ព័ត៌មានជាតិ

ក្រៀល២ក្បាលដំបូងគេបានមកចុះរកចំណីនៅបឹងធម្មជាតិអន្លង់ព្រីងសម្រាប់រដូវកាលឆ្នាំ២០២៣

ដោយ៖ កំចាយ

កំពត: ដោយឃ្លាំចាំមើលយ៉ាងយចិត្តទុកដាក់ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ១០២៣ មន្ត្រីជំនាញបានប្រទះឃើញសត្វក្រៀល២ក្បាលបានមកចុះដំបូងគេនៅបឹងធម្មជាតិអន្លង់ព្រីងស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាចទីដែលពពួកសត្វកម្រនេះតែងមកស្នាក់ដើម្បីរកចំណីជាទៀងទាត់មុនធ្វើបន្លាស់ទីទៅកាន់ខេត្តបន្ទាប់។

ប្រាប់ឲ្យដឹងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោក ឈឹម ម៉េង អនុប្រធានការិយាល័យនៃមន្ទីរបរិស្ថានខេត្តកំពត និងជានាយកតំបន់ការពារទេសភាពអន្លង់ព្រីងបានបញ្ជាក់ថា ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃដំបូងដែលសត្វក្រៀលបានមកចុះរកចំណី និងស្នាក់នៅបឹងធម្មជាតិអន្លង់ព្រីង។ ផ្អែកលើការតាមដានពេញមួយថ្ងៃ វត្តមានសត្វកម្រនេះទើបតែមានចំនួន២ក្បាលប៉ុណ្ណោះ។ លោកនាយកបានបន្តថា ជាធម្មតា រវាង៦ ឬ៧ថ្ងៃខាងមុខ ពួកវានឹងត្រឡប់ទៅវិញក្នុងរយ:ពេលខ្លីដើម្បីនាំហ្វូងធំមកចុះស្នាក់នៅពេញមួយរដូវ។

សូមបញ្ជាក់ថា អន្លង់ព្រីងជាកន្លែងដ៏សំខាន់សម្រាប់សត្វក្រៀលស្នាក់នៅ និងរកចំណីក្រោយពេលពពួកសត្វកម្រនេះធ្វើបន្លាស់ទីមកពីតំបន់អភិរក្សបឹងព្រែកល្ពៅ ខេត្តតាកែវអំឡុងចុងខែវិច្ឆិកា ឬដើមខែធ្នូ។ លុះដល់ចុងខែមេសា ឬដើមខែឧសភា ពួកវានឹងចាកចេញពីតំបន់បឹងអង្លង់ព្រីងឆ្ពោះទៅស្នាក់នៅខេត្តឧត្តរមានជ័យ រួចបន្តដំណើរទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ នារដូវកាលឆ្នាំ២០២២-២០២៣ វត្តមានសត្វក្រៀលនៅបឹងអន្លង់ព្រីងមាន១០៣ក្បាល។ រីឯឆ្នាំ២០២១-២០២២ មានចំនួន១៥៦ក្បាល។ មន្ត្រីបរិស្ថាន និងអ្នកជំនាញរបស់អង្គការដៃគូកំពុងសិក្សាស្រាវជ្រាវបន្តដើម្បីបានដឹងថាតើការថយចុះចុះនួននៃសត្វក្រៀលបណ្តាលមកពីមូលហេតុអ្វី៕