សន្ដិសុខសង្គម

សមត្ថកិច្ចរំដោះស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ចេញពីការបង្ខាំងជាច្រើនថ្ងៃរបស់បងប្រុសផ្ទុកសារធាតុញៀន

បាត់ដំបង: សមត្ថកិច្ចក្រុងបាត់ដំបងបានរំដោះស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ចេញពីក្នុងផ្ទះក្រោយមានការបង្ខាំងពីបងប្រុសដែលឋិតក្រោមឥទ្ធិពលសារធាតុញៀន។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា÷ ករណីបង្កការភ័យខ្លាចបង្ខាំងប្អូនស្រី និងបង្កការព្រួយបារម្ភដល់អ្នកភូមិពេញភូមិនេះបានកើតឡើងនៅវេលាម៉ោងជាង១១:០០នាទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី០៦ ក្នុងភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា÷ ជនបង្កជាបងប្រុសបង្កើតឈ្មោះខៀវ សារិទ្ទ ហៅ ពោយ ភេទប្រុស អាយុ៣៨ឆ្នាំមានប្រវត្តិប្រើប្រាស់សារធាតុញៀនយ៉ាងជោកជំ ចំណែកប្អូនស្រី( មិនស្គាល់ឈ្មោះ )មានផ្ទៃពោះជិតគ្រប់ខែ ទាំងពីរនាក់រស់នៅចំណុចកើតហេតុខាងលើជាមួយគ្នា។ ក្រោយមានការភ្ញាក់ផ្អើលបញ្ហាបង្កហេតុបង្ខាំងប្អូនស្រីរបស់ខ្លួនជាច្រើនថ្ងៃនៅក្នុងផ្ទះ ជនបង្កបាន បញ្ចេញសកម្មភាពខឹងក្រោធយ៉ាងខ្លាំង ហើយបានរត់កាន់កាំបិតខ្វែវស្រែកផ្អើលអ្នកភូមិពេញភូមិជាហេតុនាំឲ្យមានការអ្នកភ័យខ្លាចពីសុវត្ថិភាពគ្រប់ៗគ្នា។

រីឯនារីជនរងគ្រោះដែលត្រូវជាប្អូនស្រីរបស់ជនសង្ស័យបានបញ្ជាក់ថា÷ បងប្រុសរបស់ខ្លួនកន្លងមកធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារចំនួនពីរលើករួចមកហើយពាក់ព័ន្ធនឹងករណីលួច និងប្រើអំពើហិង្សា រហូតលើកចុងក្រោយបានចាប់បង្ខាំងរូបគាត់ជាច្រើនថ្ងៃមិនចេញក្រៅពីផ្ទះព្រោះខ្លាចមានបញ្ហាសុវត្ថិភាព។

ក្រោមការស្ទាក់ស្វែងរកតាមគោលដៅជាច្រើនក្នុងភូមិ ជនសង្ស័យត្រូវកម្លាំងអន្តរាគមន៍ក្រុងឃាត់ខ្លួនបាន រួចនាំយកទៅសាកសួរនៅផ្នែកជំនាញ រួចបានបញ្ជូនជនសង្ស័យភ្លាមៗទៅកាន់មណ្ឌលកែប្រែបន្សាបសារធាតុញៀននៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបងតែម្តង៕