សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងរកចាប់ឃាតក ចាក់បុរសម្នាក់បណ្តាល ឱ្យស្លាប់នៅតាមផ្លូវ

ដោយ៖វិចិត្រ
ភ្នំពេញ៖ក្រោយពីមានអំពើឃាតកម្ម សមត្ថកិច្ចកំពុងរកចាប់ឃាតក ដែលចាក់បុរសម្នាក់ បណ្តាលឱ្យស្លាប់នៅតាមផ្លូវហើយគេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើង នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាទៀបភ្លឺថ្ងៃទី១០ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ កន វឿន អាយុ២៩ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។មុនភ្ញាក់ផ្អើលនាវេលាទៀបភ្លឺពលរដ្ឋបានដើរហាត់ប្រាណ ក៏ឃើញបុរសម្នាក់ស្លាប់ផ្កាប់មុខ ដោយមានឈាមហូរលើផ្លូវ គួរឱ្យរន្ធត់ ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

បន្ទាប់មកកម្លាំងនគរបាលជំនាញរាជធានីភ្នំពេញ បានចុះដល់ទីតាំងនិងធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា ជនរងគ្រោះត្រូវជនមិនស្គាល់មុខ ចាក់មួយកាំបិតចំពីក្រោយខ្លងបណ្ដាលឱ្យស្លាប់។នេះជាអំពើឃាតកម្មត្រូវក្រុមគ្រួសារអ្នកស្លាប់ បានដាក់ពាក្យបណ្ដឹងដើម្បីសុំឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកចាប់ឃាតក យកមកចាត់ការតាមច្បាប់៕