សេដ្ឋកិច្ច

ត្រឹមដើមខែធ្នូ,កសិករខេត្តកំពតប្រមូលផលស្រូវបានជាង២៤ម៉ឺនតោនលើផ្ទៃដីប្រមាណ៧ម៉ឺន៥ពាន់ហិកតា

កំពត÷ គំិតត្រឹមចុងសប្តាហ៍ទីមួយខែធ្នូនេះ ប្រជាកសិករខេត្តកំពតប្រមូលផលស្រូវវស្សាបានជាង២៤ម៉ឺនតោនលើទំហំប្រមាណ៧៥.០០០ហិកតា ពោលគឺស្មើនឹង៥៦ភាគរយនៃផ្ទៃដីស្រែបង្កបង្កើនផលទាំងមូល។

លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យក្សេត្រសាស្ត្របានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ការប្រមូលផលស្រូវវស្សាសម្រេចបានជាង៧ម៉ឺន៥ពាន់ហិកតា ស្មើនឹង៥៦ភាគរយនៃផ្ទៃដីបង្កបង្កើតផល។ ចំណែកទិន្នផលស្រូវគឺបានជាង២៤ម៉ឺនតោន។ លោកប្រធានការិយាល័យបានបន្តថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តគោលនយោបាយលើកកម្ពស់វិស័យកសិកម្ម ទីផ្សារស្រូវឆ្នាំនេះល្អជាងបណ្តាឆ្នាំមុន។ ស្រូវលក់នៅក្នុងស្រែជាមធ្យមម្លៃ១.៣០០រៀលក្នុង១គីឡូ ខណៈដែលឆ្នាំមុនតម្លៃចន្លោះពី៧០០រៀល ទៅ៨០០រៀលប៉ុណ្ណោះ។

លោក អុឹម ណាត កសិកររស់នៅភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូបានរៀបរាប់ថា ការធ្វើកសិកម្មបច្ចុប្បន្នមិនសូវពិបាកដូចមុនទេ ពិសេសដំណាំស្រូវគឺមានគ្រឿងចក្រភ្ជួររាស់ និងច្រូតកាត់ដោយមិនចាំបាច់បោកបែនប្រើកម្លាំងមនុស្សទៀតឡើយ។ ឆ្នាំនេះ ការប្រមូលផលស្រូវទទួលបានបរិមាណច្រើនជាងមុន ហើយតម្លៃក៏ខ្ពស់ដោយមានឈ្មួញមកចាំទិញដល់ស្រែតែម្តង។

លោក សុខ ម្ចាស់ម៉ាស៊ីនច្រូត និងជាឈ្មួញទិញស្រូវរស់នៅភូមិឃុំដូចកសិករខាងលើបានប្រាប់ឱ្យដឹងថា កសិករចាប់ផ្តើមទំនាក់ទំនងរកម៉ាស៊ីនច្រូតកាត់ជាង១០ថ្ងៃមកហើយ។ ការច្រូតស្រូវបច្ចុប្បន្នគឺគិតឈ្នួលក្នុង១បាវតម្លៃ១ម៉ឺនរៀល ដោយ១ថ្ងៃលោកអាចច្រូតបានពី៣ហិកតាទៅ៤ហិកតា ឬជាង១០០បាវ។ ម្ចាស់គ្រឿងចក្រដដែលបានបញ្ជាក់ថា ឆ្នាំនេះកសិករសប្បាយចិត្តខ្លាំង ព្រោះទិន្នផលស្រូវទទួលបានច្រើន តម្លៃលក់ក៏បានខ្ពស់ គឺទិញដល់ស្រែ ១.៣០០រៀលក្នុង១គីឡូក្រាម។ ចំណែកស្រូវហាលស្ងួត តម្លៃ១.៥០០រៀលក្នុង១គីឡូក្រាម។ លោកជឿជាក់ថា បើរាជរដ្ឋាភិបាលរក្សាតម្លៃស្រូវកុំឱ្យចុះវិញបាន នោះជីវភាពប្រជាកសិករពិតជាកាន់តែប្រសើរនាពេលអនាគត។ គោលនយោបាយលើកកម្ពស់វិស័យកសិកម្មរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការផ្តល់មន្ត្រីជំនាញចុះបណ្តុះបណ្តាលផ្នែកកសិកម្ម និងការស្វែងរកទីផ្សារពិតជាបានជួយដល់កសិករឱ្យមានក្តីសង្ឃឹម ក៏ដូចជាស្នាមញញឹមសម្រាប់ជីវិតក្នុងសង្គម៕