អន្តរជាតិ

រំពឹងទុកថាអ្នកធ្វើដំណើរតាមយន្តហោះអាចនឹងកើនឡើងដល់៤.៧ពាន់លាននាក់នៅក្នុងឆ្នាំ២០២៤

ប្រែសម្រួល៖សហការី

សមាគមពាណិជ្ជកម្មនិងឧស្សាហកម្មដឹកអ្នកដំណើរតាមជើងយន្តហោះបាននិយាយកាលពីថ្ងៃពុធទី 6 ធ្នូ ថា ទោះបីជាប្រាក់ចំណេញនៅតែជាកង្វល់ក៏ដោយក៏ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលបានព្យាករថានឹងទទួលបានអ្នកដំណើរក្នុងចំនួនជាង៤.៧ ពាន់លាននាក់នៅក្នុងឆ្នាំ ២០២៤ ខណៈដែលកន្លងមកវិស័យនេះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសាជំងឺរាតត្បាត COVID-១៩ ។

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិហៅថា IATA នៅក្នុងការពិនិត្យឡើងវិញតាមទម្លាប់របស់ខ្លួនចំពោះនិន្នាការឧស្សាហកម្មដឹកអ្នដំណើរនៅពេលដែលឆ្នាំថ្មីកាន់តែខិតជិតមកដល់បានថ្លែងថា គំរូនៃកំណើនជាធម្មតានៅមានកើនឡើងថែមទៀតនេះគឺជាការរំពឹងទុកដោយចាប់ផ្តើមពីពេលនេះទៅក្នុងខណ:ពេលដែលវិស័យនេះបានងើបឡើងវិញស្មើនឹងមុនការរាតត្បាតរបស់ COVID-១៩ ។

លោកអគ្គនាយក IATA លោក Willie Walsh បាននិយាយថា “មនុស្សចូលចិត្តធ្វើដំណើរហើយបានជួយដល់ក្រុមហ៊ុនអាកាសចរណ៍ឲ្យត្រឡប់មកភាពដើមវិញដូចកាលនៅមុនពេលដែលមានការរាតត្បាតដោយជំងឺ” ខណៈដែលស្ថាប័ននេះបានព្យាករថានឹងទទួលបានមនុស្សជាង ៤.៧ ពាន់លាននាក់នៅក្នុងឆ្នាំ ២០២៤ ។

IATA បានកត់សម្គាល់ថាការព្យាករនេះគឺជា “កម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រដែលលើសពីមុនពេលកើតជំងឺរាតត្បាតដែលមានកំណើនដល់ទៅ ៤.៥ ពាន់លាននាក់ដែលត្រូវបានគេកត់ត្រាទុកនៅក្នុងឆ្នាំ ២០១៩” ។

សម្រាប់ឆ្នាំនេះ គេរំពឹងថាមានអ្នកដំណើរចំនួន ៤.២៩ ពាន់លាននាក់ ដែលជាការធ្លាក់ចុះតិចតួចបើធៀបនឹងការព្យាករកាលពីខែមិថុនាដែលមានចំនួន ៤.៣៥ ពាន់លាន។

Walsh បាននិយាយថា “ល្បឿននៃការងើបឡើងវិញគឺអស្ចារ្យណាស់” ប៉ុន្តែក៏បានកត់សម្គាល់ផងដែរថា “ជំងឺរាតត្បាតធ្វើឲ្យអាកាសចរណ៍មានការខាតបង់ប្រហែល ៤ ឆ្នាំ” ។

អាកាសចរណ៍បានរងទុក្ខយ៉ាងខ្លាំងដោយសារតែការរឹតបន្តឹងក្នុងការធ្វើដំណើរដែលប្រទេសនានាបានដាក់ក្នុងគោលបំណងពន្យឺតការរីករាលដាលនៃ COVID-១៩ ដែលក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានរលំដួលហើយក៏ឈប់ធ្វើអាជីវកម្ម ចំណែកក្រុមហ៊ុនផ្សេងទៀតត្រូវបានធានាដោយសារឧស្សាហកម្មនេះបានទទួលការខាតបង់រហូតដល់ ១៨៣ ពាន់លានដុល្លារក្នុងកំឡុងឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២៕

ប្រភព៖ AFP/lk