សន្ដិសុខសង្គម

តៃកុងរថយន្តចុះរត់យករួចខ្លួនបន្ទាប់ពីបើកបុកអ្នកជិះម៉ូតូស្លាប់នៅលើដងផ្លូវ

ដោយ:សុខុម
កំពង់ស្ពឺ:អ្នកបើកបររថយន្តដឹកប្រេងបើកទ្វាររត់គេចខ្លួនបាត់ស្រមោលក្រោយបុកអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់នៅលើផ្លូវជាតិលេខ៤១ភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ វេលាម៉ោង៥ព្រឹកថ្ងៃទី១២ ខែធ្នូឆ្នាំ ២០២៣។


សមត្ថកិច្ចបានឲ្យដឹងក្រោយពេលកើតហេតុបន្តិចថាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកប្រេងបុកប៉ះអ្នកជិះម៉ូតូហើយរេចង្កូតជ្រុលទៅបុករថយន្តដឹកកម្មករប្រហែល៥០នាក់ បណ្ដាលឲ្យរងរបួសជាច្រើននាក់។ករណីនេះ កម្លាំងនគរបាលបានចេញជួយអន្តរាគមន៍សង្គ្រោះ និងសម្រួលចរាចរណ៍ មិនបណ្តាលឱ្យកកស្ទះនៅតាមដងផ្លូវជាតិលេខ៤១។


កម្មកររងរបួសមួយចំនួន កំពុងសង្គ្រោះទៅមន្ទីរពេទ្យនៅជិតកន្លែងកើតហេតុ។អ្នកបើករថយន្តដឹកកម្មករក៏រងរបួសធ្ងន់ផងដែរ។ភ្លាមនោះសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណអ្នកបើកម៉ូតូដែលស្លាប់នៅឡើយ។សមត្ថកិច្ចកំពុងស្វែងរកអ្នកបើកបររថយន្តដឹកប្រេងដែលបង្កបុកអ្នកជិះម៉ូតូស្លាប់មកទទួលខុសត្រូវចំពោះមុខច្បាប់៕