជន​សង្ស័យ​បី​នាក់​បន្ថែម​ទៀតឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់តុលាការ។

បើយោងតាមខ្សែវីដេអូពីទូរទស្សន៍រដ្ឋ TRT បានបង្ហាញឲ្យឃើញថា Koca បានចូលទៅក្នុងទីលានប្រកួត ហើយបានវាយទៅលើ Meler នៅពេលដែលគាត់កំពុងតែផ្លុំកញ្ចែចុងក្រោយបន្ទាប់ពី Rizespor រកបានគ្រាប់បាល់តាមស្មើនៅនាទីទី ៩៧ ក្នុងលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Eryaman ។

អ្នកគាំទ្រ Ankaragucu បានចូលទៅក្នុងទីលានបន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ហើយ Meler ក៏ត្រូវបានគេទាត់បន្ថែមទៀតក្នុងខណ:ពេលដែលគាត់ដួល នៅទីបំផុតគាត់ត្រូវបានជួយសង្រ្គោះដោយក្រុមប៉ូលិស។

សហព័ន្ធបាននិយាយថា Ankaragucu ដែលមានប្រធានក្លិបនិងអ្នកដែលមានកំហុសក្នុងការវាយតប់លើអាជ្ញាកណ្តាល នឹងត្រូវ “ដាក់ទណ្ឌកម្មក្នុងលក្ខខណ្ឌធ្ងន់ធ្ងរបំផុតតាមដែលអាចធ្វើទៅបាន” ។

ប្រធាន FIFA លោក Gianni Infantino បាន​និយាយ​ថា ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ប្រកួត​គឺ “ពិតជាមិន​អាច​ទទួល​យក​បាន​ទេ”។

លោក​បាន​បន្ថែម​ថា​បើ​គ្មានអាជ្ញាកណ្តាលសម្រាប់ការប្រកួត​ក៏​គ្មានការលេង​បាល់ទាត់​ដែរ។

Meler ក្នុងវ័យ ៣៧ ឆ្នាំជាអាជ្ញាកណ្តាលរបស់ FIFA តាំងពីឆ្នាំ ២០១៧ មកបានចូលកាន់តំណែងគ្រប់គ្រងការប្រកួតវគ្គចែកពូលក្នុងក្របខ័ណ្ឌ Champions League របស់ Lazio ជាមួយក្រុម Celtic នៅថ្ងៃទី ២៨ ខែវិច្ឆិកា។

ប្រធានាធិបតីតួកគីលោក Tayyip Erdogan បាននិយាយនៅលើ X ថាកីឡាគឺ “មិនត្រូវប្រើអំពើហិង្សា” ។

យើងនឹងមិនអនុញ្ញាតឲ្យមានអំពើហិង្សាកើតឡើងនៅក្នុងកីឡាតួកគីទៀតទេ។

អាជ្ញាកណ្តាលនៅក្នុងប្រទេសតួកគីតែងតែរងការរិះគន់ដោយអ្នកគ្រប់គ្រងក្លិប និងប្រធានសម្រាប់ការសម្រេចចិត្តរបស់ពួកគេ ប៉ុន្តែកម្រជាគោលដៅនៃការវាយប្រហារដោយហិង្សាណាស់។

ក្រុម Ankaragucu បានឈរលើតារាងលេខរៀងទី ១១ មាន ១៨ ពិន្ទុ ជាប់ចំណាតថ្នាក់លេខ ៣ ក្រោម Rizespor មាន ២២ ពិន្ទុបន្ទាប់ពីការប្រកួតចំនួន ១៥លើក៕

ប្រភព៖ Reuters