អន្តរជាតិ

តម្រូវកាប្រេងនៅលើទីផ្សារអាស៊ីនឹងត្រូវបានកាត់បន្ថយនាំឲ្យតម្លៃប្រេងនឹងធ្លាក់ចុះ

ប្រែសម្រួល៖ សហការី

អ្នកវិនិយោគមានការព្រួយបារម្ភអំពីតម្រូវការថាមពលដែលត្រូវបានកាត់បន្ថយនៅតំបន់អាស៊ីរួមជាមួយនឹងលទ្ធកម្មប្រេងឆៅហក់ឡើងខ្ពស់នៅសហរដ្ឋអាមេរិក។ នៅថ្ងៃសុក្រតម្លៃប្រេងបានហក់ឡើងនៅលើទីផ្សារជួញដូរដំបូងក៏ប៉ុន្តែមានការព្យាករថាវាអាចធ្លាក់ចុះវិញដល់ទៅ ៦ ភាគរយសម្រាប់ចុងសប្តាហ៍នេះគឺជាកម្រិតមួយដ៏ទាបនៅក្នុងរយៈពេលប្រាំមួយខែនេះ។

ប្រេងឆៅរបស់ Brent បានកើនឡើង ៦៨ សេន ឬ ០.៩ ភាគរយដល់ ៧៤.៧៣ដុល្លារក្នុងមួយបារ៉ែលបើគិតមកត្រឹមម៉ោង ០១.៣៦ GMT ខណៈពេលដែលប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង ៥៤ សេន ក្រោយមកក៏ហក់ឡើងដល់ ០.៩ ភាគរយដល់ ៦៩.៩៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។

បើយោងតាមសន្ទស្សន៍គោលទាំងពីរឃើញថាមានការធ្លាក់ចុះក្នុងកម្រិតមួយដ៏ទាបបំផុតបើគិតតាំងពីចុងខែមិថុនានៅក្នុងជុំមុនៗ។ នេះជាសញ្ញាមួយដែលពាណិជ្ជករជឿថាទីផ្សារអាចនឹងមានការផ្គត់ផ្គង់លើសបន្ទុក Brent និង WTI ដែលស្ថិតនៅក្នុងរង្វង់ contango ដែលជារចនាសម្ព័ន្ធរបស់ទីផ្សារសម្រាប់ការកំណត់តម្លៃជួញដូរឡើងចុះដែលក្នុងខណ:ពេលនេះមានការបញ្ចុះតម្លៃរសម្រាប់កន្លះឆ្នាំក្រោយ។

ម៉្យាងវិញទៀតពាណិជ្ជករក៏មានកង្វល់ចំពោះសេដ្ឋកិច្ចចិនដែលបានជំរុញឲ្យទីផ្សារជួញដូរប្រេងមានការធ្លាក់ចុះផងដែនៅក្នុងសប្តាហ៍នេះ។

បើយោងតាមទិន្នន័យគយរបស់ចិនបានបង្ហាញថា ការនាំចូលប្រេងឆៅក្នុងខែវិច្ឆិកាឃើញថាមានការធ្លាក់ចុះដល់ទៅ ៩ ភាគរយធៀបនឹងឆ្នាំមុន ដោយសារស្តុកមានកម្រិតខ្ពស់បញ្ជាក់ថាសូចនាករសេដ្ឋកិច្ចចិនបានចុះខ្សោយរួមទាំងការបញ្ជាទិញពីក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យមានសភាពយឺតយ៉ាវបានធ្វើឲ្យតម្រូវការប្រេងមានការធ្លាក់ចុះខ្លាំង។

ចំណែកប្រទេសឥណ្ឌាការបើយោងតាមតួលេខប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងខែវិច្ឆិកានេះឃើញថាមានការធ្លាក់ចុះនៅក្រោយពេលដែលបានហក់ឡើងដល់កម្រឹតកំពូលក្នុងរយៈពេល ៤ ខែកាលពីខែមុនបង្កឲ្យមានផលប៉ះពាល់ដោយសារតែការថយចុះនូវការធ្វើដំណើរក្នុងប្រទេសដែលគេស្គាល់ថាជាអ្នកប្រើប្រាស់ប្រេងធំជាងគេទីបីរបស់ពិភពលោក។

ប្រេងឆៅរបស់ Brent និង WTI បានធ្លាក់ចុះដល់ ៥.៨ ភាគរយ និង ៦ ភាគរយសម្រាប់សប្តាហ៍ជាបន្តបន្ទាប់ទៀត បើទោះបីជាមានកិច្ចព្រមព្រៀងកាត់បន្ថយការផ្គត់ផ្គង់ថ្មីៗពីអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដែលត្រូវបានគេស្គាល់ថាជា OPEC + ក៏ដោយ។

OPEC + បានយល់ព្រមលើការកាត់បន្ថយការផ្គត់ផ្គង់ថ្មីៗរួមគ្នាដល់ទៅ ២.២ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដែលជាការកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្តសម្រាប់ត្រីមាសទីមួយនៅឆ្នាំក្រោយ។

អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យសមាជិក OPEC+ ទាំងអស់ចូលរួមកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយទិន្នផល ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោក។

បើយោងតាមទិន្នន័យថាមពលរបស់សហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញកាលពីថ្ងៃពុធកន្លងទៅថាទិន្នផលប្រេងនៅសហរដ្ឋអាមេរិកនៅតែស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតដែលហក់ឡើងដល់ទៅ ១៣ លានបារ៉ែលក្នុងមួយថ្ងៃៗ៕

ប្រភព៖ Reuters