អន្តរជាតិ

ជនជាប់ចោទចែកចាយរូបភាពផ្លូវភេទតាមបណ្តាញសង្គមជួលមេធាវីថ្មីការពាររឿងក្តីរបស់ខ្លួន

ប្រែសម្រួល៖សហការី

នៅថ្ងៃចន្ទ ទី១១ ធ្នូ អ្នកលក់អនឡាញ Kurt Tay ដែលប្រឈមនឹងការចោទប្រកាន់ពីបទចែកចាយរូបភាពផ្លូវភេទលើ Telegram បានមកតុលាការវិញហើយជាមួយនឹងមេធាវីដែលទើបនឹងជួលក្នុងពេលថ្មីៗនេះ។

តុលាការ​បាន​បើក​សវនាការ​លើករណី ជន​ជាតិ​សិង្ហបុរី​អាយុ ៤១ ឆ្នាំ​ដែល​មាន​ឈ្មោះ​ក្នុង​សំណុំរឿង​របស់​តុលាការ​ Tay Foo Wei ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថ្មីបន្ថែមទៀត។

Tay ត្រូវ​បាន​​ចោទ​​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ១ ខែ​វិច្ឆិកាពីបទ​ចែក​ចាយ​រូបភាព និង​វីដេអូ​របស់​ស្ត្រី​ម្នាក់​ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​តាមអនឡាញ​ជា​ក្រុមនៅលើ Telegram កាលពី​ថ្ងៃ​ទី ២៧ ខែ​តុលា ឆ្នាំ​នេះ។

អង្គហេតុសំណុំរឿងបានបង្ហាញថាការចែក​ចាយ​រូបភាពនិង​វីដេអូ​របស់​ស្ត្រីធ្វើសកម្មភាព​ផ្លូវ​ភេទ​តាមអនឡាញ​ជា​ក្រុមគឺគាត់ធ្វើឡើងដោយមិនមានការយល់ព្រមពីស្ត្រីរងគ្រោះ ហើយ Tay ក៏បានដឹងដែរថាគាត់បានធ្វើឲ្យនាងមានការអាម៉ាស់យ៉ាងខ្លាំង។

លោក Rohit Kumar Singh មេធាវីថ្មីរបស់ Tay មកពី Regal Law បានប្រាប់ចៅក្រមថា គាត់ទើបតែទទួលបានសំណុំរឿងនេះ ហើយគាត់បានស្នើសុំឲ្យមានការពន្យារពេលដើម្បីឲ្យកូនក្តីរបស់គាត់អាចចូលរួមក្នុងសវនាការ។

ចុងចោទបានដាក់សំណើសុំឲ្យមេធាវីរបស់គាត់ចូលរួមក្នុងសវនាការជំនួសឲ្យរូបគាត់ដោយមិនចាំបាច់មានវត្តមានរបស់គាត់ដែលជាជនជាប់ចោទនៅក្នុងសវនាការសួរដេញដោលរបស់តុលាការនៅក្នុងសវនាការនាពេលខាងមុខនោះទៀតទេ។

ចៅក្រមបានអនុញ្ញាតតាមសំណើរបស់ជនជាប់ចោទក៏ប៉ុន្តែបានរំលឹកថាជនជាប់ចោទនិងមេធាវីរបស់គាត់ត្រូវតែមានវត្តមានប្រសិនបើមានបទចោទថ្មីបន្ថែមទៀតដែលចាំបាច់ត្រូវតែមានការសួរដេញដោល។

អយ្យការ​អមសាលាក្តីបាន​លើកឡើង​ថាគាត់​នៅមិនទាន់​បាន​ចាត់ការ​តាមនីតិវិធីស្របតាមអង្កហេតុនៅក្នុង​សំណុំ​រឿង​នេះនៅឡើយ​ទេហើយក៏​បាន​ស្នើ​សុំ​ពន្យារពេល​ចំនួនបួន​សប្តាហ៍​សម្រាប់ការដេញដោលលើអង្គហេតុ​នៃបទ​ចោទថ្មីៗ​លើ​រូបជនជាប់ចោទ។

កាល​ពី​ថ្ងៃ​ចន្ទ មានក្រុមយុវជន​មួយ​ចំនួន​តូច​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​សាល​សាធារណៈរបស់សាលក្តី​ដើម្បី​រង់​ចាំ​វត្តមាន​របស់ Tay។ មានមនុស្សប្រហែល១៥ទៅ១៦នាក់បានមកចូលរួមសវនាការលើកមុនដែលបានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាដោយពួកគេមួយចំនួនបានជេរប្រមាថលើរូបគាត់នៅពេលគាត់បានដើរចេញពីទ្វារខាងមុខសាលាក្តី។

កាលពីថ្ងៃចន្ទមានអ្នកទៅចូលរួមប្រហែល  ៥ នាក់កំពុងរង់ចាំជនជាប់ចោទនៅខាងក្រៅអគារសលាក្តី ខណៈដែលរូបគាត់នៅខាងក្នុងអគារសាលាក្តីជាមួយមេធាវី។

ករណី​សំណុំរឿងរបស់ជនជាប់ចោទនឹង​ត្រូវ​បើក​សវនាការលើអង្គហេតុ​ម្ដង​ទៀត​នៅ​ក្នុងខែ​មករា។ គាត់បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅពេលដែលគាត់បានចូលរួមសវនការរបស់ Singapore Idol នៅក្នុងឆ្នាំ ២០០៨ ហើយក្រោយមកត្រូវបានគេស្គាល់ថាជាជើងឯកខ្សែក្រវាត់កីឡាចំបាប់ពិភពលោក។

គាត់បានអះអាងអំពីរូបគាត់តាមអ៊ិនធើណិតថាគាត់ជាកំពូលតារាល្បីឈ្មោះ Kurt Tay គាត់កំពុងអាប់ដេតចំនួនអ្នកតាមដានខ្សែជីវិតរបស់គាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅក្នុងក្រុមពិគ្រោះយោបល់ឯកជន។

ប្រសិនបើរូបគាត់ត្រូវជាប់ទោសពីបទចែកចាយរូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីស្ត្រីរងគ្រោះ នោះគាត់អាចជាប់គុករហូតដល់ប្រាំឆ្នាំនិងត្រូវពិន័យជាប្រាក់ទៅតាមស្ថានទម្ងន់ទោសទាំងនេះ។

ប្រភព៖ CNA