អន្តរជាតិ

អាជ្ញាធរម៉ាឡេស៊ីបានសម្រេចដាក់អន្ទាក់ចាប់សត្វខ្លាដែលបានសម្លាប់មនុស្សជាច្រើននាក់

ប្រែសម្រួល៖ សហការី

នៅថ្ងៃព្រហស្បតិ៍ ទី៧ ធ្នូ មន្ត្រីអភិរក្សសត្វព្រៃបាននិយាយថា ម៉ាឡេស៊ីបានចាប់ផ្តើមដាក់អន្ទាក់ចាប់យកខ្លាំក្នុងគោលបំណងផ្លាស់ប្តូរទីតាំងរបស់ពួកវាដោយសារតែនៅក្នុងរយៈពេលពីរខែកន្លងមកនេះមានមនុស្សចំនួន៣នាក់ត្រូវបានខ្លាខាំស្លាប់។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះមន្ត្រីអភិរក្សសត្វព្រៃបានរាយអន្ទាក់ទ្រុងចំនួន ១១ និងកាមេរ៉ាចំនួន ២០ ក្នុងតំបន់ព្រៃនៃស្រុក Gua Musang រដ្ឋ Kelantan ភាគឦសានប្រទេសដែលជាកន្លែងខ្លាបានវាយប្រហារលើមនុស្សកាន់តែច្រើនឡើង។

ប្រធាននាយកដ្ឋានសត្វព្រៃ និងឧទ្យានជាតិក្នុងរដ្ឋ Kelantan លោក Mohamad Hafid Rohani បានប្រាប់ AFP ថា ចាប់តាំងពីឆ្នាំ ២០២១ មកទល់នឹងពេលនេះមានការវាយប្រហារដោយសត្វខ្លាចំនួនប្រាំលើកដែលបណ្តាលឲ្យមនុស្សចំនួន ៤ នាក់បានស្លាប់នៅក្នុង ស្រុក Gua Musang ។

មានការ​ខាំសម្លាប់មនុស្សអស់​បី​នាក់​បានកើតឡើងនៅ​ក្នុង​ខែ​តុលា និង​ខែ​វិច្ឆិកា​ឆ្នាំ​នេះ។

លោក Hafid បាននិយាយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយបានឮដំណឹងដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលសត្វខ្លាបានខាំសម្លាប់មនុស្សក្នុងចំនួនច្រើនបែបនេះ។

អន្ទាក់ដែលជាទ្រុងរាងចតុកោណរុំដោយស្លឹកត្នោតដែលស៊ីគ្នានិងស្ថានភាពក្នុងព្រៃត្រូវបានច្នៃឡើងហើយបានដាក់ពង្រាយនៅត្រង់តំបន់ “ក្តៅ” ដែលតែងតែមានការវាយប្រហារដោយសត្វខ្លាជាញឺកញាប់។

មួយ​កន្លែងទៀតត្រូវ​បាន​គេ​ពង្រាយអន្ទាក់​ក្នុង​ចម្ការ​ដូង​ប្រេង។

ពពែ​រស់​ត្រូវ​បាន​គេ​ដាក់បញ្ឆោតខ្លានៅ​ក្នុង​ទ្រុងមួយនៅ​ក្បែរ​នោះ ដើម្បី​ទាក់ទាញ​សត្វខ្លា​ឲ្យធំក្លិនហើយធ្លាក់​ចូល​​អន្ទាក់​​។

ខ្លា​ប្រភេទ ម៉ា​ឡេ​យ៉ា​ន ត្រូវបាន​​​ក្រុម​ការពារ​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិចាត់ទុកថាជា​ប្រភេទខ្លា​ដែលជិត​ផុត​ពូជ​​។

WWF Malaysia ប៉ាន់ប្រមាណថា មានសត្វខ្លាតិចជាង ១៥០ ក្បាលដែលនៅសេសសល់ក្នុងព្រៃ។

Hafid បាននិយាយថាសត្វខ្លាចំនួន ៣៥ ក្បាលត្រូវបានគេប៉ាន់ស្មានថាកំពុងរស់នៅក្នុងរដ្ឋ Kelantan ។

ការវាយប្រហារដោយសត្វខ្លាមកលើមនុស្សគឺកម្រណាស់ ប៉ុន្តែឧប្បត្តិហេតុបែបនេះត្រូវបានគេដឹងថាវាកើតឡើងនៅក្នុងតំបន់ដែលមានការកើនឡើងនូវការរំលោភបំពានលើជម្រករបស់សត្វទាំងនោះ។

