អន្តរជាតិ

អ្នកឡើងភ្នំចុងក្រោយដែលបាត់ខ្លួនពេលភ្នំភ្លើងMarapi ផ្ទុះនោះត្រូវបានរកឃើញ ធ្វើឲ្យអ្នកស្លាប់ឡើងដល់២៣នាក់

ប្រែសម្រួល៖សហការី

យោងតាមសេចក្តីរាយការណ៏របស់ក្រុមអ្នកសង្គ្រោះកាលពីថ្ងៃពុធ ទី៦ ធ្នូបានឲ្យដឹងថា អ្នកឡើងភ្នំចុងក្រោយដែលបានបាត់ខ្លួនបន្ទាប់ពីការផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ីត្រូវបានគេរកឃើញថាបានស្លាប់ហើយនាំឲ្យចំនួនអ្នកស្លាប់ឡើងដល់ ២៣ នាក់នៅក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះកើតឡើង។

ការផ្ទុះភ្នំភ្លើង Marapi នៅលើកោះស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូណេស៊ីបានបង្កើតជាព្យុះផ្សែងលាយឡំនិងកំទេចផេះភ្នំភ្លើងនៅលើអាកាសមានកម្ពស់ដល់ទៅ ៣,០០០ ម៉ែត្រដេដាសពាសពេញផ្ទៃមេឃកាលពីថ្ងៃអាទិត្យ ខណៈដែលមនុស្សចំនួន ៧៥ នាក់បានឡើងភ្នំនៅជុំវិញបរិវេណនែតំបន់នោះ។

ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានធ្វើការដោយមិនគិតនឿយហត់ដើម្បីប្រឹងប្រែងស្វែងរកអ្នកឡើងភ្នំដែលកំពុងបាត់ខ្លួនដ៏លំបាកបំផុតដោយសារតែបរិយាកាសមិនអំណោយផលដែលជាឥទ្ធិបង្កឡើងដោយការផ្ទុះភ្នំភ្លើងបន្ថែមទៀតបានប្រែក្លាយអាកាសធាតុកាន់តែអាក្រក់ឡើងៗដែលជួនកាលបង្ខំឲ្យភ្នាក់ងាររកកន្លែងជ្រកដើម្បីរង់ចាំអាកាសធាតុល្អឡើងវិញ។

លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Padang បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃពុធថា “ក្រុមអ្នកស្វែងរក និងអ្នកជួយសង្គ្រោះបានរកឃើញជនរងគ្រោះម្នាក់នៃការផ្ទុះភ្នំភ្លើង Marapi ដែលឥឡូវនេះអ្នកឡើងភ្នំមួយចំនួនកំពុងត្រូបានគេជម្លៀសចេញ” ។

ភ្នាក់ងារសង្គ្រោះលោក Basarnas បានកំណត់អត្តសញ្ញាណអ្នកឡើងភ្នំចុងក្រោយថាជាស្ត្រី។

លោក Suharyono មេប៉ូលិសកោះស៊ូម៉ាត្រាខាងលិចបាននិយាយថាមានជនជាតិឥណ្ឌូនេស៊ីជាច្រើននាក់បានប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារថាពួកគេបារម្ភថាអ្នកឡើងភ្នំចុងក្រោយប្រហែលត្រូវបានស្លាប់ហើយ។

គាត់បានបញ្ជាក់ថា “មានមនុស្សចំនួន ២៣ នាក់ត្រូវបានគេដាក់ការសង្ស័យថាប្រហែលត្រូវបានស្លាប់ហើយ។ យើងអធិស្ឋានសូមឲ្យពួកគេទាំងនោះអាចត្រូវបានយើងជួយសង្គ្រោះឲ្យបានទាន់ពេលវេលាក៏ប៉ុន្តែយើងនៅតែមិនអាចធ្វើបានដដែលមានតែព្រះ និងធម្មជាតិទេជាអ្នកសម្រេចលើជោគវាសនារបស់ពួកគេទាំនោះ” ។

អ្នកកាសែត AFP បាននិយាយថា ម៉ារ៉ាពី ដែលប្រែថា “ភ្នំភ្លើង” នៅតែបញ្ចេញផ្សែងដេដាសបក់បោកឡើងលើមេឃនៅព្រឹកថ្ងៃពុធ នៅមុនពេលមានការផ្ទុះភ្នំភ្លើងមួយទៀតបន្ទាប់ពីពាក់កណ្តាលថ្ងៃត្រង់ វេលាម៉ោង 0500 GMT ម៉ោងនៅក្នុងស្រុក ។

ក្រុមភ្នាក់ងារដែលតាមឃ្លាំមើលហេតុការណ៏ភ្នំភ្លើងផ្ទុះនេះ ក៏បានរកឃើញមានការផ្ទុះភ្នំភ្លើងចំនួនប្រាំបន្ថែមទៀតកាលពីថ្ងៃអង្គារ ខណៈដែលការស្វែងរកកំពុងបន្តសកម្មភាព។

“អ្នកខ្លះលោតចេញ”

