សន្ដិសុខសង្គម

ត្រចៀកជ្រួកបង្កកទម្ងន់ជិត១តោន ត្រូវសមត្ថកិច្ចចាប់យកដុតកម្ទេចចោល

ដោយ៖វិចិត្រ
ព្រៃវែង៖កម្លាំងនគរបាលស្រុកបាភ្នំ កាលពីថ្ងៃទី៦ ខែធ្នូឆ្នាំ២០២៣ បានចាប់ត្រចៀកជ្រួកបង្កកទម្ងន់៩០០គីឡូក្រាម ដែលឈ្មួញលួចនាំពីប្រទេសវៀតណាម ត្រូវសមត្ថកិច្ចយកដុតកម្ទេចចោលនៅជើងភ្នំ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។

មន្ត្រីជំនាញបានឱ្យដឹងថា ត្រចៀកជ្រូកបង្កកដែលឈ្មួញលួចនាំចូល ពីប្រទេសវៀតណាម
ចំនួន៩០កេសស្មើ៩០០គីឡូក្រាម ដោយខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត។ទំនិញនេះឈ្មួចលួចនាំចូលតាមច្រករបៀងស្វាយអាង៉ោង ដឹកតាមរថយន្តម៉ាកសាំយ៉ុងផ្លាកលេខ ភ្នំពេញ2-W 0967 ប្រុងយកទៅលក់ចែកចាយនៅភ្នំពេញ។

ពេលបើកមកដល់មុខប៉ុស្ដិ៍រដ្ឋបាលបឹងព្រះ ត្រូវកម្លាំងដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ ក៏ឃាត់រថយន្តនោះ ហើយក៏រកឃើញដឹកទំនិញខូចគុណភាព និងអត់មានលិខិតអនុញ្ញាតិ គឺលួចនាំចូលខុសច្បាប់ទើបនគរបាលប៉ុស្តិ៍យកប្រគល់ឱ្យនគរបាលស្រុកដើម្បីចាត់ការបន្ត។កម្លាំងនគរបាលស្រុកបាភ្នំ បានបញ្ជូនត្រចៀកជ្រូក និងរថយន្តឱ្យទៅខាងមន្ត្រីជំនាញ ក.ប.ប ខេត្តព្រៃវែង ដើម្បីយកដុតកម្ទេចចោល៕