លោក Hafid បាននិយាយថាកាលពីខែមុនថា សត្វខ្លាញីមួយក្បាលត្រូវបានជាប់អន្ទាក់ ហើយត្រូវបាននាំយកទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃជាតិក្នុងរដ្ឋ Perak ដែលនៅជិតនោះ។

ប៉ុន្តែលោក Hafid មិនប្រាកដថាតើសក្វខ្លាញីនេះបានវាយប្រហារលើមនុស្សដែរឬយ៉ាងណានោះទេ”។

“ស្ថានភាពសោកសៅ”

លោក Sik Choon Foo អធិការប៉ូលិសក្រុង Gua Musang បាននិយាយថា មានមនុស្សពីរនាក់ដែលត្រូវបានខ្លាខាំសម្លាប់ចាប់តាំងពីឆ្នាំ ២០២១ ពួកគេជាកម្មករចម្ការ ខណៈដែលអ្នករងគ្រោះផ្សេងទៀតគឺជាអ្នកស្រុក។

លោក Choon Foo បានបញ្ជាក់តាមការពិនិត្យដានជើងរបស់វារួមទាំងការការពិនិត្យលើសាកសពជនរងគ្រោះគេបានដាក់ការសង្ស័យថាខ្លាញីមួយក្បាលនេះជាអ្នកវាយប្រហារលើជនរងគ្រោះ។

លោក Hafid បានបន្តថា សត្វខ្លាញីមួយក្បាល ដែលរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងខែកក្កដា ឆ្នាំ ២០២១ ត្រូវបានគេចាប់បានហើយបញ្ជូនទៅកាន់ទីជម្រក។

គាត់បាននិយាយថា ប៉ុន្តែខ្លាមួយក្បាលទៀតបានធ្វើការវាយប្រហារដ៏សាហាវលើមនុស្សនៅក្នុងខែមករា ឆ្នាំ ២០២២ ត្រូវបានគេបាញ់សម្លាប់ បន្ទាប់ពីវាបានហក់សំដៅទៅរកមន្ត្រីអភិរក្សសត្វព្រៃ។

មន្ត្រី​អភិរក្សសត្វ​ព្រៃ​បាន​ព្រមាន​អ្នក​ស្រុក​ឲ្យ​នៅ​ក្នុង​ផ្ទះ ឬ​ប្រសិនបើចេញ​ទៅ​ក្រៅត្រូវដើរ​ជា​ក្រុម។

 

សត្វខ្លាម៉ាឡាយ៉ាប្រហែល ៣,០០០ ក្បាលធ្លាប់ដើរពាសពេញព្រៃកាលពីទសវត្សរ៍ឆ្នាំ ១៩៥០ ហើយខ្លាធំត្រូវបានចាត់ទុកថាជាសត្វរបស់ជាតិសម្រាប់ប្រទេសម៉ាឡេស៊ី។

ប៉ុន្តែ​ចំនួន​​សត្វខ្លា​បាន​ធ្លាក់​ចុះនៅ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍កន្លងមកនេះដោយសារ​ការ​បាត់បង់​ទីជម្រក​និង​ការ​ពង្រីក​វិស័យ​កសិកម្ម ព្រម​ទាំង​ការ​បរបាញ់ផងដែ។

លោក Mark Rayan Darmaraj នាយកសមាគមអភិរក្សសត្វព្រៃ បាននិយាយថា ហេតុផលមួយដែលធ្វើឲ្យខ្លាវាយប្រហារមកលើមនុស្សអាចជាការថយចុះនៃចំនួនជ្រូកព្រៃ ដែលជាចំណីរបស់សត្វខ្លាដ៏សំខាន់មួយ និង ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក។

Rayan បាននិយាយថា វិធានការផ្លាស់ទីលំនៅរបស់សត្វខ្លាធំគឺជា “ស្ថានភាពដ៏សោកសៅ” ប៉ុន្តែវាគឺជា “វិធានការជាក់ស្តែងបំផុត” សម្រាប់សត្វដែលត្រូវបានគេដឹងថាជាសត្វកាចសាហាវដែលតែងតែវាយប្រហារ ឬសម្លាប់មនុស្ស និង ដើម្បីរក្សាសត្វសាហាវទាំងនេះឲ្យនៅឆ្ងាយពីមនុស្ស៕

ប្រភព៖ AFP