ព័ត៌មានជាតិ

ពិធីបុណ្យដង្ហែយាងព្រះបរមអដ្ឋិ “ព្រះបរមេគេនកោដ្ឋ” តម្កល់គោរពបូជា “ព្រះបរមចេតិយវត្តជិនវ័ន្ទសីមារាម (ហៅវត្តម៉ុងចិន) ក្រុងប៉ោយប៉ែត

ដោយ : បន្ទាយ / បន្ទាយមានជ័យ

នៅវត្តជិនវ័ន្ទសីមារាម (ហៅវត្តម៉ុងចិន) ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រារព្ធរៀបចំកម្មវិធីបុណ្យ ដង្ហែយាងព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមេគេនកោដ្ឋ” តម្កល់គោរពបូជា ក្នុងព្រះបរម្យចេតិយ  ។

កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣ ក្នុងព្រះបរមនាមសម្ដេចព្រះអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះគ្រូធម្មសីមាមុន្នី ឈឹន ឈួន ព្រះបាឡាត់គណ គណៈធម្មយុត្តិកនិកាយ ខេត្តបន្ទាយមានជ័យ និងជាព្រះចៅអធិការវត្តជិនវ័ន្ទសីមារាម។

ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគុណខេត្តទាំងពីរគណៈ  និងព្រះមន្ត្រីសង្ឃជាច្រើនអង្គ ។

ក្នុងពិធីនោះដែរក៏មានការនិមន្តអញ្ជើញចូលរួម ពីសំណាក់ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តទាំងពីរគណៈ  ព្រះមន្ត្រីសង្ឃ  លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងមហាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

សម្ដេចព្រះអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះសង្ឃដីកាថា : បំណែកព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ ត្រូវបានដង្ហែយាងពីរាជធានីភ្នំពេញ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣ ដោយបានយាងមកដល់វត្តជិនវ័ន្ទសីមារាម នៅម៉ោង ១៧និង០០ ល្ងាច  ។

ហើយយាងព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅគង់ប្រថាប់លើព្រះវិហារមួយរាត្រី និងប្រារព្ធពិធីប្រកាសទេវតា នមស្ការព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចំរើនព្រះបរិត្តពុទ្ធនិមន្ត ។

ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ដែលយាងចេញទៅគង់ប្រថាប់ នៅលើព្រះវិហារនេះ គឺជាបំណែកព្រះបរមអដ្ឋិ ដែលព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការា រាជានុញ្ញាតប្រគេនដល់ព្រះអង្គ ដើម្បីរៀបចំគង់ប្រថាប់ក្នុងព្រះកោដ្ឋថ្មកែវ  ដម្កល់ក្នុងព្រះបរម្យចេតិយ ព្រះរាជតំណាង  ដើម្បីបានគោរពបូជា និងសូត្រថ្វាយមហាព្រះរាជកុសលជាប្រចាំរៀងរាល់ថ្ងៃឧបោសថសីល។

ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគុណខេត្តទាំងពីរគណៈនិង ព្រះចៅអធិការវត្តជិនវ័ន្ទសីមារាម ហៅ( វត្តម៉ុងចិន)មានសង្ឃដីកាថា : ដោយសារព្រះអង្គ មានបំណងចង់ផ្សព្វផ្សាយ និងបើកទូលាយជូនមហាជនគ្រប់ស្រទាប់វណ្ណៈ ឲ្យមានឱកាសចូលក្រាបថ្វាយបង្គំ ព្រះបរមអដ្ឋិ និងដើម្បីបានគោរពបូជា សូត្រថ្វាយមហាព្រះរាជកុសលជាប្រចាំរៀងរាល់ថ្ងៃឧបោសថសីល នោះទើបព្រះអង្គរៀបចំពិធីបុណ្យនេះឡើង។

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីបានតម្កល់ ព្រះបរមអដ្ឋិព្រះករុណា ព្រះបរមរតនកោដ្ឋ នៅលើព្រះវិហារអស់រយៈពេលមួយរាត្រី សម្ដេចព្រះរាជគ្រូ ជាអម្ចាស់ ដឹកនាំព្រះរាជា ដឹកនាំព្រះរាជាគណៈមន្ត្រីសង្ឃ ស្វាធ្យាយព្រះពុទ្ធ ជ័យមង្គលគាថា និងសត្តបករណាភិធម្មបង្សុកូល វេរភត្តាហារថ្វាយព្រះ សង្ឃ ឧទ្ទិសព្រះរាជមហាកុសល ថ្វាយចំពោះ ព្រះករុណា “ព្រះបរមេរតនកោដ្ឋ “ជាអម្ចាស់ នឹងបាន ប្រារព្ធពិធីដង្ហែរ មកតម្កល់ក្នុងព្រះបរមចេតិយ ព្រះរាជតំណាង ដោយមានការយាងបូជាទៀនធូបគ្រឿងសក្ការថ្វាយ និងអារាធនាយាង សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ ព្រះរាជាគណៈមន្ត្រីសង្ឃចំនួន ៩៩ អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្មបរកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយ “ព្រះបរមរតនកោដ្ឋ អាកាសដ្ឋា យំកិញ្ច ព្រមទាំងមានពិធីរាប់បាត្រព្រះសង្ឃគោចរបិណ្ឌបាតចំនួន ៩៩ អង្គផងដែរ។

ក្នុងឱកាសដ៏មហាកុសលនេះដែរ ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តមមុន្នីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជាទ្រព្យចាប់ព្រះរាជកុសលនូវបច្ច័យ៥ពាន់ដុល្លារផងដែរ ។

សូមរំលឹកថា : សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ទ្រង់យាងសោយទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវង្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន ៕