សន្ដិសុខសង្គម

ជិត១០ថ្ងៃទៅហើយមិនទាន់ចាប់បាន អ្នកបើកឡានបុកបុរសម្នាក់ស្លាប់នៅកោះពេជ្រ

ភ្នំពេញ៖រថយន្តម៉ាកព្រូស បានបើកចូលរំវង់មូលក្នុងដំណើរបញ្ច្រាសទិស បានបុកម៉ូតូពេញទំហឹង ធ្វើឱ្យជនរងគ្រោះម្នាក់ស្លាប់ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ។រហូតមកដល់ពេលនេះមានរយៈពេល៨ថ្ងៃហើយ តែសមត្ថកិច្ចមិនទាន់ចាប់បានរថយន្ត និងតៃកុងនៅឡើយ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បង្កពីរថយន្តម៉ាកព្រូស ត្រង់រង្វង់មូលក្នុងមជ្ឈមណ្ឌលកោះពេជ្រ ម្តុំគល់ស្ពានកោះនរាត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីម៉ោងជាង៥ព្រឹកថ្ងៃទី៣០ វិច្ឆិកាឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ចាន់ ប៉េងលាង អាយុ៥៩ឆ្នាំ អ្នកលក់គ្រឿងសក្ការៈបូជា នៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ មុនកើតហេតុគេឃើញអ្នកជិះម៉ូតូម៉ាកគុបគ្មានផ្លាកលេខ ចេញពីផ្ទះទៅហាត់ប្រាណនៅកោះនរា។

មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តម៉ាកព្រូស ពណ៌សមិនចាំផ្លាកលេខ បានបើកក្នុងល្បឿនលឿនចូលរង្វង់មូលសួនច្បារ ដំណើរបញ្ច្រាសទិសក៏បុកម៉ូតូពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាម។ក្រោយបង្កហេតុរថយន្តក៏បានបើករត់គេចបាត់។

ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ ធ្វើឱ្យសមាជិកពួកគាត់បាត់បង់ជីវិត រហូតមកដល់ពេលនេះមានរយៈពេល៨ថ្ងៃហើយ សមត្ថកិច្ចមិនទាន់ចាប់បានរថយន្ត និងតៃកុងនៅឡើយទេ។ករណីនេះធ្វើឱ្យពួកគាត់កាន់តែជួបការលំបាក ព្រោះប្រពន្ធ ដែលកំពុងមានជំងឺមហារីកសុដនធ្ងន់ធ្ងរ និងប៉ះពាល់ខ្លាំងលើជីវភាពកូនៗ។

ក្រុមគ្រួសារសពបានសុំឱ្យសមត្ថកិច្ច មេតា្តជួយក្នុងការតាមរកចាប់ជនបង្ក ឱ្យខាងតែបានផងដើម្បីយកមកចាត់ការតាមច្បាប់៕