អន្តរជាតិ

ចិនថាទ័ពអាកាសខ្លួនបានព្រមានយន្តហោះល្បាតឈ្លបយកការណ៍អាមេរិកនៅលើច្រកសមុទ្រតៃវ៉ាន់

ប្រែសម្រួល៖សហការី

នៅថ្ងៃពុធ ទី៦ ធ្នូ  កងទ័ពចិនបានថ្លែងថា ពួកគេបានបញ្ជូនយន្តហោះចម្បាំងទៅត្រួតពិនិត្យ ដែនអាកាសរបស់ខ្លួននិងបានព្រមានយន្តហោះល្បាតឈ្លបយកការណ៍របស់កងទ័ពជើងទឹកអាមេរិក ដែលបានហោះពីលើច្រកសមុទ្រតៃវ៉ាន់ដែលជាតំបន់រសើបហើយគឺជាបេសកកម្មដែលត្រូវបានអនុវត្តឡើងក្នុងប៉ុន្មានសប្តាហ៍មុនកោះតៃវ៉ាន់រៀបចំការបោះឆ្នោត។

ប្រទេសចិនបានទាមទារអធិបតេយ្យភាពលើដែនកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ហើយបានអះអាងថាខ្លួនមានយុត្តាធិការគ្រប់គ្រងលើច្រកសមុទ្រតៃវ៉ាន់។ កោះតៃវ៉ាន់​និង​អាមេរិក​បានលើក​ឡើង​ថា​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​ផ្លូវ​ទឹក​អន្តរជាតិ។

កងនាវាចរទី៧របស់កងទ័ពជើងទឹកអាមេរិក បាននិយាយថា យន្តហោះល្បាតដែនសមុទ្រ P-8A Poseidon ដែលជាយន្តហោះឈ្លបយកការណ៍ត្រូវបានប្រើប្រាស់សម្រាប់បេសកកម្មប្រឆាំងនាវាមុជទឹកផងដែរនោះ បានហោះពីលើច្រកសមុទ្រតៃវ៉ាន់ក្នុងដែនអាកាសអន្តរជាតិ។

អាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការហោះហើរលើច្រកសមុទ្រតៃវ៉ាន់គឺក្នុងគោលដៅបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះឥណ្ឌូប៉ាស៊ីហ្វិកបើកលំហដោយសេរី ។

កងទ័ពជើងទឹកអាមេរិកប្រើប្រាស់សិទ្ធិហោះហើរ ធ្វើដំណើរ និងប្រតិបត្តិការនៅគ្រប់ទីកន្លែងក្រោមការអនុញ្ញាតរបស់ច្បាប់អន្តរជាតិ ” ។

យោធាចិនបានគូសបញ្ជាក់អំពីការហោះហើរនេះថាជា “ការឃោសនាបំផ្លើស” ដោយបានបន្ថែមថាកងទ័ពរបស់ខ្លួនបានបញ្ជូនយន្តហោះប្រយុទ្ធទៅត្រួតពិនិត្យដែនអាកាសរបស់ខ្លួននិងបានព្រមានយន្តហោះអាមេរិក “ដែលជាកិច្ចការពារអធិបតេយ្យភាពអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសចិន”។

មេបញ្ជាកាកងទ័ពរំដោះប្រជាជនចិនប្រចាំភូមិភាគខាងកើតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពដែលឈរជើងនៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួនតែងតែមានការប្រុងប្រយ័ត្នខ្ពស់ ហើយប្រកាន់គោលជំហរដោយឥតងាករេដើម្បីរក្សាការពារអធិបតេយ្យភាព និងសន្តិសុខជាតិ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់” ។

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា កងកម្លាំងរបស់ខ្លួនក៏បានត្រួតពិនិត្យការហោះហើររបស់យន្តហោះអាមេរិក នៅពេលដែលបានហោះនៅភាគខាងត្បូងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ហើយបានអះអាងថាមានស្ថានភាពជា “ធម្មតា”។

កងទ័ពជើងទឹកអាមេរិកបានប្រកាសថាយន្តហោះល្បាតឈ្លបយកការណ៍របស់កងទ័ពជើងទឹកអាមេរិក Poseidon បានហោះហើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅក្នុងខែតុលា ចំណែកចិនបានអះអាងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងទៅត្រួតពិនិត្យ និងធ្វើការព្រមានយន្តហោះល្បាតឈ្លបយកការរបស់កងទ័ពជើងទឹកអាមេរិក។

តៃវ៉ាន់​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​នៅ​ថ្ងៃ​ទី ១៣ មករា ដែល​ចិន​បាន​ព្រមានថាលទ្ធផលដែលកើតឡើងពីការបោះឆ្នោតគឺជាជម្រើស​រវាង​សង្រ្គាមហើយនិង​សន្តិភាព។

ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់អស់ងពេល ៤ ឆ្នាំហើយនៅគ្រាចុងក្រោយនេះឃើញថាមានទាំងការរៀបចំធ្វើសមយុទ្ធយោធាសម្រាប់ត្រៀមប្រយុទ្ធចំនួនពីរលើកក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ៕

ប្រភព៖ Reuters