សេដ្ឋកិច្ច

កម្ពុជា ស្នើក្រសួងផែនការ-វិនិយោគវៀតណាមជួយកៀរគរវិនិយោគិនមកវិនិយោគខ្សែចង្វាក់ផលិតកម្មកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល

ហាណូយ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលជួបពិភាក្សាការងារជាមួយលោកជំទាវ ង្វៀន ធីប៊ិច ង៉ុក(Nguyen Thi Bich Ngoc) អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម ដើម្បីពិភាក្សាការងារស្តីពីការជំរុញការវិនិយោគទ្វេទិសរវាងកម្ពុជា និងវៀតណាម។

ជំនួបនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកកាន់រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងជំនួនបនោះ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានសំណូមពរភាគីវៀតណាមរួមគ្នាក្នុងការជំរុញការវិនិយោគបង្កើតខ្សែចង្វាក់តម្លៃ(Value Chain ) ក្នុងតំបន់ នៃប្រទេសទាំងពីររួមទាំងប្រទេសឡាវផងដែរ។ជាពិសេសជួយជំរុញការបង្កើតមូលដ្ឋានផលិតកម្មកែច្នៃវត្ថុធាតុដើមដូចជាជ័រកៅស៊ូ ជាដើមក្នុងប្រទេសកម្ពុជាហើយ នាំចេញ តាម ប្រទេសវៀតណាម។

ឯកឧត្តមអគ្គលេខាធិការក៏បានស្នើក្រសួងផែនការនិងវិនិយោគវៀតណាមពិនិត្យលទ្ធភាពរុញច្រានវិនិយោគិន វៀតណាមដើម្បីមក ស្វែងរកឱ កាស វិនិយោគសំដៅ ធ្វើ យ៉ាង ណា តភ្ជាប់ខ្សែចង្វាក់ផលិតកម្ម(Production chain)កម្ពុជា-វៀតណាម ដើម្បីរួមគ្នាកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល។

ឯកឧត្តមមានទំនុកចិត្តថាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងផែនការ និងវិនិយោគវៀតណាម នឹងបន្តមានវឌ្ឍនភាពជាលំដាប់ ក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិនិយោគិន ព្រមទាំងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធផលនូវខ្លឹមសារដូចមានចែងក្នុងកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជំរុញ និងការការពារវិនិយោគ។

បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានស្នើក្រសួងផែនការ និងវិនិយោគមេត្តាពិនិត្យលទ្ធភាពរុញច្រានវិនិយោគិនវៀតណាមដើម្បីមកស្វែងរកឱកាសវិនិយោគសំដៅ ធ្វើយ៉ាងណាតភ្ជាប់ខ្សែចង្វាក់ផលិតកម្មកម្ពុជា-វៀតណាម ដើម្បីរួមគ្នាកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល។

ជាការឆ្លើយតប លោកជំទាវង្វៀន ធីប៊ិច ង៉ុក បានឯកភាពនិងលើកសំណើនេះទៅរដ្ឋាភិបាលវៀតណាម។ជាមួយគ្នានេះ លោកជំទាវអនុរដ្ឋមន្រ្តី ក៏បានស្នើក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បន្តកិច្ចសហការល្អជាមួយក្រសួងផែនការ និងវិនិយោគវៀតណាមដើម្បីជំរុញការវិនិយោគរបស់ប្រទេសទាំងពីរ៕