អន្តរជាតិ

អាមេរិកផ្អាកការហោះហើរយន្តហោះ V-22 Osprey បន្ទាប់ពីមានរឿងធ្លាក់នៅជប៉ុន

ប្រែសម្រួល៖ សហការី

នៅថ្ងៃពុធទី ៦ ធ្នូ សហរដ្ឋអាមេរិកបាននិយាយថាយន្តហោះ V-22 Osprey ត្រូវបានបញ្ឈប់ការហោះហើរបន្ទាប់ពីមានបទពិសោធធ្លាក់កាលពីសប្តាហ៍មុននៅឯឆ្នេរសមុទ្ររបស់ជប៉ុនដែលបានសម្លាប់មនុស្ស ៨ នាក់នៅលើយន្តហោះ។

ទីបញ្ជាការរបស់កងទ័ពអាកាសអាមេរិកទទួលបន្ទុកប្រតិបត្តិការពិសេសបានចេញសេចក្តីថ្លែងការណ៍ថា “យោងតាមរបាយការណ៏ស៊ើបអង្កេតបឋមលើឧបទ្ទវហេតុធ្លាក់យន្តហោះ V-22 Osprey បានបង្ហាញពីសភាពមិនប្រក្រតីរបស់យន្តហោះប៉ុន្តែមូលហេតុស៊ីជម្រៅលើបញ្ហានេះគេនៅមិនទាន់បញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ” ។

យន្តហោះ tilt-rotor ផលិតដោយ Boeing និង Bell Helicopters ត្រូវបានធ្លាក់ក្នុងអំឡុងពេលបេសកកម្មហ្វឹកហ្វឺនជាប្រចាំកាលពីសប្តាហ៍មុននៅលើកោះ Yakushima មានចម្ងាយប្រហែល ១,០៤០ គីឡូម៉ែត្រនៃភាគនិរតីក្នុងរដ្ឋធានីតូក្យូ។

ក្រុមហ៊ុន Boeing បានឲ្យដឹងថា យ៉ាងហោចណាស់មានយន្តហោះដឹកជញ្ជូនចំនួន ៤០០ គ្រឿងត្រូវបានប្រើប្រាស់ក្នុងវិស័យនេះ និងត្រូវបានប្រើប្រាស់ជាចម្បងដោយកងទ័ពអាកាស កងម៉ារីន និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនក៏មានកងនាវាតូចមួយដែលមានវត្តមានរបស់យន្តហោះ Ospreys នេះផងដែរ។

ប្រទេសជប៉ុនបានបញ្ឈប់ការហោះហើរយន្តហោះ V-22 របស់ខ្លួនភ្លាមៗបន្ទាប់ពីមានបទពិសោធក្នុងការធ្លាក់កន្លងមក។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានផ្អាកការហោះហើរយន្តហោះ Osprey នៅក្នុងអង្គភាពដែលមានយន្តហោះធ្លាក់រួចរាល់ហើយ ប៉ុន្តែគេបាននិយាយថា យន្តហោះផ្សេងទៀតនឹងបន្តហោះហើរបន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាពរួចរាល់។

វាមិនមែនជារឿងចម្លែកទេសម្រាប់កងយោធាអាមេរិកក្នុងការបញ្ឈប់កិច្ចប្រតិបត្តិការកងនាវាទាំងមូល ជាពិសេសបន្ទាប់ពីមានឧបទ្ទវហេតុធ្លាក់យន្តហោះស្លាប់។ អ្នកនាំពាក្យក្រសួងការពារជាតិរបដស់ជប៉ុនបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះរបស់ខ្លួននៅតែបន្តការហោះហើរជាធម្មតា។

ការដាក់ពង្រាយយន្តហោះប្រភេទ V-22 Osprey នេះនៅប្រទេសជប៉ុនឃើញថាមានភាពចម្រូងចម្រាស ដោយមានអ្នករិះគន់អំពីវត្តមានកងយោធាអាមេរិកនៅក្នុងតំបន់ប្រជុំកោះភាគនិរតីរបស់ប្រទេសនេះថាយន្តហោះប្រភេទ V-22 Osprey វាងាយនឹងមានគ្រោះថ្នាក់។

AFSOC បាននិយាយថា “ការផ្អាកហោះហើរសម្រាប់យន្តហោះប្រភេទ V-22 Osprey នេះនឹងផ្តល់ពេលវេលាសម្រាប់ការស៊ើបអង្កេតឲ្យបានហ្មត់ចត់ដើម្បីកំណត់កត្តាបង្កហេតុសម្រាប់ផ្តល់ជាអនុសាសន៍ផ្សេងៗ ដើម្បីធានាដល់កងនាវាទ័ពអាកាស CV-22 អាចបន្តប្រតិបត្តិការហោះហើឡើងរវិញ” ។

យោងតាមមូលនិធិសុវត្ថិភាពហោះហើររបស់អាមេរិក យ៉ាងហោចណាស់មានបុគ្គលិកចំនួន ៥០ នាក់បានស្លាប់ដោយសារមានការធ្លាក់យន្តហោះនៅក្នុងពេលបំពេញកិច្ចប្រតិបត្តិការ ឬនៅក្នុងការហោះហើរសាកល្បងសមត្ថភាពរបស់យន្តហោះ។ បុគ្គលិកយោធាជាង ២០ នាក់ដែលបានស្លាប់ទាំងនោះសុទ្ធតែកើតឡើងចាប់តាំងពីយន្តហោះ V-22 ត្រូវបានដាក់ឲ្យចូលបម្រើការហោះហើរកាលពីឆ្នាំ ២០០៧។

កាលពីខែសីហាមានបុគ្គលិកយោធាមកពីកងម៉ារីនអាមេរិកបីនាក់ត្រូវបានស្លាប់នៅក្នុងការធ្លាក់ Osprey នៅឯឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសអូស្ត្រាលី ខណៈពេលដែលកំពុងដឹកជញ្ជូនកងទ័ពធ្វើសមយុទ្ធយោធាជាប្រចាំ។

មានបុគ្គលិកយោធាអាមេរិកចំនួន ៤ នាក់ត្រូវបានស្លាប់នៅពេលដែលយន្តហោះ Osprey បានធ្លាក់នៅក្នុងឆ្នាំ ២០២២ ក្នុងតំបន់ដាច់ស្រយាលមួយកន្លែងនៃភាគខាងជើងប្រទេសន័រវេសនៅខណ:ពេលដែលធ្វើសមយុទ្ធយោធារបស់អង្គការណាតូ៕

ប្រភព៖ Reuters