សន្ដិសុខសង្គម

ផ្ទុះមីនតោនកក្រើកដីររបួសធ្ងន់អ្នកបើកបរម្នាក់ក្នុងស្រុកសំឡូត

បាត់ដំបង÷ ផ្ទុះមីនតោនមួយគ្រាប់កក្រើកដីចម្ការដំឡូងបណ្តាលឲ្យរងរបួសធ្ងន់អ្នកបើកបរម្នាក់ក្នុងភូមិសាស្ត្រអតីតសមរភូមិប្រយុទ្ធស្រុកសំឡូត ខេត្តបាត់ដំបង។

អាជ្ញាធរមូលដ្ឋានបានរាយការណ៍ប្រាប់ឲ្យដឹងថា÷ ករណីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ (មីនតោន) នេះបានកើតឡើងនៅវេលាម៉ោងជាង៩:០០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ឋិតនៅត្រង់ចំណុចក្រុមទី០៤ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះភន ភេទ ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅក្រុមទី០៤ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡុត ខេត្តបាត់ដំបង។ ជនរងគ្រោះមុនពេលកើតហេតុបានចុះទៅដីដាំដំឡូងដូចរាល់ឆ្នាំ ជាថ្នាលដីដែលបានដាំដុះជាង១០កន្លងមក ស្រាប់តែចៃដន្យបានប៉ះជាមួយនឹងគ្រាប់មីនតោនក៏បានផ្ទុះកក្រើកចម្ការ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកស្រុកភូមិក្បែរនោះ បណ្តាលឲ្យអ្នកបើកបរខាងលើរបួសធ្ងន់ធ្ងរ ពិសេសត្រង់ផ្ឌៃមុខ ចំណែកត្រាក់ទ័របានខូចខាតយ៉ាងដំណំផងដែរត្រង់មួយកំណាត់មុខ។

ករណីដដែលសមត្ថកិច្ចជំនាញបានអះអាងថា÷ តំបន់ដីចម្ការដែលបង្កការគ្រោះថ្នាក់ដល់ប្រជាកសិករនេះជាតំបន់ប្រយុទ្ធអតីតសមរភូមិក្តៅ រីឯគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបង្កការគ្រោះនេះជាគ្រាប់មីនដែលនៅសល់តាំងពីសម័យសង្គ្រាមមកម្លេះ៕