សន្ដិសុខសង្គម

គ្រឿងញៀនគឺបានបំផ្លាញដល់ធនធានមនុស្សនិងផ្នែកនានាយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម

ដោយ៖ កំចាយ

កំពត÷ មន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជាថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពតបានបញ្ជាក់ពីក្តីព្រួយបារម្ភចំពោះសកម្មភាពនៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀនដែលបាន និងកំពុងកើតឡើងស្ទើរគ្រប់ទីកន្លែង។ លទ្ធផលដែលបានបន្សល់ទុកពីការប្រព្រឹត្តបទល្មើសគ្រឿងញៀនកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្ស សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។

កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចសហការជាមួយរដ្ឋបាលក្រុងបូកគោបានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីអំពីការត្រួតពិនិត្យគ្រឿងញៀនធ្បើឡើងនៅវិទ្យាល័យហ៊ុនសែនព្រែកត្នោត។

លោកស្រី ថាក់ ឡានី រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀនជាក្តីកង្វល់ដ៏ធំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកក្រសួងស្ថាប័នពាក់ព័ន្ធនានា។ ឥទ្ធិពលនៃគ្រឿងញៀនប្រឈមនឹងការគ្របដណ្តប់លើជនងាយរងគ្រោះមួយចំនួន ដូចជា កម្មករបម្រើការងារធុនធ្ងន់ បុគ្គលិកនៅកន្លែងសេវាកម្សាន្ត និងយុវជនស្ថិតក្នុងវ័យភ្លើតភ្លើនតាមការអូសទាញ រហូតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លះក៏បានប្រើបា្រស់ និងក្លាយជាភ្នាក់ងារចែកចាយបន្តទៀតផង។ លោកស្រីរដ្ឋលេខាធិការបានអំពាវនាវថា មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ ព្រមទាំងអប់រំផ្សព្វផ្សាយច្បាប់ស្តីអំពីការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ឲ្យបានទូលំទូលាយ ពិសេស សមត្ថកិច្ចត្រូវមានវិធានការគ្រប់គ្រងយ៉ាងម៉ឹងម៉ាត់ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ។

លោក សេន សាប៊ីល អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅត្រូវហ៊ានរាយការណ៍ជូនមន្ត្រីសមត្ថកិច្ចក្នុងករណីប្រទះឃើញអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅមូលដ្ឋានរបស់ខ្លួនដោយមិនត្រូវអៀនខ្មាស ឬលាក់បាំងបញ្ហានេះឡើយ។

រូបភាពឯកសារកន្លងមក

លោកឧត្តមសេនីយ៍ឯក ឯម ហ៊យ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានមានប្រសាសន៍ថា ការសាយភាយគ្រឿងញៀននៅកម្ពុជាបានក្លាយជាបញ្ហាគួរឲ្យព្រួបារម្ភព្រោះក្រុមឈ្មួញមានបណ្តាញ ព្រមទាំងអង្គការចាត់តាំងច្បាស់លាស់ដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវរកមុខសញ្ញា និងឈានទៅបង្ក្រាបបានទាន់ពេលវេលា។ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមរាយការណ៍ និងជៀសវាងដោយកុំសាកល្បងព្រោះគ្រឿងញៀននឹងរុញច្រានអ្នកប្រើប្រាស់ឲ្យធ្លាក់ក្នុងជ្រោះមហន្តរាយមិនអាចស្តាររួចឡើយ៕

រូបភាពឯកសារកន្លងមក