មានមនុស្សចំនួន ៥២ នាក់ត្រូវបានជួយសង្គ្រោះចាប់តាំងពីមានការផ្ទុះភ្នំភ្លើងនេះ ហើយអ្នកនៅរស់រានមានជីវិតមួយចំនួនបាននិយាយាទាំងភ័យស្លន់ស្លោអំពីហេតុការណ៏នេះ។

Ridho អាយុ ២២ ឆ្នាំបានប្រាប់ AFP ទាំងក្នុងសភាពដេកលើគ្រែនៅក្នុងមន្ទីរពេទ្យក្បែរនោះថា “ភ្នំភ្លើងផ្ទុះឡើងយ៉ាងខ្លាំង ខ្ញុំក្រឡេកមើលទៅក្រោយបន្ទាប់មកក៏រត់ចេញភ្លាមៗតែម្តងចំណែកអ្នកខ្លះបានលោតចុះមកខាងក្រោម។ ខ្ញុំបានយកផ្ទាំងថ្មមកបាំងពីលើខ្លួនមិនមានដើមឈើនៅទីនោះទេ”។

Suharyono បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា មានអ្នកឡើងភ្នំពីរនាក់ក្នុងចំណោម ៧៥ នាក់គឺជាមន្ត្រីប៉ូលិស ដែលម្នាក់ក្នុងចំណោមនោះបានរួចផុតជីវិត។ គាត់​សង្ស័យថា​ម្នាក់​ទៀតទំនងជា​ត្រូវ​បាន​​ស្លាប់។ គាត់បាន​បន្ត​ថា​៖ “ ​ពួកគេ​ទាំង​ពីរ​គ្រាន់តែ​ចង់​ឃើញ​ភ្នំភ្លើង​ប៉ុណ្ណោះ”​។

“មានម្នាក់ក្នុងចំណោមអ្នកដែលនៅរស់រានមានជីវិតហើយបានរងរបួសដៃកំពុងត្រូវបានព្យាបាលដោយគ្រូពេទ្យ។ចំណែកម្នាក់ទៀតយើងសង្ស័យថាប្រហែលជាគាត់បានស្លាប់ហើយតែនៅរង់ចាំការបញ្ជាក់បន្ថែមទៀត” ។

​លោក Hendra Gunawan ដែលជាប្រធានទីភ្នាក់ងារឃ្លាំមើលភ្នំភ្លើងឥណ្ឌូណេស៊ី បានថ្លែងថា​ភ្នំភ្លើង         Marapi ស្ថិតនៅក្នុងកម្រិតទីពីរនៃប្រព័ន្ធប្រកាសអាសន្នចំនួន ៤ បើគិតចាប់តាំងពីឆ្នាំ ២០១១ មកហើយនៅមានតំបន់ដែលមិនរាប់បញ្ចូលដែលមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រត្រូវបានដាក់សញ្ញានៅតាមជុំវិញមាត់ជ្រោះជុំវិញតំបន់ទាំងនោះ។

គាត់បានដាក់ការស្តីបន្ទោសចំពោះអ្នកឡើងភ្នំបន្ទាប់ពីមានការផ្ទុះ​ភ្នំភ្លើងដោយសារអ្នកទាំងនោះបានចូលទៅកៀកនឹងរណ្ដៅភ្នំភ្លើងខ្លាំងពេក លោកបានបញ្ជាក់ថាភ្នាក់ងាររបស់គាត់បានណែនាំអ្នកទាំងនោះមិនឲ្យធ្វើសកម្មភាពនៅក្នុងតំបន់ទាំងនោះទេ។

តួលេខជាផ្លូវការនៃចំនួនអ្នកឡើងភ្នំដែលបានផ្តល់ដោយទីភ្នាក់ងារគឺដកស្រង់ចេញពីប្រភពនៃប្រព័ន្ធចុះឈ្មោះរបស់ពួកគេតាមអ៊ីនធឺណិត ក៏ប៉ុន្តែមន្ត្រីបានព្រមានថា អាចមានច្រើនទៀតដែលជាអ្នកឡើងភ្នំដោយខុសច្បាប់ព្រោះមិនបានចុះឈ្មោះដើម្បីបង់ប្រាក់សេវាកម្ម។

លោក Suharyono បាននិយាយថា “ប្រហែលជាមានអ្នកឡើងភ្នំដែលមិនបានចុះឈ្មោះហើយអ្នកឡើងភ្នំទាំងនោះគឺខុសច្បាប់ព្រោះពួកគេមិនចង់បង់ប្រាក់សេវាកម្មនោះទេ”។

ប្រទេសឥណ្ឌូណេស៊ីបានជួបប្រទះនឹងគ្រោះរញ្ជួយដី និងសកម្មភាពភ្នំភ្លើងផ្ទុះជាញឹកញាប់ ដោយសារតែតំបន់ទាំងនោះស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ជួរភ្នំភ្លើងដែលជាកន្លែងប៉ាតុភូត tectonic បុកគ្នា។

Marapi គឺជាភ្នំភ្លើងដ៏សកម្មបំផុតនៅលើកោះស៊ូម៉ាត្រា និងជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មជាង ១៣០ នៅតំបន់ប្រជុំកោះឥណ្ឌូនេស៊ី៕

ប្រភព៖ AFP