អន្តរជាតិ

យន្តហោះ F-16 អាមេរិកបានធ្លាក់នៅសមុទ្រលឿងក្នុងប្រទេសកូរ៉េខាងត្បូងពេលហ្វឹកហាត់

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃចន្ទ ទី១១ ធ្នូ សារព័ទ៌មានយ៉ុនហាប់បានរាយករណ៏ថាយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិកបានធ្លាក់នៅប្រទេសកូរ៉េខាងត្បូងនៅអំឡុងពេលហ្វឹកហាត់ អ្នកបើកបរយន្តហោះត្រូវបានជួយសង្គ្រោះ បន្ទាប់ពីប្រើឆត្រយោងសុវត្ថិភាពលោតចេញពីយន្តហោះជាបន្ទាន់។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា “យន្តហោះនេះបានធ្លាក់ចូលទៅក្នុងទឹកបន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាសនៅ Gunsan ចម្ងាយ ១៧៨ គីឡូម៉ែត្រនៃភាគខាងត្បូងក្នុងទីក្រុងសេអ៊ូល” នៅក្នុងតំបន់សមុទ្រលឿង  នេះបើយោងតាមការចង្អុលបង្ហាញនៅលើផែនទីសមុទ្រ។

ភ្នាក់ងារសារព័ទ៌មានយ៉ុនហាប់ បានរាយការណ៍ថា អ្នកបើកយន្តហោះបានលោតចេញពីយន្តហោះដោយប្រើឆត្រយោងសុវត្ថិភាពហើយត្រូវបានគេជួយសង្គ្រោះភ្លាមៗ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ចំណែកយោធាសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូងដែលឈរជើងនៅមូលដ្ឋានទ័ពភាគខាងត្បូងក៏នៅមិនទាន់អាចបញ្ជាក់អំពីរបាយការណ៍ស្តីពី​ឧបទ្ទវហេតុ​នេះបានទេ។

កាលពីខែឧសភា ក៏មានយន្តហោះចម្បាំង F-16 របស់អាមេរិកមួយគ្រឿងបានធ្លាក់នៅក្នុងពេលធ្វើសមយុទ្ធជាប្រចាំនៅតំបន់កសិកម្មមួយកន្លែងនៃភាគខាងត្បូងទីក្រុងសេអ៊ូល។ អ្នកបើកបរយន្តហោះ​បាន​ប្រើឆត្រយោងលោតចេញ​ដោយ​សុវត្ថិភាព​ឧបទ្ទវហេតុ​នេះ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ផ្សេង​ទៀត​ទេ។

ក្រុងវ៉ាស៊ីនតោនជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុងសេអ៊ូល មានកងទ័ពរបស់ខ្លួនប្រហែលជាង ២៨,៥០០ នាក់ឈរជើងក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីជួយការពារនិងរក្សាសន្តិសុខពីការវាយប្រហាររបស់កូរ៉េខាងជើងដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ។

នៅក្នុងប្រទេសជប៉ុនដែលជាប្រទេសជិតខាងរបស់កូរ៉េខាងត្បូង យោធាអាមេរិកបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងបញ្ឈប់ប្រតិបត្តិការកងយន្តហោះ V-22 Osprey tilt-rotor បន្ទាប់ពីមានការធ្លាក់ហើយបានសម្លាប់កងទ័ពអាកាសអាមេរិកចំនួនប្រាំបីនាក់ដែលនៅលើយន្តហោះ៕

ប្រភព៖ Reuters