សន្ដិសុខសង្គម

គ្រោះថ្នាក់ចរាចរកើនឡើងបានបង្កក្តីកង្វល់ចំពោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា

ដោយ៖ កំចាយ

កំពត÷ ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាតែងមានការព្រួយបារម្ភចំពោះបញ្ហាគ្រោះថ្នាក់នៅលើដងផ្លូវដោយសារអត្រាមនុស្សរបួសពិការ និងបាត់បង់ជីវិតក្នុងចំនួនច្រើនដែលធ្វើឲ្យខាតបង់ថវិការាប់លានដុល្លារជារៀងរាល់ឆ្នាំ។ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច និងអាជ្ញាធរខេត្តកំពត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធបានអំពាវនាវដល់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទបង្កើនការគោរពច្បាប់។

កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅសាលសន្និសីទបូកគោខេត្តកំពត។

ថ្លែងក្នុងពិធីខាងលើ លោកស្រី ថាក់ ឡានី រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានមានប្រសាសន៍ថា បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរបានក្លាយជាវិញ្ញាសាដ៏ចម្បងដែលធ្វើឲ្យរាជរដ្ឋាភិបាលមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារអត្រាមនុស្សរបួសពិការ និងបាត់បង់ជីវិតកើនឡើងជាលំដាប់។ ជាមួយហេតុការណ៍ទាំងនោះក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរទៀតផង។ លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីឆ្លើយតប និងចូលរួមដោះស្រាយបញ្ហានេះ ក្រសួងអធិការកិច្ចសហការជាមួយមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធតែងបានផ្សព្វផ្សាយជាប្រចាំនូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ជាក់ស្តែង ពិធីផ្សព្វផ្សាយច្បាប់ដ៏មានសារ:សំខាន់នាពេលនេះក្នុងបំណងបញ្ជ្រាបការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវឲ្យងាកមកប្រកាន់យកឥរិយាបថល្អ ចេះអធ្យាស្រ័យ និងគោរពច្បាប់ព្រោះកន្លងមកហាក់មានភាពអនាធិបតេយ្យមួយចំនួនដោយអ្នកខ្លះមិនគោរពច្បាប់ពេលធ្វើដំណើរលើដងផ្លូវ។

លោក សេន សាប៊ីល អភិបាលរងខេត្តកំពតបានបញ្ជាក់ថា តាមរបាយការណ៍របស់មន្ត្រីជំនាញ គឺរយៈចុងក្រោយនេះ គ្រោះថ្នាក់ចរាចរក្នុងខេត្តមានការកើនឡើង។ មូលហេតុចម្បងៗនៃគ្រោះថ្នាក់បណ្តាលមកពីកត្តាមនុស្សដោយបញ្ជាយានយន្តលឿនហួសច្បាប់កំណត់ ធ្វេសប្រហែស និងបើកបរក្នុងពេលស្រវឹងជាដើម។ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសអ្នកបញ្ជាយានយន្តគ្រប់ប្រភេទបង្កើនការគោរពច្បាប់ឲ្យបានត្រឹមត្រូវដើម្បីការពារអាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដទៃ៕