ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលបន្ទាយមានជ័យបានបញ្ជាក់ថាគ្មានការចាប់ខ្លួនមនុស្ស៤នាក់ក្នុងការិយាល័យលីកាដូទេ

ដោយ : បន្ទាយ / បន្ទាយមានជ័យ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រកាសបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់អង្គការ(LICADHO/លីកាដូ )ដែលថា “អាជ្ញាធរចាប់ខ្លួនមនុស្ស៤នាក់ក្នុងការិយាល័យលីកាដូខេត្តបន្ទាយមានជ័យ” ។

ពោលគឺពាក់ព័ន្ធនឹងលោក  កង  សារ៉ន  ហៅ  គក់  រស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដែលត្រូវបានតុលាការខេត្តបន្ទាយមានជ័យផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ  ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍  ជេរប្រមាថជាសាធារណ:  និងពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ  ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងទី០៧ខែធ្នូឆ្នាំ២០២៣ ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា : សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា ទំព័រហ្វេសប៊ុករបស់អង្គការ(LICADHO/លីកាដូចុះផ្សាយថា “អាជ្ញាធរចាប់ខ្លួនមនុស្សបួននាក់ក្នុងការិយាល័យលីកាដូខេត្តបន្ទាយមានជ័យ”  ហើយត្រូវសារព័ត៌មានសម្លេងប្រជាធិបតេយ្យ(VOD ) ស្រង់យកទៅចុះផ្សាយថា ” កងកម្លាំងនគរបាលនៃខេត្តបន្ទាយមានជ័យនៅថ្ងៃពុធនេះ(ទី០៦ខែធ្នូឆ្នាំ២០២៣ ) បានឆ្មក់ចូលចាប់ខ្លួនមនុស្ស០៤នាក់ក្នុងការិយាល័យអង្គការការពារសិទិ្ធមនុស្សលីកាដូនៅឯខេត្តបន្ទាយមានជ័យ ។

ក្នុងនោះមានទាំងភរិយាលោកកង សារ៉ន និងកូនស្រីរបស់លោកផងដែរ” និងការផ្សព្វផ្សាយផ្សេងៗទៀតពាក់ព័ន្ធនឹងករណីខាងលើនេះ ។

ក្រោយពីទទួលដំណឹងដូច្នេះ  អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវនិងផ្ទៀងផ្ទាត់ព័ត៌មាន ហើយសូមធ្វើការអះអាងថា : ដោយមានការស្នើសុំកម្លាំងការពារសន្តិសុខសុវត្ថិភាពជូនក្រុមគ្រួសារកង សារ៉ន ដែលមានលិខិតសរសេរដៃមួយថា “មួយរយ:នេះ មានមនុស្សចេញ ចូលញឹកញាប់….។ សូមស្នើសុំកងកម្លាំងនគរបាលជួយការពារសន្តិសុខ សុវត្ថិភាពក្រុមគ្រួសាររបស់យើងខ្ញុំ សួង ឃិន, កង កន,លឹម មុំ …” ។

ហេតុនេះ ពេលទទួលដំណឹងថា ក្រុមគ្រួសារនេះមកសួរសុខទុក្ខឈ្មោះ កង សារ៉ន ដែលជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ១៥.៤០នាទី ល្ងាច  ទើបកម្លាំងនគរបាលបានទៅជួបសុំអញ្ជើញឈ្មោះ ហង់ ត្រាប់ ភេទស្រី អាយុ៥២ឆ្នាំ ដែលជាប្រពន្ធរបស់ កង សារ៉ននិងកូនស្រីឈ្មោះ សេង ចន្ថា អាយុ២១ឆ្នាំ រួមជាមួយអ្នកជិតខាង០២នាក់ទៀត នៅចំណុចអង្គការលីកាដូនាសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ រួចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ដដែលការសន្យារបស់លោកឧត្តមសេនីយ៍ទោស្នងការ ថាត្រូវមានការជួយឧបត្ថម្ភផ្សេងៗ ត្បិតគ្រួសារគាត់មានជីវភាពជួបការលំបាក ។

ហេតុនេះ ក្រោយពីលោកឧត្តមសេនីយ៍ស្នងការបានជួបសំណេះសំណាល និងសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល  ទើបក្រុមគ្រួសារនេះ បានច្រានមកនិយាយថា: ក្រុមគ្រួសារពួកគាត់មានការសប្បាយរីករាយនិងកក់ក្តៅដែលត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចបានយកចិត្តទុកដាក់ទំនុកបម្រុងដូច្នេះ.។

ក្រុមគ្រួសារលោកកង សារ៉ន បានចេញមកបកស្រាយនិងអះអាងថា : ការដែលពួកខ្លួនមកទីស្នាក់ការអង្គការលីកាដូខេត្តបន្ទាយមានជ័យ រួចបានត្រូវនគរបាលមកជូនដំណើរទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត  មិនមែនជានាំឬចាប់ខ្លួននោះឡើយ ។

ក្រុមគ្រួសារនេះបានថ្លែងអំណរគុណនិងគោរពជូនពរចំពោះលោកឧត្តមសេនីយ៍ទោស្នងការនិងសហការីដែលបានផ្តល់រអំណោយដល់ក្រុមគ្រួសារខ្លួនរួមមាន : ថវិកា៩០ម៉ឺនរៀល អង្ករ០៤ការ៉ុង(ស្មើ២០០គក្រ) និងមិ០៤កេស ។

ក្នុងនោះ លើកនេះ ក៏មានជូនលោកយាយអាយុ១០២ឆ្នាំដែលត្រូវជាម្តាយរបស់ឈ្មោះ កង សារ៉ន នូវថវិកា៥០ម៉ឺនរៀល សម្រាប់ទុកដោះស្រាយការខ្វះខាតនិងជីវភាពប្រចាំថ្ងៃផងដែរ ។

លិខិតបំភ្លឺបានបន្ថែមទៀតថា : អ្នកនាំពាក្យនៃស្នងការដ្ឋាននតរបាលខេត្តបន្ទាយមានជ័យសូមបំភ្លឺថា ការជួបអញ្ជើញនេះ មិនបានចាប់អារម្មណ៍ឬដឹងថា ក្រុមគ្រួសារលោកកង សារ៉ន បានទៅទីស្នាក់ការរបស់អង្គការលីកាដូក្នុងគោលបំណងធ្វើអ្វីនោះទេ ?

ហើយក៏គ្មានការចាប់ខ្លួនក្រុមគ្រួសារនេះ ក៏ទេដែរ ៕