ព័ត៌មានជាតិ

ដើមខែធ្នូឆ្នាំ២០២៣ពលករខ្មែរទៅធ្វើការនៅថៃតាមរយៈក្រុមហ៊ុនមានចំនួន១,៥៤៣នាក់

បន្ទាយមានជ័យ៖ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃតាមរយៈក្រុមហ៊ុននៅដើមខែធ្នូ នាចុងឆ្នាំ២០២៣ ជិតផុតនេះមានចំនួន១,៥៤៣នាក់ ។

នេះបើយោងទិន្នន័យគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ហើយឆ្លងតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ)-ខ្លងលឹក (ស្រុកអារញ្ញប្រេតខេត្តស្រះកែវ) ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងទី១១ខែធ្នូឆ្នាំ២០២៣ថា ពលករខ្មែរដែលត្រូវទៅធ្វើនៅប្រទេសថៃតាមរយៈការបំពេញបែបបទនិងចុះឈ្មោះជាមួយក្រុមហ៊ុនស្របច្បាប់នៅត្រឹមដើមខែធ្នូ ចុងឆ្នាំ២០២៣ មានចំនួន១,៥៤៣នាក់/ស្រី៦៩៩នាក់ ។

លោកបានអោយដឹងបន្តថា៖ពលករខ្មែរបានទៅធ្វើការងារដោយស្របច្បាប់នៅប្រទេសថៃទាំងនោះមានដូចជាការងារនៅក្រុមហ៊ុន : រោងចក្រកាត់ដេរនិងវាយនភ័ណ្ឌ ,រោងចក្រផលិតគ្រឿងបន្លាស់រថយន្ត ,រោងចក្រផលិតគ្រឿងបរិភោគ ,ក្រុមហ៊ុនសំណង់ឬសេវាកម្មនានា។ល។

ការដែលប្រជាពលរដ្ឋជាពលករខ្មែរទៅរកការងារធ្វើនៅបរទេស ពិសេសប្រទេសថៃដែលជាប់ព្រំដែនគោកជាមួយកម្ពុជានិងជាប្រទេសតែមួយគត់ដែលទទួលកម្លាំងពលកម្មពីកម្ពុជាជិត២លាននាក់ តាមរយៈក្រុមហ៊ុនស្របច្បាប់ដែលអនុញ្ញាតដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:កម្ពុជា ហើយទទួលស្គាល់ដោយក្រសូងការងារនិងសុខុមាលភាពសង្គមថៃបែបនេះ នាំអោយមន្ត្រីអាជ្ញាជ្ញាធរមានសមត្ថកិច្ចរាជរដ្ឋាភិបាលនិងថ្នាក់ក្រោមជាតិស្វាគមន៍និងលើកទឹកចិត្ត៕