អន្តរជាតិ

បាញ់ប្រហារនៅសកលវិទ្យាល័យឡាសវេហ្គាសបណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់

ប្រែសម្រួល៖ បញ្ញា

នៅថ្ងៃ ទី ៧ ធ្នូ  ប៉ូលិសបាននិយាយថាមានខ្មាន់កំាភ្លើងបាញ់ប្រហារមួយនៅសាកលវិទ្យាល័យឡាសវេហ្គាសដែលបណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរចំណែកជនសង្ស័យក៏ត្រូវបានស្លាប់ផងដែរ។

មន្រ្តីប៉ូលីសនៅក្រុង Las Vegas បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមថាបើ “យោងតាមការស៊ើបអង្កេតរបស់ប៉ូលិសនៅកន្លែងកើតហេតុ ប៉ូលិសបានរកឃើញជនរងគ្រោះដែលត្រូវបានស្លាប់ចំនួន ៣ នាក់ និងជនរងគ្រោះដោយសារការបាញ់ប្រហារចំនួនម្នាក់ទៀតផងដែរដែលស្ថិតនៅក្នុងស្ថានភាពរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់” មន្រ្តីប៉ូលិសបានបន្ថែមថា “ជនសង្ស័យនៅក្នុងឧប្បត្តិហេតុនេះក៏ត្រូវបានស្លាប់ផងដែរ”។

រូបភាពដែលបានចាក់ផ្សាយតាមទូរទស្សន៍បានបង្ហាញឲ្យឃើញនូវរថយន្តរបស់ប៉ូលិសដែលកំពុងធ្វើដំណើរនៅជិតខ្សែរហ៊ុមព័ទ្ធបរិវេណកើតហេតុ។

ស្ត្រីម្នាក់បានប្រាប់ទូរទស្សន៍ក្នុងស្រុក KVVU ថាគាត់បានឮសំលេងផ្ទុះអាវុធយ៉ាងខ្លាំង ហើយគាត់ក៏បានរត់ចូលទៅក្នុងអគារមួយក្នុងបរិវេណសាលារៀនក្រោយមកគាត់ត្រូវបានប៉ូលិសជួយជម្លៀសចេញពីកន្លែងកើតហេតុ។

នាង​បាន​ប្រាប់​ភ្នាក់ងារទូរទស្សន៍ក្នុងស្រុក KVVU ​ថា​៖ “ ក្នុងខណ:ពេលដែលខ្ញុំ​ញ៉ាំ​អាហារ​ពេលព្រឹក​រួច​ស្រាប់តែ​ឮ​សំឡេង​​ផ្ទុះអាវុធ​ខ្លាំងៗតែម្តង​” ។

“ហើយបន្ទាប់មកប៉ូលិសក៏មានវត្តមាននៅទីនោះខ្ញុំក៏បានរត់ទៅពួននៅខាងក្នុងបន្ទាប់ពី ២ នាទីក្រោយមកសំឡេង​​ផ្ទុះអាវុធឮកាន់តែ​ច្រើនឡើងថែមទៀតដោយសាតែមានការបាញ់តគ្នាកាន់តែច្រើនឡើង។ ខ្ញុំក៏បានរត់ចូលទៅខាងក្នុងបន្ទប់ក្រោមដីមួយហើយក៏បាននៅក្នុងបន្ទប់ក្រោមដីនោះអស់រយៈពេល ជាង ២០ នាទី” ។

ប៉ូលិស​នៅមិន​ទាន់បាន​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ ឬ​ខ្មាន់កាំភ្លើងនិងមូលហេតុពិតប្រាកដនៃការបាញ់ប្រហានេះនៅឡើយ​ទេ ដោយ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ផ្តល់​ដំណឹង​ដល់​ញាតិមិត្ត​ព្រមទាំងបន្តការស៊ើបង្កេត។

សូមបញ្ជាក់ថា ការបាញ់ប្រហារទ្រង់ទ្រាយធំតែងតែកើតមានជាញឹកញាប់នៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសដែលមានកាំភ្លើងច្រើនជាងមនុស្ស ហើយជាកន្លែងដែលការប៉ុនប៉ងដើម្បីទប់ទល់នឹងការរីករាលដាលរបស់ពួកគេ តែងតែជួបជាមួយនឹងភាពរឹងប៉ឹង៕

ប្រភព៖ AFP