អន្តរជាតិ

អាមេរិកអំពាវនាវឲ្យចិនបញ្ឈប់ការប្រើកម្លាំងបាយមកលើហ្វីលីពីន

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃអាទិត្យ ១០ ធ្នូអាមេរិកបានអំពាវនាវដល់ក្រុងប៉េកាំងឲ្យបញ្ឈប់សកម្មភាព “បង្កឲ្យមានគ្រោះថ្នាក់ និងអស្ថិរភាពក្នុងតំបន់” នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះដ៏ចម្រូងចម្រាស់ បន្ទាប់ពីទូកហ្វីលីពីន និងនាវាឆ្មាំសមុទ្រចិនបានបុកគ្នានៅជិតថ្មប៉ប្រះទឹកដែលជាតំបន់ប្រទាញប្រទង់គ្នាដ៏ចម្រូងសម្រាស់បំផុត។

ប្រទេសទាំងពីរបានដាក់ការស្តីបន្ទោសលើគ្នាទៅវិញទៅមកបន្ទាប់ពីឧប្បត្តិហេតុដែលកើតឡើងកាលពីថ្ងៃអាទិត្យបង្កឲ្យមានការប្រឈមមុខដាក់គ្នានៅក្នុងសមុទ្រដែលមានជម្លោះដ៏ចម្រូងចម្រាស់នេះ ។

ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅក្នុងអំឡុងពេលហ្វីលីពីនធ្វើការដឹកជញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់តំបន់យោធភូមិភាគ Second Thomas Shoal នៃប្រជុំកោះ Spratly ដែលជាចំណុចប្រទាញប្រទង់គ្នារវាងទីក្រុងម៉ានីល និងប៉េកាំងបានកើតឡើងមួយថ្ងៃបន្ទាប់ពីឧប្បត្តិហេតុមួយផ្សេងទៀតបានកើតឡើងនៅជិតតំបន់ Scarborough Shoal ។

នាវាឆ្មាំសមុទ្រចិននៅថ្ងៃទាំងពីរនេះបានប្រើកាណុងបាញ់ទឹកដោយមិនប្រុងប្រយ័ត្នរួមទាំងចេតនាបំបុកទូកហ្វីលីពីនបណ្តាលឲ្យមានការខូចខាតនាវាហ្វីលីពីន ដែលកំពុងបំពេញបេសកកម្មតាមផ្លូវការទៅកាន់គោលដៅទាំងនោះដែលជាការគម្រាមកំហែងដល់សុវត្ថិភាពនាវិកហ្វីលីពីន” លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ។

លោកបានបន្ថែមថានាវាឆ្មាំសមុទ្រចិនScarborough Shoal “ក៏បានប្រើឧបករណ៍បំពងសម្លេងបណ្តាលឲ្យនាវិកហ្វីលីពីនអសមត្ថភាពក្នុងការបញ្ជាទូករបស់ពួកគេនិងថែមទាំងបានបណ្តេញនាវានេសាទហ្វីលីពីនចេញពីតំបន់នោះផងដែរ” ។

លោក Miller បាននិយាយថា “សកម្មភាពទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទង្វើខ្វះការប្រុងប្រយ័ត្នលើសុវត្ថិភាព និងអាយុជិវិតរបស់នាវិកហ្វីលីពីនតែប៉ុណ្ណោះទេថែមទាំងរំលោភលើច្បាប់អន្តរជាតិផងដែរ”។

សភាពតានតឹងបានបង្កឡើងអស់រយៈពេលជាយូរមកហើយរវាងក្រុងម៉ានីល និងក្រុងប៉េកាំងលើបញ្ហាដ៏ចម្រូងចម្រាស់ក្នុងដែលសមុទ្រនៃតំបន់នេះហើយបានផ្ទុះឡើងកាន់តែយ៉ាប់យីននៅក្នុងប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីឧប្បត្តិហេតុជាច្រើនរួមទាំងការប៉ះទង្គិចគ្នាពីរលើកកន្លងទៅផងដែរ។

ចិនបាននិងកំពុងទាមទារគ្រប់គ្រងលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់រួមទាំងដែនទឹក និងកោះនៅជិតច្រាំងនៃប្រទេសជិតខាងរបស់ខ្លួន ហើយបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលបានចាត់ទុកថាការអះអាងរបស់ចិនមិនស្របតាមមូលដ្ឋាននៃច្បាប់។

ការដាក់ពង្រាយទូកល្បាតតាមផ្លូវទឹកដ៏មមាញឹក និងការសាងសង់កោះសិប្បនិម្មិតសម្រាប់មូលដ្ឋានយោធាដើម្បីពង្រឹងវិសាលភាពសម្រាប់ការទាមទាររបស់ខ្លួន។

លោក Miller បាននិយាយថា សេចក្តីសម្រេចឆ្នាំ ២០១៦ របស់សាលាក្តី “ក្នុងគ្រាចុងក្រោយ និងមានសុពលភាពឲ្យភាគគីពាក់ព័ន្ធបំពេញកាតព្វកិច្ចស្របច្បាប់ទាំងភាគីចិន PRC និងហ្វីលីពីន”។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក “អំពាវនាវដល់សមភាគីចិន PRC គោរពតាមសេចក្តីសម្រេច និងបោះបង់ការរំលោភដោយកម្លាំងបាយដែលប្រកបដោយគ្រោះថ្នាក់ និងអស្ថិរភាព”។

លោកបានបន្តថា “អាមេរិកឈរនៅជាមួយសម្ព័ន្ធមិត្តហ្វីលីពីនដើម្បីប្រឈមមុខទប់ទល់នឹងសកម្មភាពដ៏គ្រោះថ្នាក់ និងខុសច្បាប់ទាំងនេះ” លោកបានបន្ថែមថាអនុលោមមតាមសន្ធិសញ្ញារក្សាការពារគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងហ្វីលីពីន “ដែលបានបញ្ចូលទាំងការវាយប្រហារដោយអាវុធលើកងកម្លាំងហ្វីលីពីន នាវាសាធារណៈ ឬយន្តហោះ – រួមទាំង ឆ្មាំឆ្នេរសមុទ្រនៅគ្រប់ទីកន្លែងនៅក្នុងសមុទ្រចិនខាងត្បូង។

ហ្វីលីពីនបានសង្កត់ធ្ងន់ថា ទូករបស់ខ្លួនមួយត្រូវបាន “បុកយ៉ាងធ្ងន់ធ្ងរ” ដោយនាវាឆ្មាំសមុទ្រចិនកាលពីថ្ងៃអាទិត្យ។ ទោះជាយ៉ាងណាក៏ដោយ ឆ្មាំឆ្នេរសមុទ្រចិនបានចោទប្រកាន់ថាទូកហ្វីលីពីនគឺជាអ្នក “មានចេតនាបំបុកនាវារបស់ចិន” បន្ទាប់មកមិនបានយកចិត្តទុកដាក់ពី “ការព្រមានរបស់នាវាឆ្មាំសមុទ្រចិនជាច្រើនលើក”។

ទំនាក់ទំនងរវាងក្រុងម៉ានីល និងក្រុងប៉េកាំង កាន់តែដុនដាបខ្លាំងឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតី Ferdinand Marcos ដែលបានព្យាយាមធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនតាមទំលាប់ដែលជាប្រពៃណីវាងក្រុងមានិលនិងក្រុងវ៉ាស៊ីនតោនដើម្បីរួមគ្នាប្រឆាំងនឹងសកម្មភាពវាតទីរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង៕

ប្រភព៖ AFP